ទីក្រុងវៀងច័ន្ទន៍ ប្រទេសឡាវ/ហាណូយ ប្រទេសវៀតណាម ថ្ងៃទី31 ខែសីហា ឆ្នាំ2020 – ថ្ងៃនេះ បណ្តាញសង្គមហ្វេសប៊ុក(Facebook) និងលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ(MRCS) បានប្រកាសដាក់ដំណើរការនូវគំនិតផ្តួចផ្តើមរួមគ្នាមួយ ដើម្បីផ្តល់ការជូនដំណឹងជាមុន ស្តីពីគ្រោះទឹកជំនន់ និងព័ត៌មានតាមដានពីគ្រោះរាំងស្ងួត ដល់សហគមន៍ និងប្រទេសក្នុងតំបន់ទន្លេមេគង្គក្រោម។
ជាកិច្ចសហប្រតិបត្តិការដែលមិនធ្លាប់មានពីមុនមក គំនិតផ្តួចផ្តើមរួមគ្នានេះ មានគោលដៅលើកកម្ពស់ការយល់ដឹងរបស់សាធារណជនជាទូទៅ នៅក្នុងប្រទេសជាសមាជិកទាំង4 របស់ MRC រួមមាន ប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម អំពីប្រព័ន្ធព័ត៌មានទឹកជំនន់ និងគ្រោះរាំងស្ងួតរបស់ MRC និងបណ្តុះបណ្តាលសមត្ថភាពមន្ត្រីពាក់ព័ន្ធ អំពីការប្រើប្រាស់ប្រព័ន្ធឌីជីថលតាមអ៊ីនធើណិត។ កិច្ចសហប្រតិបត្តិការនេះ មានរយៈពេល 1ឆ្នាំ ពោលគឺ ពីឆ្នាំ2020 ដល់ឆ្នាំ2021។
លោកស្រី សានទិ អាឡិចហ្សានដឺរ (Shanti Alexander) អ្នកគ្រប់គ្រងកិច្ចការសហគមន៍របស់ Facebook ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានថ្លែងថា៖ “នៅ Facebook យើងតែងតែស្វែងរកមធ្យោបាយថ្មីៗ ដើម្បីផ្តល់ការគាំទ្រដល់កិច្ចការអភិវឌ្ឍន៍នៅក្នុងតំបន់នេះ។ ជាមួយនឹងឧបករណ៍សម្បូរបែបជាច្រើន ដែលជួយដល់សហគមន៍ឱ្យចេះត្រៀមខ្លួន ឆ្លើយតប និងស្តារឡើងវិញនូវសមត្ថភាព និងដើម្បីបង្កើតភាពធន់នឹងគ្រោះមហន្តរាយ យើងសប្បាយចិត្តដែលបានរួមគ្នាជាមួយ MRC ដើម្បីផ្តល់ព័ត៌មានពីគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតដែលអាចកើតមាន ជូនប្រជាពលរដ្ឋរាប់លាននាក់នៅក្នុងតំបន់នេះ ដើម្បីឱ្យពួកគេត្រៀមឱ្យបានកាន់តែប្រសើរ សម្រាប់ប្រឈមនឹងវិបត្តិនេះ”
បើយោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ ស្តីពីការបាត់បង់ផ្នែកសេដ្ឋកិច្ច ភាពក្រីក្រ និងគ្រោះមហន្តរាយ នៅក្នុងរយៈពេល 2ទសវត្សរ៍ចុងក្រោយនេះ គេសង្កេតឃើញថា ការបាត់បង់ផ្នែកសេដ្ឋកិច្ចដោយផ្ទាល់ ពីគ្រោះមហន្តរាយទាក់ទងនឹងអាកាសធាតុ បានកើនឡើងរហូតដល់ទៅ 250%។ នៅក្នុងតំបន់មេគង្គក្រោម ចន្លោះពីឆ្នាំ1998 ដល់ឆ្នាំ2017 ប្រទេសថៃបានរងការវាយប្រហារអាក្រក់បំផុត ដែលធ្វើឱ្យមានការខូចខាតជាទឹកប្រាក់ប្រមាណជា 52.4ពាន់លានដុល្លារអាមេរិក។
បើយោងតាម MRC ខណៈដែលទឹកជំនន់ប្រចាំរដូវ បាននាំមកនូវអត្ថប្រយោជន៍ផ្សេងៗគ្នាដល់តំបន់ ការខាតបង់ប្រចាំឆ្នាំជាមធ្យមកើតចេញពីទឹកជំនន់នៅក្នុងអាងទន្លេមេគង្គក្រោម មានតម្លៃប្រមាណពី 60 ទៅ 70លានដុល្លារអាមេរិក នេះបើគិតជារួម។ ប្រទេសកម្ពុជា និងវៀតណាម បានបាត់បង់ប្រមាណ 2ភាគ3 នៃការខូតខាតដោយទឹកជំនន់ប្រចាំឆ្នាំសរុបនៅក្នុងតំបន់ទន្លេមេគង្គ នេះបើគិតដោយឡែក។
