ត្រឹមតែមួយរយៈពេលខ្លីសោះ អតីតភរិយារបស់លោក Jeff Bezos បានក្លាយជាស្ត្រីដែលមានទ្រព្យសម្បត្តិច្រើនជាគេបង្អស់ក្នុងពិភពលោក ក្រោយពីបានលែងលះ។
យោងតាម Bloomberg កាលពីថ្ងៃទី1កញ្ញា អ្នកស្រី MacKenzie Scott បានក្លាយជាស្ត្រីដែលមានប្រាក់ច្រើនជាងគេបំផុតក្នុងពិភពលោក ដោយមានទ្រព្យសរុបឡើងដល់66.4ពាន់លានដុល្លារ ដែលស្មើនឹង 273,168,403,000,000រៀល (ជាង273លានលានរៀល)។
ទ្រព្យសម្បត្តិនៃអតីតភរិយារបស់លោក Jeff Bezos បានកើនឡើងច្រើនជាងទ្រព្យរបស់អ្នកស្នងតំណែងនៃក្រុមហ៊ុន L’Oreal SA គឺអ្នកស្រី Francoise Bettencourt Meyers ហើយក៏បានឡើងកាន់កាប់តំណែងលេខ1នេះ ដោយប្រើពេលត្រឹមតែ1ឆ្នាំគត់។
អ្នកស្រី MacKenzie Scott បច្ចុប្បន្នគឺជាអ្នកនិពន្ធប្រលោមលោក និងជាសប្បុរសជនជនជាតិអាមេរិកាំង។ អ្នកស្រីត្រូវបានគេស្គាល់ច្រើនបន្ទាប់ពីករណីលែងលះជាមួយនឹងលោក Jeff Bezos ដែលជាកំពូលមហាសេដ្ឋីលំដាប់ទី1ក្នុងពិភពលោក។ អ្នកស្រី MacKenzie Scott ត្រូវបានគេស្ងើចសរសើរថា ជាស្ត្រីដែលមានសុជីវធម៌ខ្ពស់ និងឆ្លាតវៃនៅក្នុងការលែងលះ។
នៅក្នុងកិច្ចព្រមព្រៀងលែងលះគ្នា អ្នកស្រី MacKenzie សម្រេចរក្សាទុកភាគហ៊ុនចំនួន25% នៅក្នុងក្រុមហ៊ុន Amazon ដែលអ្នកទាំង2កាន់កាប់រួមគ្នា ហើយប្រគល់ភាគហ៊ុនទាំងអស់របស់អ្នកស្រីដែលមាននៅក្នុងទីភ្នាក់ងារសារព័ត៌មាន Washington Post និង Blue Origin ទៅឱ្យអតីតស្វាមី។
ការជ្រើសរើសរបស់អ្នកស្រី ធ្លាប់បានធ្វើឱ្យមានមតិមិនយល់ស្របជាច្រើន ដោយគិតថា អ្នកស្រីគួរតែទទួលបានអ្វីៗច្រើនជាងនេះ ព្រោះថា អ្នកស្រីបានចំណាយកម្លាំងកាយ ចិត្ត និងពេលវេលា25ឆ្នាំសម្រាប់រស់នៅជាមួយអតីតស្វាមី។ ប៉ុន្តែ ក្រោយរយៈពេលលែងលះគ្នាបាន1ឆ្នាំ ពេលនេះទើបគ្រប់គ្នាទទួលស្គាល់ថា ការជ្រើសរើសរបស់អ្នកស្រីពិតជាត្រឹមត្រូវ។
ដោយសារការរីកចម្រើនយ៉ាងខ្លាំងក្លារបស់ Amazon អតីតភរិយារបស់មហាសេដ្ឋី Jeff Bezos បានក្លាយជាមហាសេដ្ឋិនីដែលជាស្ត្រីមានទ្រព្យច្រើនជាងគេបង្អស់ក្នុងពិភពលោក។
កាលពីពេលថ្មីៗនេះ អ្នកស្រី MacKenzie ក៏បានប្រកាសថា អ្នកស្រីបានចូលរួមចំណែកក្នុងការផ្ដល់ប្រាក់ឧបត្ថម្ភដល់អង្គការមនុស្សធម៌នានាក្នុងទំហំទឹកប្រាក់ឡើងដល់1.7ពាន់លានដុល្លារអាមេរិក។ សកម្មភាពនេះរបស់អ្នកស្រី ទទួលបានការគាំទ្រ និងកោតសរសើរជាខ្លាំងពីសាធារណជន។
ចំណែកឯអ្នកស្រី Lauren Sanchez ជា “មនុស្សទី3” និងជាស្ត្រីដែលធ្លាប់ត្រូវបានរិះគន់យ៉ាងចាស់ដៃពីសាធារណជន ទាក់ទិននឹងរឿងរ៉ាវស្នេហ៍ត្រីកោណនេះ រហូតមកដល់ពេលបច្ចុប្បន្ននៅតែ “ស្ងាត់ស្ងៀម” ដដែល។
ចាប់តាំងពីដើមឆ្នាំរហូតមកដល់បច្ចុប្បន្ន គូស្នេហ៍របស់មហាសេដ្ឋី Jeff Bezos មិនដែលបានបង្ហាញខ្លួននៅលើសារព័ត៌មាននោះទេ ខណៈដែលលោក Bezos បង្ហាញវត្តមានតែម្នាក់ឯងនៅក្នុងព្រឹត្តិការណ៍មួយចំនួន។
មានមតិជាច្រើនសង្ស័យអំពីទំនាក់ទំនងស្នេហាលួចលាក់ដែលធ្លាប់ធ្វើឱ្យក្រុមអ្នកសារព័ត៌មានចំណាយទឹកប៊ិចអស់ច្រើនសន្ធឹកនេះ ស្របពេលដែលករណីប្ដឹងផ្ដល់រវាងបងប្រុសរបស់អ្នកស្រី Lauren Sanchez ជាមួយនឹងលោក Bezos ទាក់ទិននឹងរឿងបង្ហើបឱ្យក្រុមអ្នកសារព័ត៌មានដឹងអំពីភស្តុតាងបញ្ជាក់ទៅលើបញ្ហាទាក់ទងគ្នាលួចលាក់រវាងលោក Jeff Bezos និងអ្នកស្រី Lauren Sanchez ដែលមកដល់ពេលនេះ មិនទាន់បានបញ្ចប់នៅឡើយ។
បងប្រុសរបស់អ្នកស្រី Lauren Sanchez ធ្លាប់បានអះអាងថាប្អូនស្រីរបស់ខ្លួនចូលមកក្នុងជីវិតរបស់ស្ថាបនិកនៃក្រុមហ៊ុន Amazon គឺពិតជាមានគោលបំណង៕
ប្រភព៖ Bloomberg,CNN