ក្នុងប៉ុន្មានថ្ងៃនេះ អ្នកនាង គង់ សុត្រាវី ដែលត្រូវគេស្គាល់គឺជាម្ចាស់សម្អាងការម្កុដមាសខ្មែរ ទទួលបាននូវការសរសើរយ៉ាងខ្លាំង បន្ទាប់ពីអ្នកនាង បានក្លាយជាអ្នកឧបត្ថម្ភកម្មវិធីប្រកួតសម្រស់ធំមួយ ហើយត្រូវបានម្ចាស់កម្មវិធីលើកមុខលើកមាត់ក្នុងនាមជាអ្នកជ្រោមជ្រែងកម្មវិធី និងបន្ទាប់ពីអ្នកនាង បង្អួតមុខជំនួញជាច្រើនអមដោយការប្រកាសថា ជោគជ័យគ្រប់ផ្នែក។ អមដោយសារសរសើរពីសម្រស់ផង និង ពីជោគជ័យផង អ្នកនាងក៏ត្រូវអ្នកលេងហ្វេសប៊ុកមួយចំនួនចាប់អារម្មណ៍ឡើងវិញ ជុំវិញរឿងអាស្រូវដែលធ្លាប់កើតមានចំពោះអ្នកនាងនាពេលកន្លងមកនោះផងដែរ។ ការកម្រើកឡើងវិញនៅរឿងអាស្រូវដែលស្ងប់បាត់នេះ គឺអាចមកពីអ្នកនាងលេចធ្លោម្ដងទៀត នៅក្នុងបណ្ដាញសង្គមក្នុងប៉ុន្មានថ្ងៃនេះ។
មនុស្សតិចណាស់មិនដឹងពីរឿងអាស្រូវរបស់ អ្នកនាង គង់ សុត្រាវី កាលពីអំឡុងចុងខែវិច្ឆិកា ក្នុងឆ្នាំ2018 ដោយសារតែក្នុងពេលនោះ អ្នកនាងត្រូវគេទម្លាយរួបថតលើគ្រែជាមួយនឹងឧកញ៉ាល្បីឈ្មោះម្នាក់ ហើយក៏ត្រូវភរិយាស្របច្បាប់របស់លោកឧកញ៉ានោះ ទម្លាយសារ និង ឯកសារជាច្រើន បញ្ជាក់ថា អ្នកនាង មានបានដោយសារតែបានពាក់ព័ន្ធនឹងលុយច្រើនម៉ឺនដុល្លារ ដែលលោកឧកញ៉ានោះ បានបោកពីដៃគូជំនួញ។ មកទល់ពេលនេះ ឧកញ៉ាដែលអ្នកនាងមានរឿងអាស្រូវ នៅតែជាប់ផ្លូវច្បាប់ជុំវិញការបាត់លុយរាប់លានដុល្លារ បន្ទាប់ពីមានបណ្ដឹងដោយអ្នកនាង គង់ សុត្រាវី ក៏ត្រូវគេសង្ស័យថា គឺជាអ្នកទទួលផលពីប្រាក់ដែលបាត់រាប់លានដុល្លារផងដែរក្នុងពេលអ្នកនាង ត្រួវបានគេដឹងថា បានពាក់ព័ន្ធនឹងឧកញ៉ា ដែលមានបណ្ដឹងនោះ ទើបធ្វើអោយអ្នកនាងមានប្រាក់ខ្ទង់លានដុល្លារ បើកហាងកែសម្ផស្សផង និង ពង្រីកសម្អាងការផង។ អំឡុងពេលមានរឿងអាស្រូវនោះ ភរិយាស្របច្បាប់របស់លោកឧកញ៉ាដែលចោទថា អ្នកនាងគឺជាជនទី3 បានទាំងព្រមានប្ដឹងអ្នកនាងនិងសើរើទ្រព្យសម្បត្តិដែលអ្នកនាងមានក្នុងមុខជំនួញទាំងឡាយ ព្រោះតែចោទថាអ្នកនាងមានទ្រព្យច្រើនព្រោះតែឧកញ៉ានោះផ្ដល់ឱ្យនោះផង។ ដូច្នេះហើយ ទើបអ្នកនាង គង់ សុត្រាវី រងការអាម៉ាស់ដល់ថ្នាក់មិនតបត និង បាត់មុខពីក្នុងសង្គមមួយរយៈ ដោយសូម្បីតែគម្រោងសម្ពោធហាងកែសម្ផស្សដែលគ្រោងធ្វើឡើងនៅដើមឆ្នាំ2019 ក៏ត្រូវលុបចោល ហើយការចេញមុខក្នុងសកម្មភាពសង្គមនានាគឺមិនសូវដូចមុន។ អ្នកនាងទើបតែមានសកម្មភាពលេចមុខលេចមាត់ក្នុងមួយរយៈចុងក្រោយប៉ុណ្ណោះ ដោយក្នុងកម្មវិធីប្រកួតសម្រស់ធំមួយនៅផ្សារទំនើបAEon2 កាលពីថ្ងៃទី4 កញ្ញា ឆ្នាំ2020 គឺជាវេទិកាដែលជួយលើកមុខអ្នកនាង ឱ្យមានកិត្តិយសក្នុងស្រទាប់មហាជន តែក៏ជាវេទិកាដែលធ្វើឱ្យអ្នកនាង ត្រូវគេនឹកឃើញរឿងអាស្រូវដែលធ្លាប់បោកបក់ផងដែរ។
នៅលើហ្វេសប៊ុកផ្លូវការ អ្នកនាង គង់ សុត្រាវី កាលពីប៉ុន្មានម៉ោងមុនអ្នកនាងបានបង្ហាញពីមុខជំនួញជោគជ័យរបស់ខ្លួនទាំងមុខជំនួញសម្អាងការ ហាងកាត់ដេរ ហាងកែសម្ផស្ស និង ជំនួញធំៗផ្សេងទៀត ដោយទទួលបាននូវការស្ញើចសរសើរ។ ប៉ុន្តែទន្ទឹមនឹងការស្ញើចសរសើរ គេឃើញមនុស្សមួយចំនួនលើកឡើងនូវរឿងអាស្រូវរបស់អ្នកនាង យ៉ាងគួរឱ្យចាប់អារម្មណ៍។ យ៉ាងណាមិញ អ្នកនាង គង់ សុត្រាវី មិនតបត នឹងអ្នកគាស់រំលើងរឿងអាស្រូវដែលធ្លាប់កើតមានកន្លងមកនោះទេ ខណៈដែលអ្នកនាង បានត្រឹមតែរក្សាភាពស្ងាត់ស្ងៀម នៅពេលដំណឹងអាក្រក់រឿងញេចោទថា យកប្ដីគេ និង មានបានដោយសារឧកញ៉ាម្នាក់នោះផ្ដល់ឱ្យច្រើន ត្រូវបានគេគាស់កកាយឡើង។ អ្នកនាងក៏ទំនងនឹងរងការអាម៉ាស់ម្ដងទៀតផងដែរ បន្ទាប់ពីទើបតែលេចធ្លោរនៅក្នុងសង្គមជាន់ខ្ពស់ មិនទាន់បានប៉ុន្មានថ្ងៃផង ស្រាប់តែរឿងអាស្រូវកម្រើកមកបោកបក់បែបនេះ៕