សម្មិទ្ធិផលសំខាន់ៗនៅលើពិភពលោកជាច្រើនសុទ្ធតែកើតចេញពីស្នាដៃរបស់វិស្វករលើគ្រប់ជំនាញ ទាំងវិស្វករផ្នែកសំណង់ វិស្វករកម្មវិធី (software) និងវិស្វករជំនាញជាច្រើនផ្សេងៗទៀត។ ហេតុនេះហើយទើបវិស្វករបានដើរតួនាទីយ៉ាងសំខាន់ក្នុងការតភ្ជាប់សង្គមវប្បធម៌ និងការរស់នៅរបស់មនុស្សជាមួយបច្ចេកទេស វិទ្យាសាស្ត្រ និងនវានុវត្តន៍ជាដើម។
ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា វិស្វករជាស្ពានសម្រាប់តភ្ជាប់បច្ចេកវិទ្យា វិទ្យាសាស្ត្រ នវានុវត្តន៍ ដោយផ្សារភ្ជាប់ទៅនឹងការអភិវឌ្ឍជីវភាពសង្គម និងតម្លៃវប្បធម៌។ វិស្វករជាអ្នកជំនាញដែលអាចដោះស្រាយបញ្ហានានានៅក្នុងសង្គម ដោយបង្កើតស្នាដៃ ឬសម្មិទ្ធិផលនានាដោយបញ្ចូលផ្នត់គំនិតវប្បធម៌ និងការរស់នៅដើម្បីធ្វើឱ្យសម្មិទ្ធិផលដែលបង្កើតចេញមកមានភាពពេញលេញ និងប្រកបដោយគុណតម្លៃខ្ពស់សម្រាប់ការរស់នៅ។
ឯកឧត្តម រដ្ឋមន្ត្រីជំរុញឱ្យវិស្វករទាំងអស់ ទាំងវិស្វករជាតិ វិស្វករអាស៊ាន និងវិស្វករសំខាន់ៗលើពិភពលោកបង្កើតកម្មវិធីផ្លាស់ប្តូរយោបល់ ចំណេះដឹង និងបទពិសោធន៍ដើម្បីបង្កើនសម្ថភាពទាំងទ្រឹះស្តី និងការអនុវត្តឱ្យកាន់តែប្រសើរ។ ការធ្វើបែបនេះនឹងផ្តល់ឱកាសល្អសម្រាប់ឱ្យវិស្វករអាចរៀនសូត្រពីគ្នាដើម្បីបន្តអភិវឌ្ឍស្នាដៃដើម្បីចូលរួមលើកស្ទួយការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងបង្កើតបានជាភាពសុខដុមរមនា ក្នុងតំបន់រួមគ្នា។
ទន្ទឹមនឹងនេះ សម្រាប់បរិបទកម្ពុជា យើងត្រូវការវិស្វករដែលមានឆន្ទៈសិក្សាស្វែងយល់ឱ្យកាន់តែទូលំទូលាយពីផ្នែកនានាលើពិភពលោកសម្រាប់បោះជំហានទៅមុខឱ្យកាន់តែជោគជ័យ។ បន្ថែមពីលើនេះយើងក៏ត្រូវការជំរុញឱ្យមានការលើកកម្ពស់តួនាទីវិស្វករស្ត្រីផងដែរក្នុងការអភិវឌ្ឍសង្គម និងតម្រូវការជាបន្តបន្ទាប់ក្នុងការកសាងសមត្ថភាពសម្រាប់វិស័យវិស្វករវ័យក្មេងដើម្បីជំរុញឱ្យមានលក្ខណៈកាន់តែប្រសើរឡើង៕