ធ្លាប់នឹកសង្ស័យដែរឬទេថា ហេតុអ្វីបានជាគូអាពាហ៍ពិពាហ៍ថ្មោងថ្មីត្រូវតែទៅក្រេបរាត្រីច័ន្ទទឹកឃ្មុំ( Honeymoon ) តើវាជាច្បាប់កំណត់ ជាទំនៀមទម្លាប់ ឬជាអ្វី? និងបើគូស្នេហ៍ដូចរូបយើងមិនទៅហានីមូន តើខុសដែរឬទេ? ព្រោះជាធម្មតាយើងក៏តែងធ្វើដំណើរកម្សាន្តញឹកញាប់ស្រាប់ទៅហើយតើ! ហើយពាក្យថា “ក្រេបរាត្រីច័ន្ទទឹកឃ្មុំ” នេះវាកើតចេញមកទីកន្លែងណាទៅ ហេតុអីចាំបាច់ពិសេសជាងគេជាងឯង?។ គូអាពាហ៍ពិពាហ៍ថ្មីថ្មោងទាំងឡាយមិនចាំបាច់ឆ្ងល់ច្រើនទេ សូមនាំគ្នាមើលចម្លើយដូចតទៅ។
Honeymoon ឬរាត្រីក្រេបច័ន្ទទឹកឃ្មុំនេះមានប្រភពមកពីខាងបណ្ដាប្រទេសអឺរ៉ុបដែលបានប្រៀបធៀបការហានីមូននេះទៅនឹងការឡើង-ចុះរបស់ដួងព្រះច័ន្ទ ព្រោះអំឡុងខែដំបូងនៃការរៀបការ សេចក្ដីស្នេហានឹងក្រអូបផ្អែមឆ្អិតប្រៀបដូចទឹកឃ្មុំ ទើបហៅថា ហានីមូន។ តមកនាពេលក្រោយៗនេះ គូស្នេហ៍នៃសង្គមអភិជនក្នុងទ្វីបអឺរ៉ុបច្រើនតែធ្វើដំណើរទៅសួរសុខទុក្ខសាច់ញាតិដែលមិនបានមកចូលរួមពិធីមង្គលការនៅតាមទីក្រុងផ្សេងៗ ឬនៅក្រៅប្រទេស ដែលអាចរាប់បានថា ជាការធ្វើដំណើរកម្សាន្តដើម្បីបន្ធូរភាពតានតឹងពីការរៀបចំពិធីមង្គលការផងដែរ រហូតធ្វើឱ្យការទៅហានីមូននេះក្លាយជាទំនៀមទម្លាប់មួយដែលមិនអាចខកខានបាននាពេលបច្ចុប្បន្ននេះ។
La reine wedding tips មានហេតុផល 5 យ៉ាងដែលគូស្នេហ៍អាពាហ៍ពិពាហ៍ទាំងឡាយគួរតែទៅហានីមូនមកជម្រាបជូន ដើម្បីឱ្យគូស្វាមី-ភរិយាថ្មោងថ្មីមួយចំនួនដែលមើលមិនឃើញពីភាពចាំបាច់របស់ការទៅហានីមូននេះក្រោកឡើងមករៀបចំដំណើរកម្សាន្តក្រេបរាត្រីច័ន្ទទឹកឃ្មុំដ៏សែនផ្អែមល្ហែមនេះជាមួយគ្នា។
1 . បន្ធូរអារម្មណ៍តានតឹងពីការរៀបចំពិធីមង្គលការ
ទិដ្ឋភាពនៃពិធីមង្គលការដែលអ្នកទាំងពីរបាននឹករំពឹងទុកនោះ ប្រាកដណាស់ វាច្បាស់ជាត្រូវធ្វើនេះធ្វើនោះច្រើនណាស់ និងពេញទៅដោយការងារសំខាន់ៗ ទាំងការរៀបផែនការចាត់ពិធី ទីកន្លែង ធៀបការ វត្ថុអនុស្សាវរីយ៍ និងនេះនោះជាច្រើនទៀត ដូច្នេះទើបគូស្នេហ៍ពោរពេញទៅដោយភាពតានតឹងក្នុងអារម្មណ៍ និងភាពនឿយហត់ពីការរៀបចំពិធីមង្គលការនេះ អ៊ីចឹងហើយទើបការទៅហានីមូនប្រៀបដូចជាទៅសម្រាកលម្ហែបន្ធូរភាពនឿយហត់ទាំងអស់របស់អ្នកទាំងពីរដែរ។
2 . ជប់លៀងតែពីរនាក់ស្ងាត់ៗ
