ធ្លាប់នឿយហត់ដែរឬទេ នៅពេលដែលកូនធ្វើឱ្យយើងខឹងមួម៉ៅ? ដូច្នេះសូមអាណាព្យាបាលទាំងឡាយបែរមកសាកល្បងមើលពីគន្លឹះល្អៗក្នុងការអប់រំកូនដោយមិនចាំបាច់ស្រែកគំហកដាក់កូន ឬខឹងមួម៉ៅវិញប្រសើរជាង។
អ្នកគ្រូ Leah Koenig គ្រូបង្វឹកការចិញ្ចឹមមើលថែទាំក្មេងតូចបានប្រាប់ថា រឿងដំបូងគេដែលយើងគួរធ្វើគឺ គិតជាមុនសិនថា តើរឿងដែលអ្នកចង់បាននោះគឺអ្វី? បើអ្នកខឹងក្រេវក្រោធ និងដាក់ទោសកូនភ្លាមៗតែម្ដងនោះ អាចនឹងធ្វើឱ្យកើតផលអាក្រក់ច្រើនជាងផលល្អដល់រូបអ្នកខ្លួនឯង តែបើសិនមនុស្សជាឪពុកម្ដាយអាចរម្ងាប់អារម្មណ៍ខឹងសម្បាបាន ហើយគិតរកវិធីកែបញ្ហាយ៉ាងចម្រើនវិញនោះ ពីការដាក់ទោសដែលអាក្រក់ៗ អាចនឹងក្លាយជារឿងល្អៗដែលបានអប់រំប្រដៅកូន និងថែមទាំងទទួលបានលទ្ធផលល្អហួសពីការនឹកគិតទៀតផង។
អប់រំកូនងាយៗឱ្យបានលទ្ធផលល្អដោយការឱប!
បងប្អូនឈ្លោះគ្នា ឪពុកម្ដាយធ្វើយ៉ាងណាល្អ?
បើលោកអ្នកឃើញថា កូនៗកំពុងតែវាយតប់គ្នា ចូរប្រញាប់បំបែកកូនៗចេញពីគ្នា។ ប្រាប់កូនថា ចូរទៅឈរនៅឱ្យឆ្ងាយពីគ្នា ដើម្បីឱ្យស្ងប់សតិអារម្មណ៍ បន្ទាប់ពីនោះ ចាប់ទាំងពីរនាក់ឱ្យបែរមុខរកគ្នា ហើយប្ដូរពាក្យសូមទោសគ្នាទៅវិញទៅមក ដូចជា ៈ
– ឱ្យបង(ឬអូន)សូមទោសសម្រាប់…(រឿងដែលធ្វើខុស)។
– បង(ឬអូន) ធ្វើឡើងដោយសារតែ…(អធិប្បាយថា ហេតុម៉េចបានធ្វើ) និង
– ចាប់ពីពេលនេះទៅ បង(ឬអូន)នឹង…(និយាយពីអ្វីដែលខ្លួនគួរធ្វើ)
លុះកូននិយាយចប់ ចូរឱ្យកូនឱបគ្នា។ ពេលនោះពួកគេអាចនឹងមានអារម្មណ៍ប្លែកៗក្នុងពេលដំបូងៗ តែនៅពេលៗវេលាកន្លងទៅ ក៏នឹងអស់សំណើចឃឹកៗ ហើយអ្វីគ្រប់យ៉ាងក៏នឹងត្រឡប់មកប្រក្រតីឡើងវិញ។ គឺជាវិធីងាយៗក្នុងការជួយបង្រ្កាបបងប្អូនដែលឈ្លោះគ្នាឱ្យត្រឡប់មកស្រឡាញ់គ្នាដូចដើមវិញ។
ចាប់ផ្ដើមប្រដៅ! (មិនមែនចាប់ផ្ដើមវាយទេណា៎!)
មុននឹងភ្លេចខ្លួនលើកដៃវាយកូនពេញមួយទំហឹងនោះ មនុស្សជាឪពុកម្ដាយគួរចេះហាមចិត្តខ្លួនឯង មិនវាយកូនដោយដៃ ឬដោយរំពាត់នោះទេ តែចូរជ្រើសរើសយកការអធិប្បាយពន្យល់ឱ្យកូនយល់។ មិនមែនជាការហាមកូនទេ ព្រោះថា រឹតតែហាមដូចរឹតតែពន្យុះ កូនរឹតតែធ្វើ ឪពុកម្ដាយរឹតតែខឹងឡើង ក្លាយទៅជា កូនខ្វះភាពជឿជាក់លើខ្លួនឯង និងថែមទាំងប៉ះពាល់ដល់សម្ព័ន្ធភាពឪពុកម្ដាយកូននាំឱ្យកើតស្នាមប្រេះឆាទៀតផង។
តិចឱ្យប៉ូលិសចាប់! ឌឺពេក តិចឱ្យពេទ្យចាក់ថ្នាំ!
