មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ ឯកឧត្តម ទិត ចន្ថា បានបញ្ជាក់ថា មកដល់ពេលនេះដោយសារតែស្ថានភាពទេសចរណ៍ក្នុងស្រុកមានភាពប្រសើរឡើងបន្តិច អាជីវកម្មក្នុងវិស័យទេសចរណ៍ ប្រមាណ 30% បានចាប់ផ្តើមដំណើរការឡើងវិញហើយ។
ឯកឧត្តម ទិត ចន្ថា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានលើកឡើងថានៅទូទាំងប្រទេសកម្ពុជាមានមូលដ្ឋានអាជីវកម្មទេសចរណ៍សរុបចំនួន 9,689ទីតាំង ដោយរាប់បញ្ចូលទាំងសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ម៉ាស្សា ស្ប៉ា ខារ៉ាអូខេ រង្គសាល ឌីស្កូតែត បៀហ្គាឌិន កីឡាទេសចរណ៍ និងទីភ្នាក់ងារទេសចរណ៍។ នៅក្នុងពេលដែលកម្ពុជាទទួលរងផលប៉ះពាល់ជាអវិជ្ជមាននៃជំងឺ Covid-19 ទីតាំងបម្រើឱ្យគោលដៅទេសចរណ៍ទាំងអស់នោះស្ទើរតែ 90% ត្រូវជួបនឹងវិបត្តិ ហើយផ្អាកសកម្មភាពអាជីវកម្មរបស់ខ្លួនជាបណ្តោះអាសន្នក្នុងគោលដៅទប់ស្កាត់ការឆ្លងជំងឺ Covid-19 ផង និងដោយសារតែគ្មានភ្ញៀវផង។
ឯកឧត្តមបញ្ជាក់ថា ចំណុចដែលធ្វើឱ្យអាជីវកម្មទេសចរណ៍ប្រមាណ 30% បើកដំណើរការឡើងវិញនេះ ដោយសារតែមួយរយៈពេលនេះ ភ្ញៀវទេសចរក្នុងស្រុកចាប់ផ្តើមមានដំណើរកម្សាន្តឡើងវិញ ដែលធ្វើឱ្យអាជីវកម្មខ្លះត្រូវបានស្រោចស្រង់ និងបន្តសកម្មភាពជាវិជ្ជមាន៕