តើមិត្តអ្នកអានជឿឬទេថា នៅពីក្រោយភាពជោគជ័យដ៏ធំធេងរបស់ “ជែក ម៉ា” មហាសេដ្ឋីលំដាប់លេខ 1 និងជាម្ចាស់របស់មហាយក្ស អុី-ខំម៊ើកស៍ អាលីបាបា មានភរិយាដ៏ស្រស់ស្អាត “ចាង យីង” ជាអ្នកនៅពីក្រោយខ្នងជួយសាប់ផតផ្នែកកម្លាំងចិត្ត និងនៅក្បែររូបគាត់ក្នុងគ្រប់ស្ថានការណ៍ ធ្វើឱ្យគាត់ទទួលបានភាពជោគជ័យក្នុងអាជីព និងក្លាយជាទីទទួលស្គាល់របស់មនុស្សទូទាំងពិភពលោកដូចសព្វថ្ងៃនេះ។
ទាំងគូជាមិត្តភ័ក្តិសម័យរៀនមហាវិទ្យាល័យជាមួយគ្នា និងរៀបការនឹងគ្នាភ្លាមតែម្ដងនៅពេលបញ្ចប់ការសិក្សា ដោយ ចាង យីង បានបង្ហើបឱ្យដឹងថា “ជែក ម៉ា មិនមែនជាមនុស្សរូបសង្ហាសោះឡើយ និងថែមទាំងដូចជារាងអាក្រក់បន្តិចទៀតផង តែរឿងដែលខ្ញុំពេញចិត្តចំពោះខ្លួនគាត់នោះគឺ គាត់អាចធ្វើអ្វីបានជាច្រើន ខណៈដែលបុរសរូបសង្ហាទាំងឡាយមិនចាប់អារម្មណ៍នឹងធ្វើ។ ខ្ញុំមិនបានសម្រេចចិត្តខុសឡើយ ធុរកិច្ចអាលីបាបារបស់គាត់ក្លាយជាវត្ថុដ៏មហស្ចារ្យក្នុងពិភពធុរកិច្ចអនឡាញ អ្នកណាៗក៏ហៅគាត់ថា “មហាមនុស្សនៃការបង្កើតមុខជំនួញ” ដែរ ដែលវាបានសាងនូវមោទនភាពចំពោះខ្ញុំខ្លាំងណាស់”។
ខាងក្រោមនេះគឺ 10 ចំណុចដាស់តឿនចិត្តរបស់ឧត្តមភរិយារបស់ ជែក ម៉ា ដែលត្រូវការប្រាប់ដល់ស្រ្តីទូទាំងពិភពលោក។
1 . ក្រោយពេលរៀបការ អ្នកនឹងប្ដូរឋានៈទៅជាឧត្ដមភរិយា និងជាម្ដាយរបស់កូនៗ។ ចូរកុំគិតតែពីចិត្តខ្លួនឯងដូចកាលពីសម័យមុនរៀបការ មើលថែទាំស្វាមី ថែទាំកូន ជួយជាកម្លាំងគាំទ្រដល់ស្វាមី។
2 . បើស្រឡាញ់ស្វាមី ត្រូវស្រឡាញ់ឪពុកម្ដាយរបស់ស្វាមីជាមុន ព្រោះបើគ្មានឪពុកម្ដាយគាត់ ក៏គ្មានរូបគាត់មកឱ្យយើងស្រឡាញ់ដែរ និងកុំយកទស្សនគតិ ឬទង្វើរបស់ឪពុកម្ដាយរបស់ស្វាមីដែលធ្វើចំពោះយើងទៅប្រៀបធៀបជាមួយនឹងអ្វីដែលយើងបានទទួលពីឪពុកម្ដាយបង្កើតរបស់យើងជាដាច់ខាត។
3 . រួមកាយ រួមចិត្ត កុំសួរដេញដោលគ្រប់រឿងគ្រប់រ៉ាវ រឿងខ្លះជាគោលការណ៍ ឬជាវិធីការផ្ទាល់ខ្លួនក្នុងការធ្វើការងាររបស់គាត់ ដែលមិនចាំបាច់ត្រូវអធិប្បាយឱ្យយើងដឹងគ្រប់រឿងនោះទេ។ នៅចាំផ្ដល់កម្លាំងចិត្ត និងនៅចាំជួយផ្ដល់ការជួយយកអាសា ក៏គ្រប់គ្រាន់ហើយ។
4 . ស្វាមីដែលត្រូវបានត្រួតត្រា ចុះចាញ់អ្នកតែមាត់ តែស្វាមីដែលត្រូវបានស្រឡាញ់ ចុះចាញ់អ្នកដោយដួងចិត្ត។ ស្រឡាញ់គេទៅ កុំគិតតែពីចង់គ្រប់គ្រងគេឱ្យជាប់អី។ រឹតតែនៅចំពោះមុខក្រុមមិត្តភ័ក្តិស្រីៗដូចគ្នាផងនោះ ភរិយាដែលល្អនឹងមិននិយាយដើមប្ដីឱ្យអ្នកដទៃស្ដាប់ជាដាច់ខាត។
