ជប៉ុន និងកម្ពុជា ជាប្រទេសដែលមានទំនាក់ទំនងគ្នាជាយូរណាស់មកហើយ ដោយក្នុងនោះក្រុមហ៊ុនជប៉ុនជាច្រើនក៏បានដាក់វិនិយោគនៅកម្ពុជា ដើម្បីរកស៊ី និងភ្ជាប់ទំនាក់ទំនងល្អរវាងប្រជាជន និងប្រជាជន។
បើតាមការបញ្ជាក់របស់ក្រុមប្រឹក្សាវិនិយោគកម្ពុជា គិតត្រឹមដំណាច់ខែកក្កដា ឆ្នាំ2020 នេះ ជប៉ុនវិនិយោគនៅកម្ពុជាមានទំហំទឹកប្រាក់ 2.8ពាន់លានដុល្លារអាមេរិក។
ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានវាយតម្លៃខ្ពស់ ចំពោះសកម្មភាពវិនិយោគរបស់អ្នកវិនិយោគជប៉ុនទាំងអស់ ជាពិសេសការវិនិយោគក្នុងវិស័យកម្មន្តសាលមិនមែនវាយនភណ្ឌ ដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកដល់ការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ចកម្ពុជា និងការអភិវឌ្ឍធនធានមនុស្ស ស្របតាម គោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ2015-2025 ដែលមានចក្ខុវិស័យកែប្រែរចនាសម្ព័ន្ធ ឧស្សាហកម្មកម្ពុជាពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្មផ្អែកលើជំនាញ ឱ្យបានត្រឹមឆ្នាំ2025។
ដើម្បីជំរុញឱ្យទំនាក់ទំនង និងការវិនិយោគរវាងកម្ពុជា-ជប៉ុន មានលក្ខណៈកាន់តែប្រសើរ កម្ពុជា និងជប៉ុន បានលើកយកបញ្ហាមួយចំនួនដើម្បីពិភាក្សាដូចជា បញ្ហាតម្លៃអគ្គិសនីនៅកម្ពុជា បញ្ហាកាតព្វកិច្ចសារពើពន្ធ បញ្ហាបទបញ្ញត្តិពាក់ព័ន្ធនឹងការនាំចូលរថយន្ត បញ្ហាវឌ្ឍនភាពនៃការត្រៀមបើកច្រកទ្វាព្រំដែនអន្តរជាតិស្ទឹងបត់នៅក្រុងប៉ោយប៉ែត និងការសម្រួលនិតិវិធីបញ្ចេញទំនិញពីគយ។
ក្នុងនោះដែរ ភាគីកម្ពុជាក៏បានបង្ហាញក្តីសង្ឃឹមថា ក្រុមហ៊ុនអាកាសចរ ANA នឹងចាប់ផ្តើមការហោះហើរផ្ទាល់ រវាងប្រទេសជប៉ុន និងកម្ពុជាឡើងវិញនាពេលឆាប់ៗខាងមុខ ដែលនឹងជួយជំរុញឱ្យទំហំពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរមានការកើនឡើង៕