ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី1 ខែកញ្ញា នេះបានចេញសេចក្តីណែនាំថ្មីមួយស្តីពីការបើកដំណើរការឡើងវិញនូវគ្រឹះស្ថានសិក្សាឯកជនក្នុងដំណាក់កាលទី2 ខណៈដែលសាលាជាច្រើនបានរៀបចំអនុវត្តតាមការណែនាំដើម្បីដាក់ឱ្យសិស្សបានចូលរៀនឡើងវិញ។
ក្រសួងអប់រំ បានបញ្ជាក់ថា ក្រោយពីការដាក់ឱ្យអនុវត្តវិស្សមកាលតូចមុនកាលកំណត់ និងការដាក់ឱ្យបន្តវិស្សមកាល ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 គ្រឹះស្ថានសិក្សាឯកជន និងសិស្សានុសិស្ស និស្សិតមួយចំនួនបានអនុវត្តការបង្រៀន និងរៀនតាមវិធាននៃការសិក្សាពីចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិក ក្រោមការជួយគាំទ្ររបស់មាតាបិតា អ្នកអាណាព្យាបាល លោកគ្រូ អ្នកគ្រូ និងគណៈគ្រប់គ្រងសាលារៀន។
ស្របពេលជាមួយគ្នានេះ ក្រសួងអប់រំ បានអនុម័តនូវឯកសារចំនួន 2 គឺទី1 យុទ្ធសាស្ត្រស្តីពីការបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ និងទី2 គោលការណ៍ប្រតិបត្តិស្តង់ដា (SOP) សម្រាប់ដំណើរការគ្រឹះស្ថានសិក្សាឡើងវិញក្នុងបរិបទនៃជំងឺ Covid-19។ ឯកសារទាំងពីរនេះជាការតម្រង់ទិសក្នុងទិដ្ឋភាពយុទ្ធសាស្ត្រ និងបច្ចេកទេស សម្រាប់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន ក្នុងការត្រៀមលក្ខណៈសម្រាប់បើកដំណើរការឡើងវិញ។
ក្រសួងថា ដើម្បីធានាឱ្យការបើកដំណើរការឡើងវិញរបស់គ្រឹះស្ថានឯកជន ក្នុងដំណាក់កាលទី2 ឱ្យមានប្រសិទ្ធភាព និងប្រកបដោយសុវត្ថិភាព ក្រសួងបានធ្វើការណែនាំដល់គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាឯកជនទាំងអស់ មាតាបិតា និងអ្នកពាក់ព័ន្ធជាច្រើនទៀត ឱ្យត្រៀមលក្ខណៈ និងបើកដំណើរការគ្រឹះស្ថានឡើងវិញ ដោយមានការយកចិត្តទុកដាក់លើការរកម្សាគម្លាតសុវត្ថិភាព ការលើកកម្ពស់សុខភាពសិក្សា និងផ្នែកសំខាន់ៗជាច្រើនផ្សេងទៀត៕