ជំនឿដែលថា បើស្រ្តីមានផ្ទះពោះខឹងអ្នកណា ឬស្អប់អ្នកណា កូនកើតមកនឹងដូចម្នាក់នោះ វាអាចមើលទៅជារឿងមួយដែលស្រ្តិមានគភ៌មួយចំនួនក៏ជឿ តែខ្លះទៀតនិយាយថា វាមិនមានពាក់ព័ន្ធគ្នាទេ។
នៅក្នុងការពិតវីញ មូលហេតុដែលធ្វើឱ្យមានការនិយាយតៗគ្នាឡើងថា បើអ្នកមានផ្ទៃពោះស្អប់អ្នកណា កូនកើតមកនឹងស្រដៀងនឹងម្នាក់នោះ វាអាចជាឧបាយកលរបស់មនុស្សសម័យបុរាណដែលមិនចង់ឱ្យស្រ្តីមានផ្ទៃពោះមានសុខភាពផ្លូវចិត្តមិនល្អ និងមិនចង់ឱ្យមានភាពតានតឹង ធុញថប់ មួម៉ៅរហូតហុចផលមិនល្អទៅដល់ទារកនៅក្នុងគភ៌ហ្នឹងឯង។
– មែនឬអត់? ស្រ្តីមានគភ៌សម្លឹងមើលរូបថតមនុស្សដែលខ្លួនឯងពេញចិត្ត កូនកើតមកនឹងមានមុខមាត់ដូចមនុស្សម្នាក់នោះក្នុងផ្លូវផ្ទុយគ្នាវិញ ជំនឿដែលថា បើអ្នកមានផ្ទៃពោះសម្លឹងមើលរូបថតមនុស្សដែលខ្លួនឯងពេញចិត្ត ឬនឹកឃើញរឿងដែលខ្លួនឯងចូលចិត្ត កូនប្រសូតចេញមកក៏នឹងមានមុខមាត់ដូចមនុស្សម្នាក់នោះ ឬចូលចិត្ត និងមានទេពកោសល្យក្នុងរឿងដែលម្ដាយតែងនឹកឃើញញឹកញាប់កាលពីពេលតាំងគភ៌នោះឯង។ ជំនឿនេះ ក៏អាចជាឧបាយកលមួយទៀតរបស់ចាស់ៗបុរាណដែលចង់ឱ្យស្រ្តីមានគភ៌មានសុខភាពផ្លូវចិត្តដែលល្អ នឹកឃើញតែរឿងល្អៗនឹងបានសប្បាយចិត្តហ្នឹងឯង។
នៅក្នុងការពិតវិញ លក្ខណៈខាងរូបកាយរបស់កូននៅក្នុងផ្ទៃនោះ ត្រូវបានកំណត់ដោយមានតួហ្ស៊ែនជាច្រើនផ្គុំចូលគ្នា ដោយកូនតូចនឹងបានទទួលហ្ស៊ែនទាំងពីឪពុក និងម្ដាយ មិនមែនបានពីនរណាម្នាក់ផ្សេងឡើយ។ ទោះជាសម្លឹងមើលរូបថតមនុស្សដែលខ្លួនស្រឡាញ់ចូលចិត្តយូរប៉ុនណាក៏ដោយ ក៏មុខមាត់របស់កូនមិនខុសប្លែកពីហ្ស៊ែនដែលបានទទួលពីឪពុក និងម្ដាយដែរ។
អ៊ីចឹង តើចរិតនិស្ស័យរបស់កូនបានមកពីនរណា?
ចំណែកឯរឿងចរិតនិស្ស័យរបស់កូនវិញនោះ ទោះជាការចម្លងបន្តខាងពូជអម្បូរនឹងមានចំណែកកំណត់លក្ខណៈចរិតនិស្ស័យរបស់ក្មេងក៏ដោយ តែការចិញ្ចឹមមើលថែ និងសភាពបរិស្ថានជុំវិញខ្លួន ក៏ជាបច្ច័យចម្បងដែលហុចផលដល់ចរិតនិស្ស័យរបស់កូនបានដែរ។ ក្រៅពីនោះហើយ ការរស់នៅប្រចាំថ្ងៃរបស់ឪពុក និងម្ដាយ អ្នកចិញ្ចឹមមើលថែ ឬឧបនិស្ស័យផ្ទាល់ខ្លួនខ្លះៗក៏អាចហុចផលដល់ចរិតនិស្ស័យរបស់ក្មេងបានដែរ។ បើកូនកើតមកហើយ កូនមើលឃើញទង្វើដូចជា ម្ដាយចូលចិត្តរអ៊ូរទាំ ឬនិយាយដើមនរណាម្នាក់ កូនក៏អាចនឹងជ្រួតជ្រាបចរិតនិស្ស័យផ្សេងៗទាំងនោះតាមបានជាបណ្ដើរៗដូចគ្នា។
ទារកក៏ដូចជាក្រណាត់សដូច្នោះដែរ ការដែលក្មេងនឹងមានចរិតនិស្ស័យល្អ ឆ្លាត វាងវៃបាននោះ ក្រៅពីហ្ស៊ែនពូជរបស់ឪពុក និងម្ដាយហើយនោះ នៅត្រូវអាស្រ័យលើការចិញ្ចឹមមើលថែទាំដែលល្អ បរិស្ថានជុំវិញខ្លួនដែលល្អស័ក្តិសម និងការជំរុញដ៏ល្អពីក្រុមគ្រួសារផងដែរ៕