ជុំវិញរឿងរ៉ាវផ្ទាល់ខ្លួនរបស់អ្នកនាង ពេជ្រ សោភា ដែលល្បីថា នាងមានកូនស្រីម្នាក់ និងធ្លាប់ល្បីកក្រើកក្នុងពិភពព័ត៌មានម្ដងរួចមកហើយកាលពី 4ឆ្នាំមុន។ រឿងនេះគេស្ទើរតែលែងចាប់អារម្មណ៍ទៅហើយ ស្រាប់តែថ្មីៗនេះលេចចេញនូវឃ្លីបវីដេអូដែលថតជាលក្ខណៈគ្រួសារ ខណៈអ្នកនាងទិញម៉ូតូ Scoopy ឱ្យកេ្មងស្រីម្នាក់ដែលមានមុខមាត់ស្រដៀងនឹងខ្លួន។
ក្នុងឃ្លីបវីដេអូនោះបានបង្ហាញពីសកម្មភាពសមាជិកក្រុមគ្រួសារអ្នកនាង ពេជ្រ សោភា បានធ្វើឱ្យក្មេងស្រីម្នាក់រំភើបចិត្ដ ខណៈរូបនាងបានដើរចូលមកក្នុងផ្ទះហើយឃើញម៉ូតូ Scoopy ថ្មីសន្លាងមួយគ្រឿងដែលអ្នកនាងពេជ្រ សោភា បានទិញឱ្យនាង។ បន្ទាប់មកក្មេងស្រីម្នាក់នោះក៏បានស្ទុះទៅឱបអ្នកនាង ពេជ្រ សោភា ក្នុងចេតនាថ្លែងអំណរគុណនាង។
ជាមួយគ្នានោះគេបានឮថា សូរសំឡេងនារីម្នាក់និយាយចេញមកដែលមហាជនអាចស្ដាប់ដឹងថា ជាសំឡេងអ្នកនាង ពេជ្រ សោភា ក្នុងនោះនាងបញ្ជាក់ថា «ការពិតម៉ូតូនេះវាពុំថ្លៃទេប៉ុន្ដែការដែលមិនហ៊ានទិញកន្លងមកដោយសារតែខ្លាចប៉ះពាល់ (មានបញ្ហាដល់អាយុជីវិត) ប៉ុន្ដែការទិញលើកនេះគឺសម្រាប់ជាកាដូគម្រប់ខួបអាយុ 16ឆ្នាំ»។
ទោះបីជាគេមិនដឹងថា ក្មេងស្រីនោះត្រូវជាប់សាច់ឈាមជាមួយអ្នកនាង ពេជ្រ សោភា ឬយ៉ាងណាក៏ដោយ ប៉ុន្ដែបើឱ្យមហាជនធ្វើការប៉ាន់ស្មានវិញនោះ គេជឿថា 90%នឹងទាយថា ក្មេងស្រីនោះជាកូនរបស់អ្នកនាង ពេជ្រ សោភា ប្រាកដណាស់៕