ភ្នំពេញ៖ សំរាមគឺជាប្រភពបង្កឱ្យមានមេរោគផ្សេងៗប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពមនុស្សទូទៅ ដែលទាមទារឱ្យមានការចូលរួមកាត់បន្ថយ និងកម្ចាត់សំរាមទាំងអស់គ្នា មិនថាប្រជាពលរដ្ឋ អាជីវករ ឬអាជ្ញាធរនោះទេ ដើម្បីរួមគ្នាសម្អាតទីក្រុង សម្អាតទីកន្លែងរស់នៅរបស់យើងឱ្យមានបរិយាកាសល្អ ផ្តល់នូវផាសុកភាព។
តាមរបាយការណ៍របស់សាលារាជធានីភ្នំពេញបានឱ្យដឹងថា យ៉ាងហោចមានសំរាមប្រមាណជា 2,000តោន ត្រូវបានគេដឹកចេញពីរាជធានីភ្នំពេញជារៀងរាល់ថ្ងៃដើម្បីយកទៅចាក់ចោលនៅទីកន្លែងជាយក្រុងដាច់ស្រយាល។ តែទោះជាយ៉ាងនេះក៍ដោយ ក៏សំរាមនៅតែជាបញ្ហាក្តៅដែលបង្កឱ្យមានការរិះគន់ទៅដល់អាជ្ញាធរនៅឡើយ ដោយសារតែសំរាមត្រូវបានគេមើលឃើញថា បានទុកចោលពាសវាលពាសកាលនៅតាមដងផ្លូវសាធារណៈ ឬតាមទីកន្លែងលក់ដូរនានា។
ដើម្បីកែប្រែសំរាមឱ្យកើតជាប្រយោជន៍ ក្រុមហ៊ុនក្នុងស្រុកមួយឈ្មោះថា គ្រួចស័កដាខូអិលធីឌីបាន និងកំពុងស្នើសុំសាលារាជធានីភ្នំពេញដើម្បីកែច្នៃសំរាមទៅជាជីសរីរាង្គសម្រាប់យកទៅចែកចាយដល់កសិករប្រកបរបរដាំដំណាំកសិកម្ម។ តែយ៉ាងណាក៏ដោយ ក្រុមហ៊ុនមានលទ្ធភាពអាចកែច្នៃសំរាមទៅជាជីសរីរាង្គបានចំនួនចាប់ពី70ទៅ150តោនតែប៉ុណ្ណោះក្នុងមួយថ្ងៃ និងត្រូវការផ្ទៃដីចំនួន4,000ម៉ែត្រការ៉េឯណោះដើម្បីធ្វើជាកន្លែងផលិតកម្មក្នុងប្រតិបត្ដិការវិនិយោគរបស់ខ្លួន។
ជាមួយគ្នានេះសាលារាជធានីភ្នំពេញនៅតែបន្ដលើកទឹកចិត្តដើម្បីមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ទាំងវិស័យឯកជន និងជាពិសេសចំពោះប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ត្រូវទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីឱ្យមានភាពងាយស្រួលដល់ការសម្អាត ប្រមូល និងដឹកជញ្ជូនសំរាមឱ្យកាន់តែមានប្រសិទ្ធភាព និងអំពាវនាឱ្យក្រុមហ៊ុននានាចូលរួមវិនិយោគ កែច្នៃសំរាមទៅជាជីសរីរាង្គឱ្យបានកាន់តែច្រើនថែមទៀត៕