ក្នុងអំឡុងពេលតាំងគភ៌ ក្ដីវិតក្កកង្វល់ ក្ដីតានតឹងក្នុងអារម្មណ៍តែងតែកើតឡើងចំពោះស្រ្តីមានគភ៌បានយ៉ាងងាយជាងប្រក្រតីជាកង្វល់ពាក់ព័ន្ធនឹងកូនថា តើកូននឹងយ៉ាងម៉េចដែរ? រឹងមាំឬទេ? មានអវយវៈគ្រប់ 32 ឬទេ? រាប់សិបរាប់រយកង្វល់ដែលស្រ្តីមានគភ៌នឹកបារម្ភ គឺដោយសារតែសេចក្ដីស្រឡាញ់ដែលមានចំពោះកូនតូចក្នុងផ្ទៃហ្នឹងឯង។ តើស្រ្តីមានគភ៌ទាំងអស់ចង់ដឹងទេថា តើយើងធ្វើម៉េចនឹងដឹងបានទៅថា កូនតូចក្នុងផ្ទៃរបស់យើងហ្នឹងរឹងមាំល្អដែរឬទេ? សូមតាមដានជាបន្ត…។
ធ្វើម៉េចនឹងដឹងបានទៅថា កូននៅក្នុងផ្ទៃមានសុខភាពល្អ និងរឹងមាំ?
ទារកតូចនៅក្នុងគភ៌នឹងរឹងប៉ឹងមាំមួនល្អឬទេនោះ មួយផ្នែកមកពីសុខភាពរបស់អ្នកម្ដាយ ដូច្នេះ ពេលទៅជួបគ្រូពេទ្យដើម្បីពិនិត្យសុខភាព មិនថាតែការពិនិត្យសម្ពាធឈាម ពិនិត្យទឹកមូត្រ ពិនិត្យឈាមមើលថា តើស្លេកស្លាំងឬទេ? ហើមឬទេ? ពិនិត្យមើលទម្ងន់ដែលកើនច្រើនឡើង រួមទាំងការសាកសួរពីអាការខុសប្រក្រតីផ្សេងៗនោះទេ អ្វីដែលសំខាន់លំដាប់ដំបូងៗមុនគេនោះគឺ ការពិនិត្យគភ៌ នៅពេលដែលដឹងថា ខ្លួនឯងច្បាស់ជាមានផ្ទៃពោះហើយ។ ការពិនិត្យគភ៌គឺជាជម្រើសមួយដែលគួរធ្វើខ្លាំងបំផុត បើសិនជាស្រ្តីមានគភ៌ទៅពិនិត្យគភ៌ និងទៅជួបគ្រូពេទ្យតាមការណាត់ជាប់លាប់ នៅពេលមានសញ្ញាដាស់តឿនដែលអាចកើតមានភាពខុសប្រក្រតីណាមួយដែលបង្ហាញថា ទារកអាចនឹងមានសុខភាពមិនរឹងមាំ ដូចជា ទម្ងន់ខ្លួនកើនឡើងតិចជាងប្រក្រតី ទំហំស្បូនរីកធំយឺត កូនលែងសូវរើ ស្រ្តីមានគភ៌ខ្លួនឯងមានអាការហើមខ្លួនខ្លាំង ឬមានសម្ពាធឈាមឡើងខ្ពស់ គ្រូពេទ្យនឹងបានជ្រើសរើសវិធីការត្រួតពិនិត្យព្យាបាលដែលត្រឹមត្រូវស័ក្តិសមនឹងសភាវខុសប្រក្រតីផ្សេងៗដែលកើតឡើងនោះ។
ការពិនិត្យវិនិច្ឆ័យថា តើកូនក្នុងគភ៌រឹងមាំឬទេ?
