Barcelona បានផ្ទេរកីឡាករ Ivan Rakitić របស់ខ្លួនឱ្យទៅក្លិប Sevilla ដោយបញ្ជាក់ថា Sevilla នឹងបង់ប្រាក់ចំនួនជាង 2លានដុល្លារ បូកបន្ថែមនឹងថ្លៃរត់ការផ្សេងៗទៀត ចំនួនជាង 10លានដុល្លារ ក្នុងការនាំយកកីឡាកររូបនេះទៅវិញ។
Sevilla FC គឺជាក្លិបស្ថិតនៅលីកកំពូលអេស្ប៉ាញដូចគ្នា ហើយ Ivan Rakitić ក៏ធ្លាប់លេងនៅក្លិបនេះដែរ កាលពីឆ្នាំ2011 ដល់ឆ្នាំ2014 មុននឹងផ្លាស់មកកាន់ FC Barcelona នេះ។ ទោះបីជាការចាកចេញដ៏គូរឱ្យសោកស្តាយមែន ក៏ប៉ុន្តែកីឡាកររូបនេះ នៅតែរក្សាទំនាក់ទំនងល្អជាមួយនឹងក្លិប Barcelona ដដែល ពោលគឺជាការចាកចេញដោយសន្តិភាព។
Ivan Rakitić អតីតខ្សែបម្រើរបស់ក្លិប FC Barcelona បានជួយឱ្យក្រុមជម្រើសជាតិក្រូអាតរបស់ខ្លួនឡើងដល់វគ្គផ្តាច់ព្រ័ត្រ World Cup ជាលើកដំបូងដ៏មិនគួរឱ្យជឿកាលពីឆ្នាំ2018កន្លងទៅ មុននឹងធ្លាក់វគ្គផ្តាច់ព្រ័ត្រ ក្រោមថ្វីជើងរបស់ក្រុមបាល់ទាត់ជម្រើសជាតិបារាំង៕