នៅក្នុងដំណើរជីវិតរបស់មនុស្សយើងម្នាក់ៗ បញ្ហាអាចនឹងកើតឡើងគ្រប់ពេលវេលា ហើយការប្រឈមជាមួយនឹងបញ្ហាជាកាតព្វកិច្ចដែលមនុស្សត្រូវធ្វើ ដើម្បីស្វែងរកឧត្តមភាពសម្រាប់ជីវិតខ្លួនឯង។ ការជម្នះឧបសគ្គជីវិតត្រូវការជាចាំបាច់នូវកម្លាំងចិត្តដើម្បីខិតខំ ហើយវាក៏ត្រូវការជាចាំបាច់ផងដែរនូវភាពរឹងមាំដើម្បីទម្លុះរបាំងនានាពីគ្រប់មជ្ឈដ្ឋានដើម្បីឱ្យយើងអាចឈានពីមួយដំណាក់កាលទៅមួយដំណាក់កាលផ្សេងទៀត។
លោក រិន រ៉ាវុធ ជាអតីតឯកអគ្គរាជទូតយុវជនស្ម័គ្រចិត្តរបស់អូស្ត្រាលីបានលើកឡើងថា រាល់ចំណុចអភិវឌ្ឍន៍នៅក្នុងជីវិតត្រូវការកម្លាំងចិត្តដើម្បីជំរុញឱ្យមានការខិតខំប្រឹងប្រែង។ មុននឹងក្លាយជាមនុស្សដែលមានតម្លៃ ហើយគ្រប់គ្នាអាចទុកចិត្តបាន ដំណាក់កាលដំបូងគឺត្រូវទុកចិត្តខ្លួនឯងជាមុនសិន។
លោក រិន រ៉ាវុធ និយាយថា៖ «បើយើងរារែកជាមួយនឹងឧបសគ្គ ហើយគិតតែស្តាប់ពាក្យគេនិយាយមិនល្អ ហើយជឿថាខ្លួនឯងមិនល្អរហូតបាក់ទឹកចិត្តក្នុងការខិតខំប្រឹងប្រែង គឺប្រៀបបានទៅនឹងយើងជិះកង់ដោយប្រើជើងខំធាក់ តែដៃចាប់ហ្វ្រាំងជាប់។ ក្នុងកាលៈទេសៈនេះ ទោះយើងនឹងមិនអាចទទួលបាននូវការអភិវឌ្ឍបាននោះទេ»។
លោក រ៉ាវុធ បានបន្ថែមទៀតថា និស្សិតដែលរស់នៅតាមបណ្តាខេត្ត ដូចជារូបលោកជាដើមតែងតែធ្លាប់ឮពាក្យថាការងារសំខាន់ៗកូនអ្នកស្រែមិនអាចដណ្តើមឈ្នះគេអ្នកមានលុយនោះទេ ឬទាល់តែមានខ្សែទើបអាចធ្វើការងារល្អៗបានជាដើម។ មានអ្នកខ្លះបានឮពាក្យធ្ងន់ៗជាងនេះដែលពេលខ្លះធ្វើឱ្យយើងអស់សង្ឃឹម ហើយពេលខ្លះធ្វើឱ្យយើងបាក់ទឹកចិត្តពេលកំពុងរៀននៅថ្នាក់ឧត្តមសិក្សា តែទោះជាយ៉ាងនេះក្តី គ្មានអ្នកណាយល់ពីយើងខ្លាំងជាងយើងខ្លួនឯងនោះទេ។ យើងទាំងអស់គ្នាគួរទុកចិត្តលើខ្លួនឯង ហើយខិតខំឱ្យអស់ពីលទ្ធភាព នោះយើងនឹងអាចទទួលបានឱកាសការងារល្អជាក់ជាមិនខាន ព្រោះថាមិនថាស្ថាប័នណានោះទេ គេសុទ្ធតែត្រូវការអ្នកមានសមត្ថភាពដើម្បីធ្វើការ ព្រោះបើគ្មានមនុស្សមានសមត្ថភាពទេនោះដំណើរការទាំងមូលនឹងមិនអាចដំណើរការបាននោះទេ ហេតុនេះជម្រើសល្អបំផុតសម្រាប់យុវជនកម្ពុជាគឺធ្វើខ្លួនឯងឱ្យក្លាយជាមនុស្សជំនាញ ដែលមានចំណេះដឹងពិតប្រាកដ ដូចជាពាក្យខ្មែរតែងនិយាយថា «ចេះប្រាកដ ប្រាក់រត់តាមហៅ»៕