បច្ចុប្បន្ននេះ ឧបករណ៍ដែលប្រើប្រាស់ក្នុងការពិនិត្យមើលទារកក្នុងគភ៌មានភាពទាន់សម័យខ្លាំងណាស់ តាមរយៈការវិវឌ្ឍតិចណូឡូជីខាងផ្នែកវេជ្ជសាស្រ្ត ដូចជា ៈ
ការពិនិត្យមើលអេកូដែលអាចសាងរូបភាព 4 D របស់ទារកបាន មើលធ្លុះចូលទៅក្នុងផ្ទៃ ទៅដល់ស្បូនដោយផ្ទាល់រហូតអាចមើលឃើញរូបរាងរបស់ទារកច្បាស់លាស់ សឹងតែដឹងតែម្ដងថា ទារកនោះមានមុខមាត់ស្រដៀងឪពុក ឬម្ដាយ និងថែមទាំងអាចពិនិត្យមើលប្រព័ន្ធហូរវិលរបស់ឈាមតាមអវយវៈផ្សេងៗ តាំងពីសុក ទងសុក បេះដូង ឬសូម្បីតែខួរក្បាលទៀតផង ដើម្បីពិនិត្យមើលថា កូនតូចរបស់អ្នករឹងប៉ឹង និងមានសុវត្ថិភាពល្អ។
ការពិនិត្យស្ដាប់សំឡេងបេះដូងទារក និងកត់ត្រាចេញមកជាគំនូសហ្ក្រាហ្វិកដើម្បីប្រើក្នុងការពិនិត្យសុខភាពរបស់ទារក។
ក្នុងករណីទូទៅ ការពិនិត្យគភ៌ប្រក្រតី គ្រូពេទ្យពិនិត្យមើលខ្នាតរបស់ស្បូន និងទារកដោយការប្រើដៃស្ទាប រួមជាមួយការស្ដាប់សំឡេងការលោតរបស់បេះដូងដែលទៀងទាត់ក្នុងរយៈពេលខ្លីៗ ក៏អាចប្រាកដក្នុងចិត្តបានទៅហើយថា កូនតូចមានសុខភាពល្អ។
ករណីដែលពិនិត្យឃើញថា កើតមានភាពខុសប្រក្រតី ឬកូនតូចមានភាពប្រថុយប្រថានក្នុងការកើតមានគ្រោះថ្នាក់ណាមួយ ឬប្រថុយប្រថាននឹងការស្លាប់ គ្រូពេទ្យនឹងប្រញាប់ផ្ដល់ការជួយសង្រ្គោះ និងបើសិនស្ថិតក្នុងរយៈប្រសូតដែលសុវត្ថិភាព គ្រូពេទ្យក៏នឹងអាចជួយដោយការវះកាត់ប្រសូតបានភ្លាមៗទាន់ពេលវេលាដែរ។
អ្វីដែលសំខាន់ ក្នុងអំឡុងពេលតាំងគភ៌ ក្រៅពីការទៅពិនិត្យគភ៌តាំងពីដំបូងៗហើយ ស្រ្តីមានគភ៌ត្រូវថែរក្សាសុខភាព អនាម័យឱ្យបានរឹងមាំខ្ជាប់ខ្ជួន ទទួលទានអាហារឱ្យគ្រប់ 5 ប្រភេទក្រុម(ប្រូតេអ៊ីន ខាបូហាយដ្រេត(ធញ្ញជាតិ បាយ ម្សៅ ស្ករ-ល-) សារធាតុរ៉ែ(បន្លែផ្លែឈើ) វិតាមីន និងខ្លាញ់) ញ៉ាំទឹក សម្រាកឱ្យបានគ្រប់គ្រាន់ ធ្វើចិត្តឱ្យស្រស់ស្រាយសប្បាយៗ និងមិនធុញថប់តានតឹងអាចធ្វើការងារស្រាលៗ ស្ដាប់បទភ្លេង ឬអានសៀវភៅ។ ការហែលទឹក ការដើរតិចៗ និងហ្វឹកយ៉ូហ្គា គឺជាការធ្វើលំហាត់ប្រាណដែលស័ក្តិសមបំផុតសម្រាប់ស្រ្តីមានផ្ទៃពោះ រួមទាំងការចៀសវាងពីអ្វីដែលបង្កឱ្យកើតមានគ្រោះថ្នាក់ ដូចជា ភេសជ្ជៈដែលមានជាតិអាល់កុល ផ្សែងបារី អាហារដែលមិនល្អ ការអង្គុយ ឬឈរយូរៗ គឺសុទ្ធតែហុចផលអាក្រក់ដល់ស្រ្តីមានគភ៌ និងទារកក្នុងផ្ទៃទាំងអស់ ដូច្នេះហើយទើបគួចៀសវាង ដើម្បីឱ្យទារកតូចក្នុងគភ៌មានសុខភាពរឹងមាំល្អ៕