ការសិក្សាជាច្រើនរបស់ MRC នាពេលថ្មីៗនេះ ក៏បានបង្ហាញផងដែរថា ព្រឹត្តិការណ៍ទឹកជំនន់ក្នុងតំបន់អាងទន្លេមេគង្គក្រោម បានកើនឡើង ជាញឹកញាប់ និងកាន់តែធ្ងន់ធ្ងរឡើង នៅក្នុងប៉ុន្មានទសវត្សរ៍កន្លងមកនេះ ហើយនិន្នាការនេះ នឹងបន្តទៅមុខទៀត។ អាងទន្លេនេះ ក៏ងាយនឹងរងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុបន្ថែមទៀតផងដែរ ដែលរួមបញ្ចូលទាំងកំណើនសីតុណ្ហភាពនៃមេដ្យាន ដែលបានព្យាករទុកប្រមាណ 0.8ដឺក្រេ នៅឆ្នាំ2030។
“យើងមើលឃើញពីសារៈសំខាន់ខ្លាំងបំផុត នៃការផ្តល់នូវព័ត៌មានដែលគួរឱ្យទុកចិត្ត និងទាន់ពេលវេលា ស្តីពីកម្ពស់ទឹក ដល់ប្រទេស និងបណ្តាសហគមន៍នានាតាមដងទន្លេមេគង្គ ដែលប្រឈមនឹងគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត ព្រមទាំងការប្រែប្រួលអាកាសធាតុ ដើម្បីឱ្យពួកគាត់អាចចាត់វិធានការទាន់ពេលវេលា ក្នុងការចៀសវាង ឬកាត់បន្ថយហានិភ័យ និងរៀបចំឆ្លើយតបប្រកបដោយប្រសិទ្ធភាព។ នេះបើតាមការលើកឡើងរបស់បណ្ឌិត អានុល័ក គិតិឃួន (Anoulak Kittikhoun) ប្រធានមន្ត្រីផ្នែកយុទ្ធសាស្ត្រ និងភាពជាដៃគូរបស់ MRCS។
MRC បានដំឡើងស្ថានីយជលសាស្ត្រចំនួន22 តាមដងទន្លេមេ នៃទន្លេមេគង្គ ក្នុងអាងទន្លេ មេគង្គក្រោម ដើម្បីតាមដាន និងប្រមូលទិន្នន័យពីកម្រិត និងកម្ពស់ទឹក និងបរិមាណភ្លៀងធ្លាក់នៅក្នុងទន្លេ ដែលទិន្នន័យទាំងនេះ បានបញ្ចូលទៅក្នុងប្រព័ន្ធព្យាករទឹកជំនន់ និងគ្រោះរាំងស្ងួតមេគង្គរបស់ MRC។ ប្រព័ន្ធនេះ ផ្តល់ទិន្នន័យពីកម្ពស់ទឹកប្រចាំថ្ងៃដល់សាធារណជន និងរដ្ឋាភិបាលមេគង្គ រួមទាំងការជូនដំណឹងជាមុនពីគ្រោះទឹកជំនន់ និងការព្យាករពីគ្រោះរាំងស្ងួត ដែលមានរយៈពេលពេញ 1ឆ្នាំ។
តាមរយៈកិច្ចសហប្រតិបត្តិការនេះ គេនឹងពន្យល់ពីប្រព័ន្ធផ្តល់ព័ត៌មួយនេះ តាមរយៈវីដេអូគំនូរជីវចល 3Dមួយ ដែលនឹងត្រូវចែកចាយលើបណ្តាញសង្គម Facebook ដើម្បីឱ្យបានទៅដល់សហគមន៍ អ្នកប្រើប្រាស់ទូទៅ នៅក្នុងតំបន់នេះ។
Facebook ក៏នឹងធ្វើការបំប៉នដល់មន្ត្រីពាក់ព័ន្ធមកពីប្រទេសជាសមាជិកទាំង4 ពីរបៀបប្រើប្រាស់ឧបករណ៍ឌីជីថលផ្សេងៗ ដើម្បីធ្វើការប្រាស្រ័យទាក់ទងឲ្យមានប្រសិទ្ធភាព និងរហ័ស ក្នុងអំឡុង និងក្រោយពេលមានគ្រោះមហន្តរាយ។ ការបណ្តុះបណ្តាល នឹងរួមបញ្ចូលនូវផែនទីដង់ស៊ីតេប្រជាជនរបស់ Facebook ដែលជាកម្មវិធីមួយប្រើប្រាស់បច្ចេកទេសរូបភាពដ៏ទំនើប ដើម្បីដាក់សំណុំទិន្នន័យសាធារណៈ និងបែបពាណិជ្ជកម្ម តាមរយៈសមត្ថភាពអេអាយ (Artificial Intelligence)។ ផែនទីទាំងនេះ មានលក្ខណៈលម្អិត រហូតដល់ 3ដងលើសពីប្រភពដែលមានស្រាប់៕
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
លោក មាស សុភក្ត្រ មន្ដ្រីទំនាក់ទំនងសម្រាប់អ្នកសារព័ត៌មាន
លេខាធិការដ្ឋាននៃគណៈកម្មការទន្លេមេគង្គ
អ៊ីមែល៖ [email protected]
ទូរសព្ទដៃ៖ +856-20-77779168
លោកស្រី ង្វៀន ឃូអិញ ត្រាំង
អ្នកគ្រប់គ្រងផ្នែកទំនាក់ទំនង
ហ្វេសប៊ុកប្រចាំប្រទេសវៀតណាម និងកម្ពុជា
អ៊ីមែល៖ [email protected]