ឪពុកម្ដាយជាច្រើនចូលចិត្តប្រើពាក្យសម្ដីទាំងនេះ ដែលក្រៅតែពីសាងនូវក្ដីភ័យខ្លាចដល់ក្មេងៗហើយ វាថែមទាំងមិនអាចជួយអ្វីបានសោះឡើយ។ ដូច្នេះជំនួសឱ្យការកុហកឱ្យខ្លាច ឬសម្លុតកូន ចូរសាកល្បងសម្ដែងតាមតួនាទីវិញ ដូចជា នៅពេលកូនធ្វើខុស ក៏សរសេរក្រដាសដែលមានបញ្ជាក់ពីកំហុសរបស់កូន ប្រាប់ពីលទ្ធផលដែលកូននឹងទទួលបាន អធិប្បាយឱ្យស្ដាប់ថា ការធ្វើខុស ជាមនុស្សមិនល្អ មានការដាក់ទោសតាមច្បាប់យ៉ាងណា ឬកូននឹងត្រូវជួបនឹងអ្វីខ្លះនៅពេលធ្វើខុសជាដើម។
ឱ្យកូនជូតសម្អាត ឬរៀបចំឡើងវិញ ពេលធ្វើអ្វីមួយកខ្វក់ ឬមិនរៀបរយ
កូនប្រុសរបស់អ្នកសរសេរអត្ថបទនេះ(អ្នកគ្រូ ឆវី)អាយុ 5 ឆ្នាំ ចូលទៅលេងក្នុងទូដាក់ខោអាវរបស់នាង ហើយភ្លាមនោះ សំពត់អាវខាងលើក៏ធ្លាក់ចុះមករាយប៉ាយអស់រលីង។ ស្មេរប៊ិះតែនឹងចូលទៅរៀបចំបត់ខោអាវ និងសម្អាតទូនោះវិញទៅហើយ តែក៏នឹកឃើញឡើងថា ហេតុអីមិនឱ្យកូនប្រុសកំពូលរពឹសរបស់ខ្លួនធ្វើទៅ?!។
ធ្វើបែបនោះ កូនប្រុសរបស់នាងក៏បានរៀនយល់ដឹងពីការរៀបចំបត់ខោអាវយ៉ាងត្រឹមត្រូវ និងអ្វីដែលសំខាន់ជាងនោះទៅទៀតនោះគឺ គេរៀនបានយល់ដឹងថា តើវានឿយហត់ប៉ុនណាក្នុងការរៀបចំទុកដាក់ឡើងវិញនូវអ្វីដែលគេបានធ្វើឱ្យរាយប៉ាយនោះ។ ទីបំផុតកូនប្រុសរបស់នាងក៏រៀបចំទុកដាក់ឡើងវិញយ៉ាងស្អាតបាត និងថែមទាំងបាននិយាយអរគុណម្ដាយដែលបានធ្វើឱ្យគេមានអារម្មណ៍ថា ខ្លួនគេប្រៀបដូចជាមនុស្សធំម្នាក់ទៀតផង។
ល្មមបញ្ឈប់ហើយ សម្រាប់ការដាក់ទោសបែបដាក់គុកនោះ!
ជំនួសឱ្យការបញ្ជាឱ្យកូនទៅឈរស្ងៀមនៅត្រង់ជ្រុងណាមួយនៅក្នុងបន្ទប់ ព្រមទាំងឱ្យគិតឡើងវិញថា បានធ្វើអ្វីខុសនោះហេតុអីមិនប្រគល់ភារកិច្ចអ្វីមួយឱ្យកូនធ្វើវិញ? អាចនឹងឱ្យធ្វើកិច្ចការផ្ទះ ធ្វើលំហាត់ ហាត់សរសេរអក្សផ្ចង់ ឬអានសៀវភៅជាដើម ដែលក្រៅពីនឹងធ្វើឱ្យកូនមានអារម្មណ៍ត្រជាក់ឡើងហើយ នៅជួយឱ្យគេផ្ចង់ស្មារតីលើការធ្វើរឿងល្អៗឱ្យសម្រេចច្រើនឡើងទៀតផង។
វិធីអប់រំកូនដោយមិនស្រែកគំហកដាក់ គឺជារឿងដែលល្អ ព្រោះកូននឹងមិនខូចចិត្ត តែក៏កុំភ្លេចអប់រំប្រៀនប្រដៅកូនដោយវិធីផ្សេងៗទៀតផង ដើម្បីឱ្យកូនធំធាត់ឡើងក្លាយជាមនុស្សល្អ និងស្ដាប់បង្គាប់ឪពុកម្ដាយ៕