មូលបត្រ Tesla បានកើនឡើង12% ដែលនេះបានជួយឱ្យ Elon Musk រកបានប្រាក់ជិត12ពាន់លានដុល្លារបន្ថែមទៀត បន្ទាប់ពីការជួញដូររយៈពេល24ម៉ោង កាលពីដំណាច់ខែសីហា។
CEO របស់ Tesla លោក Elon Musk កាលពីថ្ងៃទី31សីហា បានលោតរំលងម្ចាស់ Facebook លោក Mark Zuckerberg នៅលើតារាងចំណាត់ថ្នាក់នៃក្រុមអ្នកមានបំផុតរបស់ពិភពលោក ដោយសារមូលបត្រ Tesla កើនឡើងជាង12%។ លោក Musk បច្ចុប្បន្នមានទ្រព្យចំនួន115.4ពាន់លានដុល្លារ ខ្ពស់ជាងច្រើនបើធៀបនឹង110.8ពាន់លានដុល្លាររបស់លោក Zuckerberg ដែលជាម្ចាស់ Facebook។ ក្នុងការជួញដូរក្នុងផ្សារមូលបត្រកាលពីម្សិលមិញ លោក Musk រកបានប្រាក់ដល់ទៅ11.7ពាន់លានដុល្លារ។ នេះបើតាម Bloomberg Billionaires Index។
គិតចាប់ពីដើមឆ្នាំ2020នេះ លោក Musk រកបានរហូតដល់87.8ពាន់លានដុល្លារ ដោយសារមូលបត្រ Tesla កើនឡើងជិត500%។ បើសិនជាបានជួយឱ្យក្រុមហ៊ុនសម្រេចបានគោលដៅដែលក្រុមប្រឹក្សាភិបាលបានដាក់ចេញ នោះ Musk នឹងទទួលបានជាង50ពាន់លានដុល្លារបន្ថែមទៀត។
ទុនរបស់ Tesla ដែលបច្ចុប្បន្នមានតម្លៃ464ពាន់លានដុល្លារ រកបានចំណូលច្រើនជាង Walmart ដែលជាក្រុមហ៊ុនលក់រាយធំបំផុតនៅសហរដ្ឋអាមេរិកទៅទៀត។ កាលពីសប្ដាហ៍មុន លោក Musk ក៏មានឈ្មោះនៅក្នុងចំណោមក្រុមមនុស្សដែលមានទ្រព្យសម្បត្តិច្រើនជាងរយពាន់លានដុល្លារ ដែលក្នុងនោះរួមមាន លោក Jeff Bezon (ម្ចាស់ Amazon) លោក Bill Gates (សហស្ថាបនិករបស់ Microsoft) និង Mark Zuckerberg (ស្ថាបនិករបស់ Facebook)។
អ្នកមានជាងគេបង្អស់ក្នុងពិភពលោកនាបច្ចុប្បន្ន នៅតែជា Bezos ដោយមានទ្រព្យសម្បត្តិសរុបឡើងដល់ 202ពាន់លានដុល្លារ។ លោក Bill Gates ឈរលំដាប់ទី2 ជាមួយនឹងទ្រព្យសរុប 125ពាន់លានដុល្លារ៕
ប្រភព៖ Bloomberg