ខាត់ណា ឬឈ្មោះខាងវិទ្យាសាស្រ្តហៅថា Brassica alboglabra មានដើមកំណើតនៅក្នុងទ្វីបអាស៊ី ដែលគេនិយមនាំគ្នាដាំច្រើនណាស់នៅក្នុងប្រទេសចិន តៃវ៉ាន់ ម៉ាឡេស៊ី ថៃ និងប្រទេសកម្ពុជាយើង។ ជាបន្លែដែលអាចរស់បាន 2 ឆ្នាំ តែអាចដាំបានរហូតពេញមួយឆ្នាំ ជាពិសេសក្នុងអំឡុងខែតុលា ដល់ខែមេសានឹងដាំដុះបានផលល្អបំផុត។ អាចដុះលូតលាស់បាននៅក្នុងសភាពដីស្ទើរតែគ្រប់ប្រភេទ និងដែលសំខាន់គឺ ជាប្រភេទបន្លែដែលអាចទទួលទានបានទាំងស្លឹក និងដើម។
ខាត់ណាដែលគេនិយមដាំមានទាំងអស់ 3 ពូជគឺ ៖
1 . ពូជស្លឹកមូល ដែលមានលក្ខណៈស្លឹកធំ ដើមខ្លី ចុងស្លឹក និងបន្ទះស្លឹកមានរាងទឹករលកតិចៗ។
2 . ពូជស្លឹកស្រួច មានលក្ខណៈស្លឹកតូចវែងជាងពូជស្លឹកមូល ចុងស្លឹករាងស្រួច ដើមវែង ស្លឹកមានផ្ទៃរាប។
3 . ពូជត្រួយ ឬមែក មានលក្ខណៈស្លឹកដូចខាត់ណាស្លឹកស្រួច តែចំនួនស្លឹកតិចជាង និងមានដើមវែងជាង។
ការដាក់ដាំ
– ការត្រៀមដី ៈ ភ្ជួរដាស់ដីជម្រៅប្រមាណជា 20 – 30 សង់ទីម៉ែត្រ រួចហាលដីចោលពី 7 – 10 ថ្ងៃ ហើយកិនដីលម្អិត ដាក់ជីលាមកគោ ឬជីធម្មជាតិក្នុងអត្រា 2,000 គីឡូក្រាមក្នុងទំហំដី 15 គុណ 100 ម៉ែត្រ មុននឹងពង្រាបដីឱ្យរាប ព្រមទាំងលើកជារងកម្ពស់ 20 សង់ទីម៉ែត្រ ទទឹង 1.20 ម៉ែត្រ និងបណ្ដោយតាមប្រវែងដី។
– វិធីការដាំ ៈ យកចំបើងមកគ្របពីលើរងឱ្យសព្វកន្លែង ព្រមទាំងស្រោចទឹកឱ្យជោក បន្ទាប់ពីនោះក៏ព្រោះគ្រាប់ខាត់ណាឱ្យសព្វលើរង(ប្រើគ្រាប់ពូជអស់ប្រមាណជា 1.5 – 2 គីឡូក្រាមក្នុងទំហំផ្ទៃដីដូចខាងលើ បន្ទាប់មកស្រោចទឹកឱ្យជោក។ នៅពេលកូនខាត់ណាអាយុបាន 15 – 20 ថ្ងៃ ទើបដកបំបែកយកដើមដែលមិនសូវល្អចេញ ដោយទុកចន្លោះពីមួយដើមទៅមួយដើមប្រមាណ 20 – 30 សង់ទីម៉ែត្រ។
ការមើលថែទាំ
– ការស្រោចទឹក ៈ បើត្រូវការឱ្យដើមខាត់ណាមានការលូតលាស់ល្អ និងឆាប់រហ័ស គួរស្រោចទឹកព្រឹក និងល្ងាច ព្រោះខាត់ណាជារុក្ខជាតិដំណាំដែលត្រូវការទឹកយ៉ាងគ្រប់គ្រាន់ និងជាប់លាប់។
– ការដាក់ជី ៈ នៅពេលអាយុគ្រប់ 7 ថ្ងៃ ចូរដាក់ជីរូបមន្ត 46 – 0 – 0 ឬ25 – 7 – 7 ក្នុងអត្រា 30 គីឡូក្រាមក្នុងទំហំដីដូចខាងលើ។ បន្ទាប់ពីនោះនៅពេលអាយុគ្រប់ 10 – 15 ថ្ងៃ ចូរដាក់ជីរូបមន្តស្មើ 15 – 15 – 15 ក្នុងអត្រា 30 – 40 គីឡូក្រាមក្នុងទំហំដីដូចខាងលើ និងស្រោចទឹកតាមក្រោយភ្លាមបន្ទាប់ពីដាក់ជីហើយគ្រប់ពេល។
–ការការពារ និងកម្ចាត់សត្រូវដំណាំ ៈ គួរថែបំប៉នដើមដំណាំឱ្យរឹងមាំដោយការកម្ចាត់សត្រូវដំណាំ។ បើមានរោគសត្វល្អិតរាតត្បាត គួរប្រើសារធាតុធម្មជាតិ ឬប្រើវិធីការផ្សេងៗ ក្នុងការកម្ចាត់ ដូចជា សត្វដង្កូវផ្សេងៗចូរប្រើដៃចាប់ចេញ ប្រើសារធាតុស្លឹកស្ដៅពីធម្មជាតិលាយជាមួយទឹក រួចបាញ់ពីក្រោមស្លឹក ចំណែកសត្វស្រមោច ខ្យងទាក ចូរប្រើកំបោរសរោយពីលើស្ដើងៗ។
ការប្រមូលផល
ខាត់ណាជាដំណាំដែលរីកលូតលាស់ធំធាត់លឿន អាយុប្រមាណ 45 – 55 ថ្ងៃ ក្រោយពីដាក់ដាំក៏អាចប្រមូលផលបានហើយ ដែលអាចនិយាយបានថា ជាអំឡុងពេលដែលធំពេញទំហឹងហើយ។ ចំណែកកូនខាត់ណា ឬហៅថាត្រួយខាត់ណាវិញ អាចប្រមូលផលបានក្នុងអំឡុងអាយុប្រមាណ 30 ថ្ងៃ៕