បើនឹកដល់ប្រទេសដែលអាចទៅដើរលេងកម្សាន្តបានគ្រប់រដូវកាលនោះ ប្រហែលជាគេចមិនផុតពីប្រទេសសាំងហ្កាពួឡើយ ព្រោះសាំងហ្កាពួ ជាប្រទេសមួយដែលមានភាពសម្បូរបែបខាងផ្នែកវប្បធម៌ និងស្ថាបត្យកម្ម ធ្វើឱ្យកើតមានភាពខុសប្លែកពីគ្នាច្រើនជាងប្រទេសដទៃទៀត។ ថ្ងៃនេះ ទំព័រឡារ៉ែនដំណើរកម្សាន្តនឹងនាំមិត្តអ្នកអានទៅដើរលេងកម្សាន្តនៅក្នុងប្រទេសសាំងហ្កាពួក្នុងបែបដែលមិត្តអ្នកអានមិនដែលធ្លាប់ស្គាល់ ហើយអ្នកណាដែលនិយមចូលចិត្តថតរូបស្អាតៗបែបហ្វាស្សិន ស្អាតៗ ឡូយៗមិនដូចគេទុកស៊ែរនៅក្នុងបណ្ដាញសង្គមនានា ក៏សូមតាមមកទស្សនាទាំងអស់គ្នា…។
1 . តំបន់ “ Little India“
ទីប្រជុំជនតូចមួយក្នុងប្រទេសសាំងហ្កាពួ តែពោរពេញទៅដោយភាពចម្រុះពណ៌ ស្អាតស្រស់ស្រាយរបស់អគារផ្ទះសំបែង និងមន្តស្នេហ៍នៃសិល្បៈរបស់ប្រទេសឥណ្ឌា ធ្វើឱ្យមិត្តអ្នកអានអាចបញ្ចេញស្ទីលថតរូបបែបឡូយៗ និងថតបានគ្រប់ជ្រុង គ្រប់ទីកន្លែង ដែលទោះជាថតបែបណាក៏សុទ្ធតែស្អាតទាំងអស់។
2 . សារមន្ទីរសិល្បៈ និងវិទ្យាសាស្រ្ត Art Science Museum
ស្ថិតនៅក្នុងអគារដែលមានរូបបែបស្ថាបត្យកម្មដែលមិនធម្មតា រហូតបានទទួលរង្វាន់ផ្នែកខាងការច្នៃប្រឌិតម៉ូដ និងការតុបតែជាច្រើន ស្ថិតនៅលើឆ្នេរ ម៉ារីណា ( Marina Bay) សាំងហ្កាពួ។ ឡារ៉ែនសូមខ្សឹបប្រាប់ទៅចុះថា ទីនេះគឺជាទីកន្លែងទេសចរណ៍ដែលត្រូវតែទៅថតរូបបែបសិល្បៈ និងសេពសោយជាមួយនឹងសិល្បៈ និងវិទ្យាសាស្រ្តដែលលាយផ្សំចូលគ្នាបានយ៉ាងសមសួន និងល្អប្រណីត ជាពិសេសក្នុងហ្សូន Cristal Universe។ ពិតជាគួរឱ្យចង់ទៅសាកល្បងមែន។
3 . Garden by The Bay
ទីកន្លែងមួយទៀតដែលត្រូវតែទៅឱ្យបានក្រៅពីសួនច្បារសត្វតោបាញ់ទឹក( Merlion)សាំងហ្កាពួ ដែលអ្នកណាៗក៏ចំហមាត់ចង់ថតរូបដែរនោះគឺ Garden by The Bay ជាទីកន្លែងដ៏ប្រណីតមួយសម្រាប់អ្នកណាដែលចង់ផ្ដិតយករូបភាពស្អាតៗ តែឡារ៉ែនសូមណែនាំឱ្យទៅទីនោះនៅពេលព្រលប់ៗវិញ ព្រោះនៅពេលនោះផ្ទៃមេឃមានពណ៌ប្រផេះ ស៊ីគ្នាជាមួយពណ៌ចម្រុះរបស់អំពូលភ្លើងធ្វើឱ្យរូបភាពដែលថតចេញមកស្រស់ស្អាតយ៉ាងចម្លែក និងបង្កប់ទៅដោយភាពអាថ៌កំបាំងនៃទីកន្លែងមួយនេះ។
4 . Clarke Quay
សម្រាប់អ្នកដែលចូលចិត្តជប់លៀង ផារធី ត្រូវតែមកបញ្ចប់ដំណើរកម្សាន្តក្នុងមួយថ្ងៃៗនៅទីកន្លែងនេះ។ ហាយឡាយរបស់ទីនេះក៏គឺ មានភាពចម្រុះពណ៌របស់ភ្លើងដែលឆ្លុះស្រមោលជាមួយនឹងផ្ទៃទឹក ដែលមានទាំងហាងសម្រាប់អង្គុយបែបសប្បាយៗសម្រាប់ក្រុមអ្នកដែលចង់អង្គុយជជែកគ្នា និងទស្សនាបរិយាកាសជុំវិញ តែអ្នកណាដែលចូលចិត្តរាំរែក ក៏មានរង្គសាល និងផាប់ដ៏សែនជក់ចិត្តសម្រាប់ឱ្យរាំបញ្ចេញចលនាបានដូចគ្នា។
5 . Dream Cruises កប៉ាលទេសចរណ៍កំពូលទំនើប
ចំណែកអ្នកដែលធ្លាប់ទៅដើរលេងកម្សាន្តនៅប្រទេសសាំងហ្កាពួម្ដងហើយម្ដងទៀតឡើងធុញហើយនោះ កប៉ាល់ទេសចរណ៍មួយគ្រឿងនេះក៏ជាជម្រើសថ្មីមួយទៀតដែលនឹងធ្វើឱ្យលោកអ្នកបានជួបផ្ទាល់ជាមួយនឹងបទពិសោធថ្មី បានសម្រាកបែបសប្បាយៗ ជាមួយក្រុមគ្រួសារ ឬគូស្នេហ៍។ នៅលើនោះមានកន្លែងកម្សាន្តដ៏ច្រើនឱ្យជ្រើសរើស តែដែលគួរឱ្យរីករាយបំផុតនោះគឺ មានអាងហែលទឹកនៅលើកប៉ាលដែលពេលបានឃើញហើយ ច្បាស់ជាត្រូវស្រែកថា វ៉ាវ! ខ្លាំងៗមិនខាន និងនៅមានកន្លែងសប្បាយៗសម្រាប់ថតរូបស្អាតៗនៅលើកប៉ាល ជាពិសេសក្នុងអំឡុងពេលល្ងាចៗដែលព្រះអាទិត្យកំពុងអស្តង្គតដ៏សែនរ៉ូមែនទិកបំផុតទៀតផង៕