បច្ចុប្បន្ននេះ ដោយសារតែការអភិវឌ្ឍយ៉ាងឆាប់រហ័សផ្នែកបច្ចេកវិទ្យា និងការអប់រំ យុវជនខ្មែរកាន់តែច្រើនឡើងៗមានសមត្ថភាពទទួលបានការបណ្តុះបណ្តាល និងអភិវឌ្ឍជាក្រុមការងារដើម្បីបង្កើតជាសម្មិទ្ធិផលសិល្បៈប្រកបដោយភាពច្នៃប្រឌិតយ៉ាងច្រើន។
ពាក់ព័ន្ធជាមួយនឹងសិល្បៈគំនូរជីវចលបែប Animation ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា បច្ចុប្បន្ននេះសិល្បៈគំនូរជីវចលបែប Animation នៅកម្ពុជាបានអភិវឌ្ឍគួរឱ្យកត់សម្គាល់។ នៅឆ្នាំនេះ មានចំនួនបេក្ខជនកើនឡើងដែលបានដាក់ពាក្យចូលរួមប្រកួតគំនូរជីវចលថ្នាក់ជាតិលើកទី7 ឆ្នាំ2020។ ចំណែកឯលទ្ធផលទៀតសោតក៏មានការអភិវឌ្ឍជាវិជ្ជមាន ព្រោះវីដេអូនីមួយៗមានអ្នកចូលមើលច្រើន និងគំនិតរឿងក៏មានភាពច្នៃប្រឌិតខ្ពស់ ដែលបង្ហាញពីការរីកចម្រើនផ្នែកសមត្ថភាពរបស់យុវជនខ្មែរទាំងផ្នែគចិត្តវិទ្យា សង្គមវិទ្យា និងបច្ចេកទេស ខុសពី20ឆ្នាំមុន។
ឯកឧត្តម ខៀវ កាញារីទ្ធ បានមានប្រសាសន៍ថា៖ «នៅពេលដែលចេះធ្វើគំនូរជីវចលបែប Animation ច្បាស់លាស់ហើយល្អ មិនចាំបាច់ធ្វើវែងពេកនោះទេ។ គេអាចធ្វើខ្លី តែមានន័យគ្រប់គ្រាន់ និងធ្វើឱ្យអ្នកមើលយល់បាន»។
ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់យោបល់ផងដែរថា អ្នកនិពន្ធសាច់រឿងក៏ចាំបាច់ត្រូវតែមានសិល្បៈឱ្យបានខ្ពស់ផងដែរចំពោះដំណាក់កាលនីមួយ។ អ្នកនិពន្ធសាច់រឿងពូកែ គឺត្រូវចេះលាក់សាច់រឿងដើម្បីកុំឱ្យអ្នកមើលស្មានដឹង ធ្វើឱ្យពួកគេតាមដានតាំងពីដើមរហូតដល់ចប់៕