អ្នកណាមិនស្រក់ទឹកភ្នែក អ្នកណាមិនកម្សត់ដោយមិនដឹងខ្លួន ហើយអ្នកណាមិនលាន់មាត់ថាល្អមើលណាស់ បើមិនបានមើលរឿង «ពោះធំ» ក្នុងរោងភាពយន្ដគឺពិតជាស្ដាយក្រោយមិនខាន។ ចាប់តាំងពីថ្ងៃចាក់បញ្ចាំងរហូតមកដល់ពេលនេះម៉ោងនេះ ហ្វេនៗផលិតកម្មសាស្ត្រា និងភាពយន្ដជីវិត សុទ្ធតែលាន់មាត់ពោលសរសើរអំពីរឿង «ពោះធំ» នេះណាស់ ក៏ប៉ុន្ដែត្បិតចំណងជើងដូចគ្នាក៏ពិតមែន តែភាពយន្ដក្នុងរោង និងនៅលើយូធូប ពិតឡើយមិនដូចគ្នាទេ។ អ្នកដែលបានទស្សនាហើយនិយាយឡើងចេញពីចិត្ត មិនស្ដាយលុយចំពោះការទិញសំបុត្រទេ។
បើតាមសម្តីអ្នកទស្សនាដែលបានផ្តល់បទសម្ភាសន៍នៅមុខរោងភាពយន្តដោយផ្ទាល់ គឺរឿង«ពោះធំ The Movie» កំពុងបញ្ចាំងនៅរោងកុនរាល់ថ្ងៃនេះ គឺបង្ហាញពីសាច់រឿងស្នេហាដ៏កម្សត់របស់ពេជ្រ និងលីនដា តាំងពីដំបូងដល់ទីបញ្ចប់ ជាមួយនឹងឈុតឆាកថតថ្មី ដែលពេជ្រ និងលីនដា ត្រូវឳពុកម្តាយបណ្តេញចេញពីផ្ទះក្រោយពេលលីនដាមានផ្ទៃពោះទាំងវ័យក្មេង។ អ្នកទាំងពីរត្រូវតស៊ូរស់នៅក្នុងបន្ទប់ជួលដ៏តូចយ៉ាងលំបាកវេទនា ឆ្លងកាត់ឧបសគ្គរាប់មិនអស់ពោរពេញដោយតំណក់ទឹកភ្នែកនិងការឈឺចាប់។ អ្វីដែលគួរឱ្យរន្ធត់បំផុតនោះ គឺទីបញ្ចប់នៃសាច់រឿងដែលអ្នកធ្លាប់មើលក្នុង Youtube ស្មានមិនដល់ និងភ្ញាក់ផ្អើលគ្រប់គ្នា។
លោកស្រី ប៊ុន ចាន់និមល ចាងហ្វាងផលិតកម្មសាស្រ្តាហ្វៀម (Sastra Film) ក៏បានបញ្ជាក់ឱ្យដឹងដែរថា ខ្សែភាពយន្តខ្នាតធំរឿងពោះធំ The Movie» version ចាក់បញ្ចាំងនៅរោងកុននេះ នឹងមិនមានផ្សាយតាម Youtube ដូចភាពយន្តជីវិតរឿង«ពោះធំ» ភាគដំបូងទេ ដូច្នេះអ្នកដែលចង់ទស្សនារឿងនេះ សូមកុំភ្លេចទៅទស្សនាខ្សែភាពយន្តនេះនៅរោងភាពយន្តដែលកំពុងចាក់បញ្ចាំងទាំងអស់គ្នា៕