ភ្នំពេញៈ វាមិនមែនជារឿងថ្មីទេក្នុងបរិបទកម្ពុជា ប៉ុន្តែវានៅតែជាប្រធានបទក្តៅក្នុងសេដ្ឋកិច្ចប្រទេសនេះទាក់ទងនឹងឥទ្ធិពលដុល្លារក្នុងសេដ្ឋកិច្ចកម្ពុជាដែលកាន់តែមានភាពប្រកួតប្រជែងខ្លាំង។
សេដ្ឋវិទូនានាបានលើកឡើងស្រដៀងគ្នាទាក់ទងនឹងបដិដុល្លារនីយកម្មក៏ដូចជាការលើកកម្ពស់ប្រាក់រៀលក្នុងសេដ្ឋកិច្ចជាតិដែរ។
លោក ង៉ែត ជូ ទីប្រឹក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច និងអភិវឌ្ឍន៍នៃក្រុមហ៊ុន Emerging Market Consulting បានថ្លែងថា ការប្រើប្រាស់ប្រាក់ដុល្លារក្នុងសេដ្ឋកិច្ចកម្ពុជាមិនទាន់មានសញ្ញាថាថមថយនៅឡើយទេ ព្រោះរដ្ឋាភិបាលកំពុងធ្វើកំណែទម្រង់ក្នុងដំណាក់កាលក្មេងខ្ចីមែនទែន ដែលធ្វើឲ្យដុល្លារនៅតែមានឥទ្ធិពលខ្លាំងក្នុងសេដ្ឋកិច្ចកម្ពុជា។ លោកបន្តថា ការប្រើប្រាស់ប្រាក់ដុល្លារវាធ្វើឲ្យរដ្ឋាភិបាល ឬធនាគារជាតិនៃកម្ពុជាពិបាកក្នុងការត្រួតពិនិត្យស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា និងធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាងាយរងគ្រោះពីការប្រែប្រួលនៃនិន្នាការសេដ្ឋកិច្ចពិភពលោក។
លោកបន្តថា “ការប្រើប្រាស់ប្រាក់ដុល្លារមានចំណុចអវិជ្ជមានច្រើនជាងការប្រើប្រាស់រូបិយប័ណ្ណជាតិ ព្រោះវាធ្វើឲ្យកម្ពុជាពិបាកក្នុងការប្រកួតប្រជែង ដែលបញ្ហានេះទាមទារឲ្យរដ្ឋាភិបាលចាត់វិធានការ និងមានយន្តការជាជំហានៗ និងធ្វើការងារប្រកបដោយប្រសិទ្ធភាព។ លោកបន្តថា “យើងមិនអាចបត់ (ធ្វើបដិដុល្លារ) លឿនពេកបាននោះទេ ព្រោះវានឹងមានផលប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចរបស់យើង។
លោក ង៉ែត ជូ បានបន្តថា ការកែទម្រង់នេះទាមទារយ៉ាងហោចណាស់រយៈពេលមធ្យម ឬរយៈពេលពី 3ទៅ 5ឆ្នាំ និងទាមទារឲ្យមានការស្រាវជ្រាវច្បាស់លាស់ មិនមែនដូចការលើកឡើងរបស់គណបក្សនយោបាយដែលចង់ធ្វើបដិដុល្លារនីយកម្មបានភ្លាមៗនោះទេ។ ប្រសិនជាធ្វើបែបនោះមែន វានឹងរងផលប៉ះពាល់ដល់សេដ្ឋកិច្ចខ្លាំង ព្រោះមូលធនរបស់យើងពីបរទេស គឺយកជាប្រាក់ដុល្លារ។
លោកបន្តថា “យើងមិនអាចយកឆន្ទៈមកអនុវត្តន៍តាមចិត្តនោះទេ វាត្រូវការពេលវេលា និងត្រូវការសិក្សាស្រាវជ្រាវតាមបែបវិទ្យាសាស្ត្រច្បាស់លាស់សិន។
ទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិលោកបណ្ឌិត ម៉ី កល្យាណ បានថ្លែងឲ្យដឹងផងដែរថា ការប្រើប្រាស់ប្រាក់ដុល្លារមានចំណុចវិជ្ជមាន និងអវិជ្ជមានច្រើនក្នុងសេដ្ឋកិច្ចរបស់កម្ពុជា ប៉ុន្តែប្រសិនជាគិតរយៈពេលវែង ដើម្បីអភិវឌ្ឍ និងបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា