ការប្រឡងមធ្យមសិក្សាទុតិយភូមិនៅឆ្នាំ 2020នេះ នឹងធ្វើឡើងនៅចុងខែធ្នូ ដោយសារតែផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៃបញ្ហាជំងឺ Covid-19 ក្នុងវិស័យអប់រំនៅកម្ពុជា។
នៅពេលថ្មីៗនេះ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំផ្លូវការស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃការប្រឡងមធ្យមសិក្សាទុតិយភូមិសម្រាប់ឆ្នាំសិក្សា 2019-2020 ដោយក្នុងនោះក្រសួងបានបញ្ជាក់ថា ក្នុងស្មារតីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 ដែលអាចប៉ះពាល់ដល់ដំណើរការប្រឡង ក្រសួងអប់រំ បានចេញសេចក្តីណែនៃឱ្យពន្យារពេលនៃការប្រឡង។
ដោយមានការយល់ព្រមជាគោលការណ៍ពីរាជរដ្ឋាភិបាល ក្រសួងអប់រំ យុវជន និងកីឡា រៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម្រាប់ឆ្នាំសិក្សា 2019-2020 នៅក្នុងខែធ្នូឆ្នាំ 2020។ ហើយដើម្បីឱ្យការរៀបចំការប្រឡងប្រព្រឹត្តិទៅដោយរលូន មានគុណភាពស្របតាមគោលការណ៍ប្រឡង ក្រសួងបានធ្វើការណែនាំជាច្រើនដូចជាការកំណត់សម័យប្រឡងនៅថ្ងៃទី 21 ខែធ្នូ ឆ្នាំ2020 របៀបកំណត់មណ្ឌលប្រឡង បេក្ខភាពប្រឡង ដំណើរការនៃការធ្វើសំណេរប្រឡង និងគោលការណ៍សំខាន់ៗជាច្រើនផ្សេងទៀត៕