ការ៉ុតជាដំណាំហូបមើម 2 រដូវកាល ដែលក្នុងរដូវកាលដំបូងនឹងលូតលាស់ធំធាត់ផ្នែកដើម ស្លឹក និងឫស ចំណែកក្នុងរដូវកាលទីពីរដំណាំការ៉ុតនឹងលូតលាស់ផ្នែកផ្កា និងគ្រាប់(ដាំទុកយកគ្រាប់ធ្វើពូជ)។ លក្្ខណៈរបស់ដើមការ៉ុតជាស្លឹកបន្ទះដែលនឹងដុះលូតលាស់ចេញពីដើម ជាក្រុមដំណាំដែលមានធាងស្លឹកវែង។ ពូជការ៉ុតដែលមានគុណភាពខ្ពស់នឹងមានបណ្ដូលតូច និងមានពណ៌ដូចគ្នានឹងសាច់ ឬមានផ្នែករបស់សាច់ច្រើនជាផ្នែករបស់បណ្ដូល។
កាដាំរដូវកាលទីពីរដើម្បីទទួលផលជាគ្រាប់ពូជនោះ ដើមការ៉ុតនឹងឈរឡើងត្រង់ ផលិតធាងស្លឹកវែងៗប្រវែង 2 – 4 ហ្វុ៊ត នៅខាងចុងមានកញ្ចុំផ្កា ដែលកញ្ចុំដំបូងនឹងដុះលូតលាស់ចេញពីផ្នែកកណ្ដាលរបស់ដើម បន្ទាប់ពីនោះកញ្ចុះដទៃទៀតនឹងដុះលូតលាស់មកតាម។ កាផ្សំលម្អងកេសរធ្វើឡើងបែបផ្សំចម្លង ដែលភាគច្រើនប្រើសត្វល្អិតជាអ្នកជួយផ្សំលម្អងកេសរ។
ការដាក់ដាំ
– ការត្រៀមដី ៈ ផ្ទៃដីដែលស័ក្តិសមសម្រាប់ការបណ្ដុះដាំ គួរស្ថិតនៅខ្ពស់ជាងកម្រិតកម្ពស់ទឹកសមុទ្រប្រមាណ 600 – 1,300 ម៉ែត្រ ដីគួរតែជាដីល្បាយលាយខ្សាច់។ មិនគួរដាក់ជីលាមកគោស្រស់ទេ ត្រូវធ្វើការលាយផ្សំ រួចដាក់ហាលថ្ងៃចោលមួយរយៈសិន។
ក្នុងដំណាក់កាលភ្ជួរដីត្រៀមលើកជារង ចូរជីកមុខដីរហូតដល់បែកត្រសុសជម្រៅមិនតិចជាង 40 សង់ទីម៉ែត្រ លើកជារងទំហំទទឹង 1 ម៉ែត្រ អាចដាំបាន 3 ជួរ។ បើជាដីស្អិត ត្រូវតែលាយផ្សំជាមួយជីធម្មជាតិផ្អាប់ 2 គីឡូក្រាម ជាមួយផេះអង្កាម 1 ការ៉ុងដាក់លើផ្ទៃដី 2 ម៉ែត្របួនជ្រុង។ (បន្ថែម ៈ នៅក្នុងផ្ទៃដីដាំដុះ មិនគួរមានកម្ទេចឫសឈើធំៗ ក្រួសថ្មធំៗឡើយ)។
– វិធីដាំ ៈ អាចធ្វើបានដោយវិធីបណ្ដុះគ្រាប់ តែគ្រាប់ពូជការ៉ុតមានទំហំតូច និងទន់ខ្សោយណាស់។ មានការរួចផុតពីការស្អុយងាប់ក្រោយការបណ្ដុះជាកូនត្រឹមតែ 50 ភាគរយប៉ុណ្ណោះ ដូច្នេះគួរនាំយកគ្រាប់ពូជ 3 ចំណែក លាយជាមួយដីខ្សាច់ 1 ចំណែកមុននឹងយកទៅព្រោះ។ ស្រោចទឹកលើរងឱ្យជោកមុននឹងចាប់ផ្ដើមព្រោះគ្រាប់ពូជ ដើម្បីបិទរន្ធដី និងឱ្យដីរួមចូលគ្នាមិនឱ្យគ្រាប់ពូជធ្លាក់ចូលទៅក្នុងដីជ្រៅពេក។ បន្ទាប់ពីនោះបាចជីផ្អាប់ធម្មជាតិលាយផេះអង្កាមរោយតិចៗលើបរិវេណរង ស្រោចទឹកលាយទឹកជីសរីរាង្គ រួចហើយយកចំបើងស្ងួតមកគ្របលើរងមួយជាន់ទៀត។
