នៅថ្ងៃទី4 ខែកញ្ញា ឆ្នាំ 2020 នេះ កម្មវិធី Miss Grand Cambodia បានឈានមកដល់ដំណាក់កាលបង្ហាញឈុតប្រពៃណី និងឈុតហែលទឹក ដែលតម្រូវឱ្យបេក្ខនារីដើរបង្ហាញនិងស្រែកប្រកាសអួតអំពីបណ្ដាខេត្ត ក្រុង រាជធានី ដែលនាងបានតំណាង។ ជាពិសេស ក្រុមហ៊ុន មហាហង្ស ដែលជាអ្នករៀបចំកម្មវិធី បានអញ្ចើញគ្រូបង្វឹកកំពូលៗ មកបង្ហាត់ពីវិធីនិងគន្លឹះក្នុងការបោះជំហ៊ានជាបវរកញ្ញា ដែលខុសគ្នាពីការដើរម៉ូដធម្មតាដាច់ស្រឡះ។
បេក្ខនារីទាំង28រូប បានធ្វើឱ្យមានភាពទាក់ទាញយ៉ាងខ្លាំងក្នុងការបង្ហាញឈុតទាំងពីរនេះ យ៉ាងសមសួនជាកុលស្ត្រីខ្មែ។ បើទោះបីជា កម្មវិធីតម្រូវឱ្យបង្ហាញនូវឈុតហែលទឹក តែគេមើលឃើញថា បេក្ខនារីភាគច្រើនបានបង្ហាញឱ្យឃើញពីភាពក្លាហាន នៅលើវេទិកា មិនចាញ់ការប្រកួតរបស់បរទេសនោះផង ដ្បិតបីនេះគ្រាន់តែជាការប្រកួតក្នុងស្រុក។
តាមការបញ្ជាក់ពីគណៈគ្រប់គ្រងការផលិតកម្មវិធី លោក អ៊ិន សុភិន អគ្គនាយក Miss Grand Cambodia បានអះអាងថានេះជាការប្រកួតសន្សំពិន្ទុដ៏សំខាន់របស់ Miss Grand Cambodia ដើម្បីស្វែងរកម្ចាស់ពានដែលនឹងប្រកួតប្រជែងនៅថ្ងៃទី 26 កញ្ញា ខាងមុខ។ ការប្រកួតឈុតទាំង2នោះថ្វីត្បិតតែមិនមានការប្រកាសលទ្ធផលតែក៏នឹងមានម្ចាស់ពានតំណាងឱ្យឈុតនីមួយៗត្រូវបានប្រកាសនៅថ្ងៃប្រកួតផ្ដាច់ព្រ័តផងដែរ។ លោកបន្តថា ការប្រកួតរបស់ខ្លួននេះទទួលបានជោគជ័យយ៉ាងខ្លាំង ខណៈដែលអ្នកគាំទ្រភាគច្រើនក៏ស្គាល់ព្រឹត្តិការណ៍នេះ និងយល់ថានេះគឺជាការប្រកួតក្នុងស្រុកមួយដែលពិតជានឹងផលិតបានបេក្ខនារីឆ្នើមមួយរូបសម្រាប់ការប្រកួតលើឆាកអន្តរជាតិ។
ការប្រកួតសន្សំពិន្ទុដែលបានធ្វើឡើងនៅផ្សារទំនើប Aeon2 នេះមានការចូលរួមដាក់ពិន្ទុដោយសិល្បករ និងអ្នកមានឯកទេសមួយចំនួន ដោយអ្នកចូលរួមទស្សនានៅក្នុងកម្មវិធីក៏មានចំនួនកុះករណាស់ដែរក្នុងនោះក៏មានវត្តមានសិល្បករសិល្បការិនីពីគ្រួសារតារាកម្ពុជាចូលរួមផងដែរ។ ក្នុងនោះតំណងខេត្តនីមួយៗក៏មិនសុទ្ធតែជាបេក្ខនារីដែលមកពីបណ្ដាខេត្តនោះដែរ ពោលគឺគ្រាន់តែជាការបោះឆ្នោតតំណាងឱ្យខេត្តទាំង25 ដែលមិនមានបេក្ខនារីប្រកួតប្រជែងតែប៉ុណ្ណោះ៕