តើអ្នកគិតយ៉ាងណាដែរ នៅពេលជិតមានសមាជិកថ្មីម្នាក់កើតឡើងនៅក្នុងជីវិត និងក្នុងគ្រួសាររបស់អ្នក?។ អ្នកប្រហែលជាត្រេកអរខ្លាំងណាស់ និងប្រាកដក្នុងចិត្តបានតែម្ដងថា អ្នកត្រូវតែបំប៉នគភ៌មួយនេះយ៉ាងល្អបំផុត ហើយអ្វីដែលអ្នកនឹងធ្វើចំពោះកូនសម្លាញ់របស់អ្នកក្នុងអំឡុងពេលតាំងគភ៌នោះគឺ ការទទួលទានអាហារដែលល្អ និងមានប្រយោជន៍ដល់រាងកាយរបស់កូនដែលនៅក្នុងគភ៌។
អាហារដែលសំខាន់មិនអាចខ្វះបានឡើយបើអ្នកមានផែនការចង់បានបុត្រ នោះគឺការទទួលទានវីតាមីន និងបើចង់ឱ្យល្អបំផុតនោះ អ្នកគួរតែទទួលទានតាំងពីមុនពេលតាំងគភ៌ និងក្នុងអំឡុងពេលមានគភ៌ ហើយវីតាមីនដែលឡា រ៉ែនចង់ណែនាំឱ្យទទួលទាន មានដូចតទៅ ៈ
1 . អាស៊ីតហ្វូលិក
អាស៊ីតហ្វូលិក មានភាពសំខាន់ខ្លាំងណាស់សម្រាប់ស្រ្តីមានគភ៌គ្រប់រូប។ ស្រ្តីដែលមានផែនការចង់បានកូនគួរទទួលទានអាស៊ីតហ្វូលិកយ៉ាងតិចមុនពេលមានគភ៌ 1 – 3 ខែ និងបើដឹងថា ខ្លួនតាំងគភ៌ហើយ គួរតែទទួលទានភ្លាមតែម្ដង ព្រោះអាស៊ីតហ្វូលិកនឹងជួយកាត់បន្ថយភាពពិការតាំងពីពេលកើតដំបូងរបស់ទារកបាន។ ស្រ្តីអាចទទួលទានអាស៊ីតហ្វូលិកក្នុងរូបបែបជាថ្នាំ ឬអាហារក៏បាន អាស្រ័យលើភាពងាយស្រួល។ បើត្រូវការទទួលទានជាអាហារក៏មានដូចជា គ្រាប់សណ្ដែកខ្មៅ បន្លែស្លឹកបៃតង ស្លឹកផ្ទី និងថ្លើម ជាដើម។
2 . វីតាមីន C
បើស្រ្តីដែលចាប់ផ្ដើមតាំងគភ៌បានទទួលទានវីតាមីន C យ៉ាងត្រឹមត្រូវ នឹងជួយការពារការរលូតបុត្របាន និងបើចំពោះបុរសៗដែលត្រូវការចង់ឱ្យភរិយារបស់ខ្លួនមានកូនវិញនោះ ក៏គួរតែទទួលទានវីតាមីនឱ្យច្រើនៗដែរ ព្រោះវានឹងជួយបង្កើនបរិមាណទឹកអសុចិ និងធ្វើឱ្យមេជីវិតរឹងមាំទៀតផង។
3 . វីតាមីន E
វីតាមីន E សំខាន់ខ្លាំងណាស់ ទាំងស្រ្តី ទាំងបុរស។ សម្រាប់បុរស វីតាមីន E នឹងធ្វើឱ្យទឹកមេជីវិតរឹងប៉ឹង និងសម្រាប់មនុស្សស្រីនឹងធ្វើឱ្យចរន្តនៃការទម្លាក់ស៊ុតញីដំណើរការយ៉ាងប្រក្រតី។
4 . ជាតិស័ង្កសី
សំខាន់សម្រាប់ទាំងបុរស និងស្រ្តីគ្រប់រូបដូចគ្នា ព្រោះនឹងធ្វើឱ្យប្រព័ន្ធបន្តពូជធ្វើការបានល្អ និងការបំបែកខ្លួនរបស់កោសិកាធ្វើការបានយ៉ាងមានប្រសិទ្ធភាព។ ប្រភពអាហារដែលសម្បូរដោយសារធាតុសំខាន់មួយនេះមានដូចជា ទឹកដោះគៅជូរយ៉ាអួ សណ្ដែកខៀវ អយស្ទើរ៍ សាច់មាន់ បង្គាស្រស់ សាច់គោ គ្រាប់ល្ង និងគ្រាប់ល្ពៅ ជាដើម។