ជាការពិតហើយដែលអ្នកទាំងពីរបានធ្វើពិធីជប់លៀងពិធីមង្គលការធំដុំ មានញាតិមិត្តមករួមសម្ដែងក្ដីសោមនស្សរីករាយជាច្រើននោះ តែកុំគិតថាការជប់លៀងបែបស្ងាត់ៗតែពីរនាក់តទល់មិនសំខាន់ឱ្យសោះ តែវាថែមទាំងជារឿងដែលចាំបាច់ខ្លាំងទៀតផង ជាពិសេសចំពោះសុភាពនារីអាចនិយាយបានថា ជារឿងមួយដែលមិនអាចខ្វះបានឡើយនៅក្នុងសម្ព័ន្ធភាពនៃជីវិតអាពាហ៍ពិពាហ៍ គឺជាការបន្ថែមភាពផ្អែមល្ហែមដល់ជីវិតគូក៏អាចថាបានដែរ។ រឹតតែក្នុងអំឡុងពេលដែលផ្អែមល្ហែមបំផុតពេលហានីមូនផងនោះ ក្រៅពីបានទៅដើរលេងកម្សាន្តហើយ នៅមានផែនការជប់លៀងជាមួយគ្នាតែពីរនាក់ស្ងាត់ៗទៀតផង។ គិតមើលលេងៗទៅមើលថា តើគូស្នេហ៍របស់អ្នកនឹងមានសេចក្ដីសុខប៉ុនណាទៅ?។ សូមកុំភ្លេចថា រឿងការធ្វើឱ្យមានរឿងភ្ញាក់ផ្អើលល្អៗ គឺជារឿងចាំបាច់មួយសម្រាប់ជីវិតគូ ព្រោះរឿងទាំងអស់នេះបានសាងភាពរីករាយ និងសេចក្ដីសុខខ្លាំងមែនទែន។
3 . រៀនយល់ដឹងពីគ្នាទៅវិញទៅមក
អំឡុងពេលហានីមូន គឺជាឱកាសដែលអ្នកទាំងពីរបាននៅជាមួយគ្នា 24 ម៉ោង បានដើរលេង ប្រឡែងគ្នា និងកាន់ដៃគ្នា អាចហៅបានថា ជាអំឡុងពេលផ្អែមល្ហែមបំផុតមួយនៃជីវិតអាពាហ៍ពិពាហ៍។
អំឡុងពេលនេះអ្នកទាំងពីរនឹងមានសេចក្តីសុខបែបផុតកំពូល អ្វីៗក៏មើលទៅល្អ មើលទៅគួរឱ្យស្រឡាញ់ទាំងអស់ ដូច្នេះគឺពេលនេះហើយដែលជាចង្វាក់ល្អបំផុតដែលអ្នកនឹងបានស្គាល់ពីគូស្នេហ៍របស់ខ្លួនយ៉ាងស៊ីជម្រៅ អាចនិយាយបានថា បានសម្របសម្រួលខ្លួន បានរៀនយល់ដឹងពីគ្នាទៅវិញទៅមកយ៉ាងពេញទំហឹង មុននឹងត្រឡប់ទៅរស់នៅក្នុងជីវិតក្រោយអាពាហ៍ពិពាហ៍យ៉ាងពិតប្រាកដ។
4 . មានពេលវេលានៅជាមួយគ្នាតែពីរនាក់
គូស្នេហ៍ភាគច្រើនៗតែមានពេលវេលានៅជាមួយគ្នាតែពីរនាក់មិនច្រើនប៉ុន្មានឡើយក្នុងអំឡុងមុនពេលរៀបការ ដូច្នេះទើបការហានីមូនជាវិធីមួយដែលនឹងធ្វើឱ្យអ្នកទាំងពីរបានផ្អែមល្ហែមជាមួយគ្នាដូចចិត្តប្រាថ្នា ដូចពាក្យថា “ការធ្វើដំណើរផ្លូវឆ្ងាយ ធ្វើឱ្យយើងខិតជិតគ្នា”។
5 . រៀបចំផែនការអនាគតរួមគ្នា
ការទៅហានីមូនប្រៀបដូចជាការបើកឱកាសឱ្យទាំងពីរនាក់បាននៅជាមួយគ្នា ដោយគ្មាននរណាផ្សេងមកពាក់ព័ន្ធ។ ឱកាសនេះស័ក្តិសមបំផុតក្នុងការជជែកពិភាក្សាគ្នាយ៉ាងបើកចំហ ជាអំឡុងពេលដ៏ល្អមួយក្នុងការបានប្រឹក្សាអំពីរឿងរ៉ាវរបស់គ្នាទៅវិញទៅមក ឬរឿងមួយចំនួនដែលអាចនឹងភ្លេចមិនបានប្រាប់គ្នាឱ្យដឹងតាំងពីដំបូង និងជាឱកាសដ៏ល្អបំផុតសម្រាប់ការរៀបចំផែនការគ្រួសារនាពេលអនាគតទៀតផង។
ទាំង 5 ហេតុផលនេះ អាចប្រាប់បានថា ហេតុអីបានគូស្នេហ៍ទាំងអស់ចាំបាច់ត្រូវទៅហានីមូន ព្រោះក្រៅពីនឹងធ្វើឱ្យអ្នកទាំងពីរបាននៅនែបនិត្យជិតគ្នាច្រើនឡើងហើយ ការក្រេបរាត្រីច័ន្ទទឹកឃ្មុំថែមទាំងជាចំណុចចាប់ផ្ដើមក្នុងការធ្វើឱ្យជីវិតគូរបស់អ្នកផ្លាស់ប្ដូរទៀតផង៕