5 . កុំគិតចង់ផ្លាស់ប្ដូរគាត់ តែអាចសាងកម្លាំងជំរុញចិត្តដល់គាត់ ព្រោះជាទូទៅបុរសៗច្រើនតែខ្ជិល មិនសូវជាស្រឡាញ់ភាពស្អាតបាតប៉ុន្មានទេ។ ការងារតូចតាចនៅក្នុងផ្ទះ មិនចាំបាច់បង្ខំតឿនឱ្យគាត់ធ្វើទេ ទុកឱ្យគាត់ប្រើសមត្ថភាពក្នុងរឿងធ្វើការរកស៊ីឱ្យបានពេញទំហឹងវិញប្រសើរជាង។
6 . ពេលស្វាមីត្រឡប់មកផ្ទះ ភរិយាគួរនៅផ្ទះ។ ស្វាមីត្រឡប់មកផ្ទះប្រហែលជាចង់ឃើញមុខភរិយា ចង់ឮសំឡេងភរិយា ចង់ជជែកគ្នាដោយក្ដីយល់ចិត្តយល់ថ្លើម តែមិនមែនបានឮតែសំឡេងរអ៊ូរទាំរបស់ភរិយានោះទេ។
7 . កុំយកក្ដីសង្ស័យរបស់ខ្លួនឯងធ្វើជាចំណុចសម្រេចលើរឿងអ្វីមួយ។ កុំគិតតែម្នាក់ឯង រួចអុឺអើតែម្នាក់ឯងជាដាច់ខាត កុំយកក្ដីសង្ស័យមកគិតធ្វើជារឿងពិតឱ្យសោះ ព្រោះវានឹងក្លាយជារឿងប៉ះពាល់ដែលមិនល្អដល់ស្វាមី ហើយរូបអ្នកនឹងក្លាយជាភរិយាដែលគ្មានភាពជឿជាក់លើខ្លួនឯង។
8 . កុំធ្វើខ្លួនជាសត្វកាំប្រមា។ បើធ្វើខ្លួនជាសត្វកាំប្រមាដែលចាំតែចាក់ដោតស្វាមី គ្មានស្វាមីណាចង់នៅជិតអ្នកទេ ប្រៀបដូចភ្លើង និងចំបើងស្ងួត នៅជាមួយគ្នាមិនបានទេ។
9 . កុំព្យយាមប្រកែកតវ៉ានឹងស្វាមីខ្លួនឯង និងហាមជេរប្រមាថស្វាមីជាដាច់ខាត រឹតតែប្រកែកតវ៉ាស្វាមីច្រើនប៉ុនណា ក៏រឹតតែសាងនូវក្ដីមិនពេញចិត្តឱ្យខ្លួនឯងកាន់តែច្រើនប៉ុននោះដែរ ហើយការជេរប្រមាថស្វាមី មិនថាត្រូវ ឬខុសក៏ដោយ នឹងមានផលអាក្រក់ជះត្រឡប់ទៅរកខ្លួនអ្នកវិញយ៉ាងប្រាកដ។
10 . សេចក្ដីស្រឡាញ់ប្រៀបដូចជាគ្រាប់ខ្សាច់ ចាប់កាន់បាន តែចងភ្ជាប់មិនបាន។ កុំគិតតែព័ទ្ធចាប់ស្វាមី ព្រោះព័ទ្ធចាប់អាចបានតែខ្លួនគាត់ ដូច្នេះស៊ូបានដួងចិត្តគាត់មកគ្រប់គ្រងវិញនឹងប្រាកដច្បាស់ជាង។ បង្រៀនកូននៅមុខអ្នកដទៃបាន តែពេលស្ងាត់ៗចូរប្រឹក្សាជាមួយស្វាមី។ ហាមបំបាក់មុខស្វាមីនៅចំពោះមុខអ្នកដទៃជាដាច់ខាត។
បុរសដែលជាអ្នកធ្វើការរកស៊ីនៅក្នុងសង្គម រឿងដែលសំខាន់បំផុតនោះគឺ មុខមាត់ និងកិត្តិយសរបស់គាត់ ហើយបុរសគ្រប់រូបក៏ហួងហែង និងថែរក្សារឿងទាំងអស់នេះខ្លាំងណាស់។ ភរិយាដែលចេះរៀបចំដាក់ខ្លួនបានល្អ ជីវិតនឹងមានសេចក្ដីសុខ តែភរិយាដែលមានតែក្ដីមិនពេញចិត្ត រកសេចក្ដីស្ងប់សុខក្នុងជីវិតមិនបានឡើយ៕