ក្រោយដាក់បង្ហាញនៅក្នុងកម្មវិធី CES 2017 នៅទីក្រុង Las Vegas សហរដ្ឋអាមេរិកកាលពីដើមឆ្នាំ ទូទឹកកកម៉ូដែលថ្មីបំពាក់បច្ចេកវិទ្យា InstaView ប្លែកដាច់គេដោយគ្រាន់តែគោះ 2 ដងអាចមើលឃើញឆ្លុះដល់ខាងក្នុងដោយមិនចាំបាច់បើកទ្វារទូទឹកកក បានមកដល់ទីផ្សារកម្ពុជាយើងហើយកាលពីល្ងាចថ្ងៃទី9 ម្សិលមិញនេះ។
បច្ចេកវិទ្យា InstaView ឬយើងអាចហៅថា “គោះ 2ដង ឃើញ” ត្រូវបានក្រុមហ៊ុន LG បញ្ជាក់ថា ជាបច្ចេកវិទ្យាថ្មីអាចជួយសន្សំសំចៃនិងកាត់បន្ថយការសាយភាយភាពត្រជាក់ពីក្នុងទូទឹកកកមកខាងក្រៅបាន។ មិនត្រឹមតែប៉ុណ្ណោះវាបានបំពាក់នូវ Linear Compressor ដែលជួយដល់ការសន្សំសំចៃអគ្គិសនីរហូតដល់ 36% លើសពីទូទឹកកកស៊េរីមុន។ ទូទឹកកកម៉ូដែល GC-X247CSAV ជាជំនាន់ថ្មីមួយនៃត្រកូលទូទឹកកក Door-in-Door™ ដែលមានន័យថា ទ្វាររបស់ទូទឹកកកនេះមាន 2 ស្រទាប់ ដោយស្រទាប់ខាងក្រៅ យើងអាចគោះ 2 ដងឱ្យទូទឹកកកបញ្ចេញពន្លឺ ដើម្បីយើងអាចមើលឃើញផ្ទៃខាងក្នុងបានដោយមិនចាំបាច់បើកទ្វារមើលឡើយ។ ដោយឡែកផ្ទៃខាងក្នុងទូទឺកកកនេះក៏មានបែងចែកជាផ្នែកៗ សម្រាប់ទុកដាក់បន្លែ ត្រីសាច់ ភេសជ្ជៈ រួមនឹងមានកន្លែងសម្រាប់ដាក់ស្រាទំពាំងបាយជូផងដែរ។
ចំពោះផ្នែកខាងក្រៅ វាក៏មានកន្លែងសម្រាប់ចុចទឹកផឹក និងកន្លែងចុចយកទឹកកក ដែលមានបែងចែកជា 2 ប្រភេទ មួយជាប្រភេទដុំ និងមួយទៀតជាប្រភេទកម្ទេចទឹកកកតូចៗ ដូចទឹកកកឈូស។ ក្រៅពីនេះ វាក៏មានមុខងារចាក់សោរ ដើម្បីកុំឱ្យក្មេងចុចលេង រួមនឹងកម្មវិធីដែលអាចតភ្ជាប់ជាមួយនឹងទូរស័ព្ទដៃសម្រាប់គ្រប់គ្រងផ្ទាល់ចេញពីស្មាតហ្វូនបានទៀតផង។ យ៉ាងណាមិញ ទូទឹកកកម៉ូដែល GC-X247CSAV នេះត្រូវបានគេបង្ហើបឱ្យដឹងថា នឹងមានតម្លៃប្រមាណ 2,199 ដុល្លារ សម្រាប់ទីផ្សារកម្ពុជាយើង៕