ក្រោយពីព្រោះគ្រាប់ពូជ ក្នុងរយៈដំបូងនៅពេលដើមមានខ្នាតកម្ពស់ 5 – 7 សង់ទីម៉ែត្រ ចូរដកដើមដែលដុះឡើងញឹកចេញខ្លះ ទុកចម្ងាយពីដើមមួយទៅដើមមួយប្រមាណ 2 – 3 សង់ទីម៉ែត្រ។ រង់ចាំរហូតដល់មានអាយុ 20 ថ្ងៃ កូនការ៉ុតមានខ្នាតកម្ពស់ប្រមាណ 10 – 15 សង់ទីម៉ែត្រ អាចដកបំបែកដាំបានហើយ ចំណែកដើមដែលនៅតូចៗកម្ពស់ត្រឹមតែ 1 – 1.5 សង់ទីម៉ែត្រ គួរដកចោល។ ក្នុងដំណាក់កាលទីពីរ នៅពេលដើមមានអាយុប្រមាណ 40 – 50 ថ្ងៃ ក្នុងដំណាក់កាលនេះអាចដកយកមើមការ៉ុតមកទទួលទានបានខ្លះហើយ។ សម្រាប់ការដកយកទៅបំបែកដាំ គួរដាក់ដាំឱ្យឆ្ងាយពីគ្នា 12 – 15 សង់ទីម៉ែត្រ ហើយថែទាំបំប៉នតរហូតដល់ពេលប្រមូលផល។
– វិធីការថែទាំរក្សា
- ការស្រោចទឹក ៈ ត្រូវឧស្សាហ៍មើលថែស្រោចទឹករៀងរាល់ថ្ងៃ ព្រឹក – ល្ងាច។
- ការដាក់ជី ៈ នៅពេលកូនការ៉ុតអាយុបាន 10 – 15 ថ្ងៃ ចូរដាក់ជី 46-0-0 ក្នុងអត្រា 3 ស្លាបព្រាបាយក្នុងផ្ទៃដីមួយម៉ែត្រការ៉េ និងនៅពេលអាយុ 30 ថ្ងៃ ចូរដាក់ជីរូបមន្តស្មើ 16-16-16 ឬអាចប្រើជីសរីរាង្គក្នុងចន្លោះជួរដើមការ៉ុតចំនួន 300 ក្រាមក្នុងផ្ទៃដីមួយម៉ែត្រការ៉េ និងដាក់រៀងរាល់ 20 ម្ដង។
- ការការពារ និងកម្ចាត់សត្រូវដំណាំ ៈ ការពារសត្វល្អិតសត្រូវដំណាំដោយទឹកត្រាំស្លឹកស្ដៅ និងទឹកត្រាំជីសរីរាង្គ ដោយត្រូវបាញ់ដាក់ដំណាំរៀងរាល់ 3 – 5 ថ្ងៃម្ដងជាបន្តបន្ទាប់។
– វិធីការប្រមូលផល ៈ ប្រមាណជា 85 – 90 ថ្ងៃយើងអាចធ្វើការប្រមូលផលមើមការ៉ុតបានហើយ។ មុនការប្រមូលផល គួរស្រោចទឹកឱ្យដីសើមជោកជាំជាមុនសិន ដើម្បីបង្កើនភាពងាយស្រួលក្នុងការប្រមូលផល បន្ទាប់ពីនោះត្រូវយកដែចាប់បួងស្លឹកទាំងអស់ រួចហើយព្យាយាមដកថ្នមៗជារាងបញ្ឆិត បន្ទាប់មកនាំយកមើមការ៉ុតទៅលាងទឹកសម្អាត ដាក់សំដឹលឱ្យស្ងួត។
មើមការ៉ុត យើងអាចរក្សាទុកក្នុងទូទឹកកកបានយូរប្រមាណជា 1 – 2 ខែ បើសិនបានរុំដោយថង់ជ័រប្លាស្ទិកខ្ចប់ម្ហូបអាហារ៕