ក្នុងចំណោមទីផ្សារនាំចេញសំខាន់ៗរបស់កម្ពុជាទៅកាន់តំបន់នានាលើពិភពលោក អាមេរិក ជាទីផ្សារធំមួយដែលទទួលទិញផលិតផលរបស់កម្ពុជា ដែលក្នុងនោះក៏មានក្រុមហ៊ុនអាមេរិកជាច្រើនបានបោះទុនវិនិយោគសម្រាប់ធ្វើការផលិត និងនាំចេញផងដែរ។
លោក Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា បានលើកឡើងថា សហរដ្ឋអាមេរិក ជាទីផ្សារនាំចេញធំជាងគេមួយក្នុងចំណោមទីផ្សារសំខាន់ៗរបស់កម្ពុជា។ នៅឆ្នាំ2019 កម្ពុជាបាននាំផលិតផលចេញទៅអាមេរិកក្នុងតម្លៃប្រមាណ 5.36ពាន់លានដុល្លារអាមេរិក។ លោកថាទំនាក់ទំនងសេដ្ឋកិច្ចនៃសហរដ្ឋអាមេរិក និងកម្ពុជាកំពុងមានកំណើនជាវិជ្ជមាន ដោយក្នុងនោះផលិតផល និងអ្នកវិនិយោគថ្មីៗរបស់អាមេរិកបានចូលមកក្នុងទីផ្សារកម្ពុជាក៏បានកើនឡើងផងដែរជារៀងរាល់ឆ្នាំ។
លោក Patrick Murphy បាននិយាយថា៖ «ក្រុមហ៊ុនអាមេរិក កំពុងនាំមកនូវការវិនិយោគប្រកបដោយតម្លាភាព និងគុណភាពជាមួយនឹងបច្ចេកវិទ្យាលំដាប់ថ្នាក់ពិភពលោក។ បន្ថែមពីលើនេះ ក្រុមហ៊ុនទាំងអស់នោះក៏បានបង្កើតកម្មវិធីបណ្តុះបណ្តាលស្តង់ដាការងារ និងបង្កើតបរិយាកាសបរិស្ថានខ្ពស់ ដើម្បីជំរុញឱ្យមានកំណើនសេដ្ឋកិច្ចផងដែរ»។
លោក Patrick Murphy បានបន្ថែមទៀតថា សហរដ្ឋអាមេរិកផ្តល់ឱ្យកម្ពុជានូវការអនុគ្រោះផ្នែកពាណិជ្ជកម្ម នៅក្រោមកម្មវិធីនៃប្រព័ន្ធអនុគ្រោះទូទៅ (GSP) ដែលជាការធ្វើឲ្យកម្ពុជា អាចនាំចេញទៅកាន់សហរដ្ឋអាមេរិក ដោយមិនបង់ពន្ធគយនូវទំនិញ ចំនួនជាង5,000មុខ៕