5 . វីតាមីន B6
ជួយគ្រប់គ្រងប្រព័ន្ធការទម្លាក់ស៊ុតឱ្យដំណើរការប្រក្រតីសម្រាប់ស្រ្តី និងចំពោះស្រ្តីមានផ្ទៃពោះដែលមានអាការចាញ់កូន អាចញ៉ាំវីតាមីន B6 ដើម្បីជួយសម្រាលអាការនេះបាន។ អាហារដែលមានវីតាមីន B6 ច្រើន មានដូចជា បន្លែផ្ទី មើមស្ពៃ ម្ទេស ខ្ទឹមស ទាំពាំងបារាំង ប្រូខូលី ត្រីធូណា បន្លែខាត់ណា សាច់ត្រី ថ្លើម ស្ពៃក្ដោម និងជីរបារាំង។
6 . អាហារដែលសម្បូរទៅដោយសារធាតុប្រឆាំងអនុមូលឥស្សរៈ
អាហារពពួកនេះនឹងជួយឃុំគ្រងស៊ុតញីរបស់ស្រ្តី និងមេជីវិតរបស់បុរសពីភាពខុសប្រក្រតីរបស់ប្រព័ន្ធក្រូម៉ូហ្សូម។ ប្រភពអាហារដែលសំខាន់គឺ បង្គាស្រស់ ផ្សិត ថ្លើម សាច់ត្រី សាច់ត្រីធូណា សាច់ត្រីសាល់ម៉ុន និងសាច់ត្រីឆ្ពង់។
7 . សារធាតុដែក
សារធាតុដែក ជាប្រភពអាហារសំខាន់ក្នុងការមិនធ្វើឱ្យលោកអ្នកកើតជំងឺលោហិតស្លេក និងសំខាន់ខ្លាំងណាស់សម្រាប់ស្រ្តីមានគភ៌។ ប្រភពអាហារដែលយើងរកសារធាតុនេះបានគឺ តៅហ៊ូ គ្រាប់សណ្ដែក បន្លែត្រកួន និងគ្រាប់ល្ពៅ។ល។
8 . អាស៊ីតខ្លាញ់ចាំបាច់ផ្សេងៗ
ដូចជា អូមេហ្កា 3 ជាដើម វានឹងជួយគ្រប់គ្រងកម្រិតអ័រម៉ូនរបស់ស្រ្តីមានគភ៌ ធ្វើឱ្យស្បូនរឹងមាំ ជួយដល់ប្រព័ន្ធឈាមរត់ កាត់បន្ថយសភាវប្រសូតមុនកំណត់ និងធ្វើឱ្យទម្ងន់ខ្លួនកូនល្អ។ ប្រភពអាហារសំខាន់ដែលសម្បូរទៅដោយអាស៊ីតខ្លាញ់ល្អ មានដូចតទៅ សណ្ដែលវ៉លណាត់ បង្គាស្រស់ ត្រីសាឌីន ត្រីធូណា ត្រីសាល់ម៉ុន គ្រាប់ហ្វ្លែកស៍ និងត្រីឆ្ពង់។
ស្រ្តីដែលកំពុងតាំងគភ៌ហើយ ឬកំពុងត្រៀមខ្លួនជិតមានគភ៌ បើចង់មានសុខភាពល្អ ក្រៅពីការទទួលទានអាហារហើយ នៅត្រូវហាត់ប្រាណគួបផ្សំផងដែរ។ សម្រាប់ស្រ្តីកំពុងមានគភ៌គួរប្រឹក្សាជាមួយគ្រូពេទ្យសិនមុននឹងចាប់ផ្ដើមទទួលទានអាហារបំប៉នណាមួយ និងមិនគួរទទួលទានច្រើនជ្រុលពេកនោះទេ។ អ្វីដែលសំខាន់ គួរចៀសវាងសភាវជ្រៀតជ្រែកពីរោគផ្សេងៗដែលអាចកើតឡើងបាន ដូចជា ការទទួលសារធាតុពុល ឬការប្រើថ្នាំប្រភេទខ្លះដែលមានផលប៉ះពាល់ជាមួយអ័រម៉ូនក្នុងរាងកាយ៕