កីឡាករជម្រើសជាតិជប៉ុន វ័យ 33ឆ្នាំ Nagatomo ត្រូវបានក្លិប Marseille ប្រកាសជាផ្លូវការហើយថា បានក្លាយជាកីឡាកររបស់ខ្លួនហើយ ក្រោយពីចែកផ្លូវជាមួយក្លិបចាស់ កាលពីបញ្ចប់រដូវកាល2020 កន្លងទៅ។
ការប្រកាសនេះដែរ គឺធ្វើឡើង បន្ទាប់ពីការចែកផ្លូវរបស់កីឡាករជប៉ុនរូបនេះ ចេញពីក្លិប GALATASARAY ក្រោយចំណាយពេលនៅក្លិបនេះ អស់រយៈពេល 2រដូវកាល ដោយរកគ្រាប់បាល់បាន 2គ្រាប់ ក្នុងការបង្ហាញខ្លួន 47ប្រកួត។ កីឡាករជម្រើសជាតិជប៉ុនរូបនេះ ត្រូវបានក្លិបល្បីបារាំងខាងលើ រំពឹងថានឹងជួយក្រុមបានល្អ ក្នុងការប្រកួតលីកកំពូលបារាំង ក៏ដូចជាចូលរួមក្នុងការប្រកួត UEFA CHAMPIONS LEAGUE ឆ្នាំ2021។
គួររំឭកដែរថា ខ្សែការពាររូបនេះ ទោះជាមានវ័យ 33ឆ្នាំក៏ពិតមែន ក៏ប៉ុន្តែរូបគេនៅតែជាកម្លាំងស្នូល នៅក្នុងក្រុមជម្រើសជាតិជប៉ុន ដោយនៅតែជាប់ជាជម្រើសដំបូងនៃក្រុមជម្រើសជាតិជប៉ុនជាហូរហែ តាំងពីឆ្នាំ2008 មកទល់នឹងពេលបច្ចុប្បន្ន៕