ខែទី 5
លក្ខណៈរបស់កូនតូច
កូនតូចចាប់ផ្ដើមលេងកាន់តែពូកែឡើងជារៀងរាល់ថ្ងៃ ក្មេងខ្លះអាចមានសញ្ញារពឹសចេញមកឱ្យអ្នកម្ដាយត្រៀមចាំទប់ទល់រួចជាស្រេចហើយ។ កូនតូចតូចចេះសើចកក្អឹកបានពូកែជាងមុន តែទាំងអស់នេះក៏ត្រូវស្ថិតនៅលើមនុស្សជុំវិញត្រូវយកចិត្តទុកដាក់ជាពិសេសគឺ និយាយលេង ឬលេងជាមួយឱ្យបានញឹកញាប់។ ពេលខ្លះកូនក្នុងវ័យនេះក៏ហាក់ដូចជាមានពិភពផ្ទាល់ខ្លួនរបស់គេដែរ គឺចាប់អារម្មណ៍សម្លឹងមើល ឬលេងជាមួយរបស់អ្វីមួយជាពិសេស អាចជារបស់លេង បាតដៃ ម្រាមដៃ ឬជើងទាំងសងខាងរបស់ខ្លួនឯងជាដើម។ នោះគឺដោយសារតែកូនកំពុងរៀនយល់ដឹងថា ខ្លួនឯងគឺជាចំណែកមួយផ្សេងពីអ្វីជុំវិញខ្លួន។
ថ្ងៃនេះអ្នកម្ដាយត្រូវមានការលាង ឬជូតសម្អាតរបស់លេងឱ្យកូនតូចយ៉ាងជាប់លាប់ ព្រោះកូនតូចច្រើនតែចាប់យកដាក់មាត់ លិទ្ធ បឺត ដែលអ្នកម្ដាយមិនគួរទៅហាមគ្រប់យ៉ាងនោះទេ ព្រោះការធ្វើបែបនេះជាការរៀនយល់ដឹងមួយវិធីរបស់កូនដែរ។ ក្មេងខ្លះអាចនឹងចូលចិត្តជញ្ជក់ម្រាមដៃខ្លាំង ដែលការជញ្ជក់ម្រាមដៃរបស់ក្មេងក្នុងវ័យនេះអាចជាការសម្ដែងចេញឱ្យដឹងថា កូនកំពុងតានតឹង ព្រោះការបានឃើញអ្វីផ្សេងៗនៅពិភពខាងក្រៅនេះច្រើនឡើង។ អ្នកម្ដាយនៅមិនទាន់ចាំបាច់ត្រូវប្រញាប់ចាប់ម្រាមដៃកូនចេញទេ តែចូរប្រើវិធីលេងជាមួយកុនដោយយករបស់លេងមកកាន់ឱ្យកូន ជាការបង្វែរចំណាប់អារម្មណ៍។
អាការដែលអាចកើតឡើង
អាចម៍ត្រចៀកហៀរចេញ
អ្នកម្ដាយអាចនឹងទើបតែសង្កេតឃើញថា អាចម៍ត្រចៀកកូនហៀរចេញ និងនៅចាំជូតចេញ ដោយអ្នកម្ដាយគ្រាន់តែយកដុំសំឡីកូតុង បាត់(ដុំសំឡីតូចៗមានដងកាន់)មកជូតជុំវិញរន្ធត្រចៀកបានហើយ មិនត្រូវជូតចូលទៅក្នុងរន្ធត្រចៀកកូនឡើយ។ វាមិនមែនជារឿងខុសប្រក្រតីទេ វាជាលក្ខណៈដោយឡែករបស់ក្មេងខ្លួនឯង តែបើអាចម៍ត្រចៀកហៀរចេញមកតែម្ខាងណាមួយ រួមទាំងមានគ្រុនក្ដៅខ្លួន ស្រែកយំរករឿងនៅពេលយប់ផងនោះ អាចជាអាការរបស់ជំងឺរលាករន្ធត្រចៀកខាងក្នុង ចូរអ្នកម្ដាយប្រញាប់នាំកូនតូចទៅមន្ទីរពេទ្យកុមារ។
គ្រុនក្ដៅកំណើត
