ស្រ្តីមានគភ៌ តែគភ៌តូច មិនមែនមានន័យត្រឹមតែរូបរាងរបស់ម្ដាយ ឬទំហំរបស់កូនក្នុងផ្ទៃប៉ុណ្ណោះទេ តែការដែលអនាគតអ្នកម្ដាយមានទំហំគភ៌តូច(ហួសពីធម្មតា) អាចមានមូលហេតុដូចខាងក្រោម។
បច្ច័យដែលធ្វើឱ្យគភ៌មានទំហំតូចមានអ្វីខ្លះ?
1 – រូបរាងរបស់ម្ដាយ ៈ បើសិនម្ដាយជាមនុស្សរូបរាងតូចល្អិតស្រាប់ គឺមិនមែនជារឿងប្លែកនោះទេដែលអំឡុងពេលដំបូងៗរបស់ការតាំងគភ៌ ឬរហូតទៅដល់ពេលជិតប្រសូត ទំហំរបស់គភ៌នឹងមើលទៅមិនឃើញធំប៉ោងដូចស្រ្តីមានគភ៌ដទៃទៀតទេ។
2 – អាយុរបស់ម្ដាយ ៈ បើសិនស្រ្តីមានផ្ទៃពោះពេលអាយុនៅតិច ជាមធ្យមទម្ងន់ខ្លួនកូនក្នុងផ្ទៃច្រើនតែតិចជាងប្រក្រតី ទើបធ្វើឱ្យគភ៌មើលទៅមិនធំសមនឹងអាយុគភ៌។
3 – ចំនួនការធ្លាប់មានគភ៌ ៈ បើជាស្រ្តីដែលទើបតាំងគភ៌លើកដំបូង ពោះនឹងមិនមើលឃើញធំទេ ព្រោះសាច់ដុំក្បាលពោះនៅមិនទាន់បានឆ្លងកាត់ការយឺតយារខ្លាំងរយៈពេលយូរដោយសារការមានគភ៌ ទើបធ្វើឱ្យគភ៌មើលទៅមានទំហំតូច។ រយៈដំបូងនៃការតាំងគភ៌ បើមិនសង្កេតទេ អាចមិនដឹងថា មានផ្ទៃពោះផង។
4 – ភាពតឹងណែន រឹងមាំរបស់សាច់ដុំក្បាលពោះ ៈ បើស្រ្តីមានគភ៌ជាមនុស្សស្រឡាញ់សុខភាព ហាត់ប្រាណយ៉ាងជាប់លាប់ សាច់ដុំក្បាលពោះតឹងណែន រឹងមាំមាន 6 ភែកស៍តាំងពីពេលមុនតាំងគភ៌នោះ ក៏ធ្វើឱ្យអ្នកដែលមិនមានភាពចំណានមិនងាយនឹងសង្កេតមើលទំហំពោះ និងស្មានដឹងពីអាយុគភ៌បានឡើយ។
ធ្វើយ៉ាងណាឱ្យគភ៌មួយនេះល្អឥតខ្ចោះ
ស្រ្តីមានគភ៌ដែលចូលក្នុងចំណុចណាមួយនៃចំណុចទាំង 4 នេះ តែបើបានមើលថែទាំគភ៌យ៉ាងល្អល្អះ ញ៉ាំអាហារល្អៗ មានប្រយោជន៍ ទទួលបានសារធាតុអាហារគ្រប់ទាំង 5 ប្រភេទក្រុម គេងសម្រាកបានយ៉ាងគ្រប់គ្រាន់ ទៅពិនិត្យគភ៌យ៉ាងជាប់លាប់ ទៅជួបគ្រូពេទ្យត្រឹមត្រូវតាមការណាត់ ឱ្យគ្រូពេទ្យពិនិត្យមើលពីវិវឌ្ឍនាការរបស់ទារកក្នុងផ្ទៃ ពិនិត្យមើលទំហំ និងការធ្វើការរបស់ទងសុកជាប្រចាំរួចហើយ បើលទ្ធផលចេញមក គភ៌ស្ថិតក្នុងកម្រិតល្អប្រក្រតី គ្រូពេទ្យមិនបានមើលឃើញភាពខុសប្រក្រតីណាមួយចំពោះកូនក្នុងផ្ទៃ ឬចំពោះរាងកាយរបស់ម្ដាយនោះ ក៏សប្បាយចិត្តចុះ មិនបាច់ព្រួយកង្វល់ពីទំហំគភ៌ដែលអាចមើលទៅមិនធំដូចស្រ្តីមានគភ៌ដទៃនោះឡើយ៕