ការដែលគូស្នេហ៍មួយគូសម្រេចចិត្តថា នឹងឃ្លាតគ្នាមួយរយៈនោះវាបង្ហាញថា ច្បាស់ជាមានបញ្ហាអ្វីម្យ៉ាងរ៉ាំរ៉ៃមកយូរគួរសមរហូតដល់នាំឆ្ពោះមករកដំណើរផ្លូវកែបញ្ហាតាមរបៀបនេះមិនខាន។
ខ្ញុំខ្លួនឯងក៏ធ្លាប់ជួបអំឡុងពេល “បែកគ្នាមួយរយៈ” នៅក្នុងជីវិតដែរ តែខ្ញុំទទួលយកវាបាន និងសម្លឹងឃើញថា វាជារឿងមួយដែលគូស្នេហ៍ទាំងអស់គួរតែត្រូវជួបយ៉ាងតិច 1 ដង ព្រោះវានឹងមានប្រយោជន៍ក្នុងរយៈពេលវែង និងប្រហែលជាជួយឆ្លើយនឹងសំណួរជាច្រើនដល់សម្ព័ន្ធភាពស្នេហារបស់អ្នកបានទៀតផង។
ពីបទពិសោធផ្ទាល់ដែលខ្ញុំបានជួបប្រទះមក នៅពេលយើងបានសាកល្បងរស់នៅដោយមិនមានរូបគេ សម្រេចចិត្តធ្វើអ្វីមួយដោយមិនមានរូបគេ ទៅណាមកណាដោយមិនមានរូបគេ យើងនឹងបានសិក្សាពីខ្លួនឯងថា តើយើងទទួលយកសភាពបែបហ្នឹងបានទេ? ហើយវានឹងធ្វើឱ្យយើងទទួលបានចម្លើយថា “ការពិតទៅ តើយើងនៅត្រូវការរូបគេនៅក្នុងជីវិតដែឬទេ?”។
ក្រៅពីនេះ នៅពេលអ្នកទាំងពីររស់នៅឆ្ងាយពីគ្នាហើយ ក៏អាចនឹងបានជួបស្គាល់នឹងមនុស្សម្នាផ្សេងៗ ជួបមនុស្សថ្មីៗដែលដើរចូលមកក្នុងជីវិត និងមានអ្នកខ្លះអាចនឹងនឹកបារម្ភថា គូស្នេហ៍របស់ខ្លួនអាចនឹងមានអ្នកណាចូលមកទំនាក់ទំនង ចូលមកសុំស្គាល់ក៏មានដែរ។
តែចំពោះរូបខ្ញុំ ខ្ញុំមិនដែលនឹកខ្លាចរឿងនោះឡើយ មិនមែនដោយសារភាពជឿជាក់លើខ្លួនឯងនោះទេ តែខ្ញុំមើលឃើញថា វាជាបទសាកល្បងដ៏ល្អមួយដែលយើងនឹងបានដឹងថា តើយើងស័ក្តិសមជាមួយគេឬទេ? តើយើងល្អគ្រប់គ្រាន់សម្រាប់គេឬទេ?។ បើយើងនៅមិនទាន់ល្អគ្រប់គ្រាន់ គេក៏ប្រហែលទៅមានអ្នកថ្មី វាជាសិទ្ធិរបស់គេ យើងប្រហែលជាទៅបញ្ជា ឬបង្ខំគេមិនបានទេ ព្រោះមនុស្សម្នាក់ៗតែងតែស្វែងរកអ្វីដែលល្អបំផុតសម្រាប់ខ្លួនឯងជានិច្ច។
ដូចគ្នានឹងខ្លួនអ្នកដែរ បើមានឱកាសជួបអ្នកថ្មីខណៈដែលស្ថិតក្នុងអំឡុងពេល “បែកគ្នាមួយរយៈ” នេះ អ្នកក៏គួរប្រើឱកាសនេះពិចារណាមើលឱ្យច្បាស់លាស់ថា តើអ្នកត្រៀមជាស្រេចក្នុងការបោះស្នេហ៍ចាស់ចោលដើម្បីចាប់ផ្ដើមជាថ្មីដែរឬទេ? ឬអ្នកនៅតែត្រូវការត្រឡប់ទៅរកមនុស្សដដែលរបស់អ្នកវិញ?។
សម្រាប់រូបខ្ញុំវិញ “ការបែកគ្នាមួយរយៈ” ក៏សំខាន់មិនចាញ់ពេលដែលរស់នៅជាមួយគ្នាដែរ ព្រោះខ្ញុំជឿថា យើងនឹងបានដឹងថា តើអ្វីសំខាន់ អ្វីមិនសំខាន់នៅពេលបានសាកល្បងរស់នៅតែម្នាក់ឯងមួយរយៈមក៕
អ្នកគ្រូ ឆវី