ជាទូទៅគ្រុនក្ដៅកំណើតនេះនឹងកើតនៅលើក្មេងដែលមានអាយុ 6 ខែឡើងទៅ តែក៏មានមិនតិចដែរដែលកើតក្នុងអំឡុងខែនេះ។ អាការគឺ មានឡើងកម្ដៅខ្លួន 3 ថ្ងៃដោយគ្មានអាការក្អក តែមានហៀរសំបោរ និងរាក។ លុះដល់ថ្ងៃទី 4 កម្ដៅខ្លួនថយចុះ តែមានឡើងស្នាមអុចៗតូចៗក្រហមៗដូចជាស្នាមមូសខាំច្រើន អំឡុងពេលនេះកូនអាចនឹងស្រែកយំរំខានខ្លះដែរ តែដល់ថ្ងៃទី 5 ស្នាមអុចៗក្រហមៗទាំងនោះក៏រលុបបាត់អស់ទៅវិញ។
វិវឌ្ឍនាការរបស់កូន
រាងកាយ
– កូនតូចអាចគ្រប់គ្រងការធ្វើចលនាផ្នែកផ្សេងៗបានកាន់តែល្អឡើង សាច់ដុំក និងខ្នងរឹងមាំ ក្បាលបញ្ឈរត្រង់បានយ៉ាងល្អ
– អាចអង្គុយបានបើសិនមានអ្វីមកកល់ទប់ពីក្រោយខ្នង ក្មេងខ្លះអាចអង្គុយបានយូរជាង 30 នាទី។
– ប្រើម្រាមមេដៃ និងម្រាមចង្អុលដៃក្នុងការចាប់អ្វីៗបានកាន់តែជំនាញឡើង។
– ប្រើដៃកាន់របស់លេងបានទាំងដៃម្ខាង និងទាំងពីរខាង។
– ប្ដូររបស់លេងកាន់ពីដៃម្ខាងទៅដៃម្ខាងទៀតបាន។
– កាន់របស់លេង ហើយអង្រួនឱ្យកើតមានសំឡេងលាន់ឮឡើងបានដោយដៃទាំងពីរ និងចូលចិត្តចាប់របស់ផ្សេងៗដាក់ចូលមាត់ ដើម្បីសាកល្បងភ្លក្ស។
– ដៃ និងខ្សែភ្នែកធ្វើការរួមគ្នាបានយ៉ាងល្អ។
សង្គមជុំវិញខ្លួន
– ចេះមើលដឹងថាជាឪពុកម្ដាយ ចាស់ៗដែលនៅជិតដិត និងមនុស្សប្លែកមុខដទៃទៀតបាន។
– ចេះមើលដឹងពីភាពខុសប្លែករវាងរូបមែនទែន និងរូបនៅក្នុងកញ្ចក់។
– ចេះលើកដៃឡើងប្រាប់ថា ចង់ឱ្យព បានហើយ
– ចូលចិត្តបញ្ចេញសំឡេងតាម នៅពេលបានឮសំឡេងនិយាយ ឬតាមសម្លឹងមើលមាត់អ្នកដទៃដែលកំពុងនិយាយ ជាការរៀនយល់ដឹងពីភាសា។
– បង្ហាញចេញផ្នែកខាងអារម្មណ៍ច្រើនឡើង មិនថាតែការភ័យខ្លាច ក្ដីកង្វល់ ខឹង ឬបញ្ចេញអាការតតាំងនៅពេលត្រូវធ្វើឱ្យទាស់ចិត្ត ឬត្រូវគេដណ្ដើមរបស់លេងពីដៃ ជាដើម។
លេងជាមួយកូនឱ្យបានញឹកញាប់
– ក្នុងអំឡុងពេលកើតដំបូង – 1 ឆ្នាំ ក្មេងមានវិវឌ្ឍនាការទាំងផ្នែករាងកាយ និងចិត្តគំនិតលឿនណាស់ ដូច្នេះ ការនៅជិតដិត ការជំរុញបង្កើនដែលស័ក្តិសមល្អត្រឹមត្រូវនឹងក្លាយជាគ្រឹះដែលធ្វើឱ្យកូនតូចរីកចម្រើនធំធាត់បានល្អបំផុត ដូច្នេះទើបឪពុកម្ដាយគួរតែលេងជាមួយកូន និងតបស្នងតម្រូវការរបស់កូនឱ្យបានគ្រប់គ្រាន់ល្អ។
– ក្នុងអំឡុងពេលនេះអាចនឹងចាប់ផ្ដើមលេង “វាក់អើុ!” ជាមួយកូនបានហើយ។ កូននឹងរៀនយល់ដឹងនូវអ្វីដែលមានជាបណ្ដើរៗ និងឧស្សាហ៍ហៅឈ្មោះកូនឱ្យបានញឹកញាប់។ មិនយូរប៉ុន្មានទៀតទេ កូននឹងបានដឹងថា គេគឺជានរណា៕