រាល់ពេលសម្ភាសន៍ការងារ ឬនិយាយពីការសិក្សា គេនិយាយពីសញ្ញាបត្រទៅតាមកម្រិតសិក្សា ដូចជាមធ្យមសិក្សា កម្រិតបរិញ្ញាបត្រ កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ ឬកម្រិតបណ្ឌិតជាដើម។ ជាក់ស្តែង ពេលខ្លះកម្រិតចំណេះដឹងមិនអាចវាស់បានទាំងស្រុងនោះទេលើសញ្ញាបត្រ ព្រោះមានអ្នកមានសមត្ថភាពជាច្រើនក៏មិនមានសញ្ញាបត្រខ្ពស់ខ្លាំងដែរ។ តែទោះជាយ៉ាងណាក្តី នៅពេលសម្ភាសន៍ការងារគេតែងតែត្រូវការមើលលើប្រវត្តិរូបសង្ខេប ដោយក្នុងនោះក៏មានបញ្ចូលទាំងសញ្ញាបត្រផងដែរ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក គីម ដារ៉ា ស្ថាបនិកគ្រឹះស្ថានអប់រំ Start Up Cambodia បានលើកឡើងថា តាមពិតទៅ សញ្ញាប័ត្រមិនអាចបញ្ជាក់ពីទេពកោសល្យក្នុងការធ្វើការងារនោះទេ ព្រោះជាក់ស្ដែងគឺការងារជាអ្នកបង្រៀនយើង អ្នកណាខំជាង អ្នកហ្នឹងពូកែជាង តែហេតុអ្វីនៅតែត្រូវការសញ្ញាប័ត្រ?
លោកថា អ្វីដែលសាលាផ្តល់ឱ្យយើងគឺក្រមសីលធម៌ ហើយក្រមសីលធម៌នេះហើយដែលក្រុមហ៊ុនត្រូវការ។ ពេលអ្នកបានចូលសាលា រៀនបានច្រើន អ្នកនឹងខ្មាសអៀនក្នុងការជេរប្រទិចអ្នកដទៃ អ្នកខ្មាសអៀនក្នុងការលួចរបស់អ្នកដទៃ ខ្មាសអៀនក្នុងការធ្វើឲ្យអ្នកដទៃឈឺចាប់ ហើយអ្នកចេះអាណិតនិងសណ្តោសអ្នកដទៃ។
លោក គីម ដារ៉ា បាននិយាយថា៖ «យើងកម្រឃើញបទល្មើសកើតចេញពីបុគ្គលដែលរៀនចប់បរិញ្ញាបត្រឬអនុបណ្ឌិតឬបណ្ឌិតណាស់ ព្រោះក្រមសីលធម៌ដែលសាលាបានបញ្ជ្រាបចូលក្នុងខួរក្បាលថា ទង្វើដែលខុសឆ្គង មិនត្រូវធ្វើឡើយ»។
អ្នកអប់រំខាងលើក៏បានបញ្ជាក់ផងដែរថា ផ្ទុយមកវិញ ពេលមិនបានចូលសាលារៀនច្រើន យើងក៏មិនសូវទទួលបានការបង្រៀនពីក្រមសីលធម៌ឡើយ ហើយពេលខ្លះយើងទទួលមនោគមន៍ពីរឿងកុន ហើយក៏ចង់ធ្វើតាម ភ្លេចខ្លួនក៏ធ្វើតាម ហើយក៏ក្លាយខ្លួនជាអ្នកទោស។ ដើម្បីកាត់បន្ថយអ្នកទោស អ្វីដែលត្រូវធ្វើមុនគេ បញ្ជូនកូនទៅរៀនឱ្យបានច្រើន ជំរុញយុវជនឱ្យរៀនឲ្យបានខ្ពស់ យ៉ាងហោចក៏ចប់បរិញ្ញាបត្រដែរ ពេលនោះបទល្មើសនឹងត្រូវបានកាត់បន្ថយ៕