លោក Kevin A. Mayer ជានាយកប្រតិបត្តិ TikTok បានលាលែងពីតំណែងដោយខ្លួនឯង កាលពីជាង 1សប្ដាហ៍មុន ។ ដំណឹងដ៏តក់ក្រហល់ភ្លាមៗបែបនេះ បានកើតឡើង ក្រោយពីរូបលោកឡើងកាន់មុខតំណែងនេះ បានរយៈពេលមិនដល់ 4ខែផង។ លោក Kevin បានលើកឡើងពីសម្ពាធនៃជម្លោះនយោបាយ ជាមូលហេតុនាំឱ្យលោកលាលែងពីតំណែងនេះ។
TikTok គឺជាបណ្ដាញសង្គមវីដេអូ ដ៏ពេញនិយមមួយ ដែលគ្រប់គ្រងដោយក្រុមហ៊ុនចិន ByteDance ដែលរងការគំរាមកំហែងខ្លាំងពីសំណាក់រដ្ឋបាលរបស់លោកដូណាល់ ត្រាំ។
លោក ដូណាល់ ត្រាំ បានចេញបទបញ្ជាប្រតិបត្តិ ហាមឃាត់មិនឱ្យពលរដ្ឋអាមេរិក ធ្វើអាជីវកម្មជាមួយក្រុមហ៊ុន TikTok ដែលនឹងមានប្រសិទ្ធភាពក្រោយ 45ថ្ងៃ (នៅរង្វង់ថ្ងៃទី21 ខែកញ្ញា) ។
ប្រសិនបើ ByteDance អាចលក់ប្រតិបត្តិការរបស់ TikTok នៅអាមេរិក ទៅឱ្យក្រុមហ៊ុនអាមេរិក មានន័យថា TikTok នឹងអាចបន្តដំណើរការនៅអាមេរិកបាន។ មកទល់ពេលនេះក្រុមហ៊ុនផ្គត់ផ្គង់ទំនិញ Walmart និង Microsoft កំពុងប្រជែងគ្នាទិញយក TikTok មកកាន់កាប់៕