កម្ពុជាគួរតែធ្វើបដិដុល្លារនីយកម្មបណ្តើរៗ និងធ្វើឲ្យបានលឿនប្រសិនជាគិតពីជាតិនិយម និងកំណើនសេដ្ឋកិច្ចរយៈពេលវែង។ លោកបន្តថា មានការលើកឡើងថា ការប្រើប្រាស់ប្រាក់ដុល្លារជាការជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ ជួយទាក់ទាញអ្នកវិនិយោគ គឺត្រឹមត្រូវ! វាគឺជាផ្នែកមួយមិនអាចប្រកែកបាន ប៉ុន្តែបើនិយាយពីការប្រកួតប្រជែងវាជារឿងមួយផ្សេងទៀត។
លោកបណ្ឌិតបានបន្តថា “នៅពេលសេដ្ឋកិច្ចរបស់យើងប្រើប្រាស់ប្រាក់ដុល្លារ ហើយពេលដុល្លារឡើងថ្លៃធ្វើឲ្យទំនិញយើងនាំចេញមានតម្លៃថ្លៃដែលធ្វើឲ្យកម្រិតនៃភាពប្រកួតប្រជែងរបស់យើងធ្លាក់ចុះ។ លោកបន្តថា “យើងចាញ់ប្រៀបប្រទេសជិតខាងដែលគេប្រើប្រាស់រូបិយប័ណ្ណរបស់គេ ហើយកម្ពុជាប្រើប្រាស់ដុល្លារ គឺពិតណាស់យើងពិបាកប្រកួតប្រជែងជាមួយគេ។
ជាមួយគ្នានេះដែរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាក្នុងឱកាសបំពេញទស្សនកិច្ចនៅប្រទេសជប៉ុនចាប់ពីថ្ងៃទី6 ដល់9 ខែសីហាថ្មីៗនេះក៏បានលើកឡើងទាក់ទងនឹងសេដ្ឋកិច្ចកម្ពុជាដែលប្រើប្រាស់ប្រាក់ដុល្លារផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៅកាន់អ្នកវិនិយោគជប៉ុនក្នុងសិក្ខាសាលាស្តីពីការវិនិយោគដែលរៀបចំដោយសមាគមជប៉ុន កម្ពុជា និងអង្គការពា ណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) ថា កម្ពុជាមិនទាន់ធ្វើរៀលរូបនីយកម្មទេ មានតែលើកទឹកចិត្តឲ្យប្រើប្រាស់ប្រាក់រៀល ប៉ុន្តែក៏មិនបង្ខំឲ្យអ្នកវិនិយោគយកប្រាក់ដុល្លារដូរយកប្រាក់រៀលដែរ។ សម្តេចបន្តថា ដោយសារតែបងប្អូនខ្មែរនៅក្រៅប្រទេសបានប្រាក់ចូលមកកម្ពុជាក៏មានការប្រើប្រាស់ប្រាក់ដុល្លារ ប្រាក់ហ្វ្រង់របស់បារាំង ប្រាក់របស់ប្រទេសស្វ៊ីស និងប្រាក់របស់រុស្ស៊ីជាដើម ហើយជំនាន់អ៊ុនតាក់ ប្រាក់ដុល្លារបានចូលមកកម្ពុជាយ៉ាងគំហុក ក្នុងឆ្នាំ1992 និងឆ្នាំ1993។
សំដៅដល់ការធ្វើបដិដុល្លារនីយកម្ម សម្តេចតេជោបានថ្លែងថា “ខ្ញុំគិតថាមិនត្រូវប្រញាប់ប្រញាល់ពេកទេ កុំបង្ខំ ហើយខ្ញុំអាចគិតបានថា ពេលដែលវិបត្តិហិរញ្ញវត្ថុអាស៊ីបានចាប់ផ្តើមជាមួយនឹងការធ្លាក់ចុះតម្លៃប្រាក់បាតមានចំណែកមួយដែលជួយឲ្យកម្ពុជាមិនធ្លាក់ក្នុងវិបត្តិ គឺក្នុងពេលនោះក៏មានចំណែកដែលយើងខ្ញុំអនុញ្ញាតឲ្យទីផ្សារកាត់សេចក្តីតាមរយៈការប្រើប្រាស់រូបិយប័ណ្ណមួយណា។ សម្តេចបន្តថា “ការបើកទូលាយក្នុងការប្រើប្រាស់រូបិយប័ណ្ណបរទេស នៅទីផ្សារកម្ពុជាបានផ្តល់ផលប្រយោជន៍ និងផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរ ដោយពួកគេអាចកាន់ប្រាក់របស់ប្រទេសគេមកចាយវាយនៅកម្ពុជាបានដោយមិនចាំបាច់ប្តូរយកប្រាក់រៀលក៏បាន”៕