បន្ទាប់ពីកូនតូចកើតមកបើកភ្នែកមើលពិភពលោក រហូតចាប់ផ្តើមចេះក្រឡាប់ បន្ទាប់មកចាប់ផ្តើមចេះវារ និងចាប់ផ្តើមតោងឡើងឈរ រួចហើយកូនតូចនឹងចាប់ផ្តើមហាត់ដើរ។ ក្មេងតូចៗច្រើនតែនាំគ្នាចាប់ផ្តើមរៀនដើរនៅពេលអាយុចាប់ផ្ដើមចូល 1 ខួប តែនឹងឆាប់ចេះដើរ ឬក្រចេះដើរអាស្រ័យលើវិវឌ្ឍនាការរបស់ក្មេងម្នាក់ៗ តែនៅពេលដល់អំឡុងពេលដែលកូនតូចចាប់ផ្តើមហាត់ដើរនេះឪពុកម្តាយត្រូវយកចិត្តទុកដាក់ និងប្រយ័ត្នប្រយែងលើរឿងសុវត្ថិភាពជាពិសេស ព្រោះក្នុងអំឡុងពេលនេះកូនតូចច្រើនតែមិនសូវនៅស្ងៀមទេ តែនឹងចូលចិត្តធ្វើចលនាគ្រប់ពេលវេលា។
ដូច្នេះហើយដោយសារតែភាពដែលកូននៅមិនទាន់ដឹងក្តី អាចនឹងកើតមានការភ្លាំងភ្លាត់ ដួល ឬរមៀលធ្លាក់ពីទីខ្ពស់បាន ក្រៅពីនេះអ្នកម្តាយគួរយកចិត្តទុកដាក់លើងរឿងវត្ថុរបស់របរផ្សេងៗ ដូចជា ឌុយភ្លើង ឬវត្ថុមុតស្រួចគ្រប់ប្រភេទ គួរទុកដាក់ឱ្យឆ្ងាយពីខ្លួនកូនតូច។ សម្រាប់ឌុយ ឬព្រីភ្លើងអាចយកស្កុតស្អិតមកបិទពីលើឱ្យជិតដើម្បីការពារទុកជាមុន។ កូនតូចក្នុងវ័យហាត់ដើរនឹងចាប់ផ្តើមចាប់អារម្មណ៍ពីអ្វីៗជុំវិញខ្លួនច្រើនឡើងហើយ ឪពុកម្តាយគួរជួយបង្កើនវិវឌ្ឍនាការផ្សេងៗរបស់កូនដោយវិធីបើកបទភ្លេងឮស្រាលៗ ឬរករបស់លេងដែលមានពណ៌ស្រស់ស្អាត អាចជាប្រដាប់រៀបជារូបផ្សេងៗ ឬរបស់លេងក្មេងដែលមានសំឡេងក៏បាន។ គួររកបង្កាន់ដៃចាប់សម្រាប់ឱ្យកូនតូចតោងកាន់ពេលរៀនដើរនេះផង ព្រោះជាធម្មតាក្មេងតូចក្នុងវ័យនេះតែងតែព្យាយាមរកអ្វីតោងកាន់ដើម្បីក្រោកឈរ ដើម្បីឈានជើងដើរស្រាប់ហើយ។
ក្នុងអំឡុងពេលបែបនេះលោកឪពុកអ្នកម្តាយគួរមើលថែទាំកូនតូចកុំឱ្យរបូតផុតពីខ្សែភ្នែក បើមិនសូវមានពេលវេលាគ្រប់គ្រាន់ គួររកអ្នកដែលអាចទុកចិត្តបានមកជួយមើលកូនតូចដើម្បីជាការការពារគ្រោះថ្នាក់ផ្សេងៗដែលអាចកើតឡើងចំពោះកូនតូចបាន។ ក្រៅពីនៅក្នុងផ្ទះហើយ លោកឪពុកអ្នកម្តាយគួរនាំកូនតូចចេញទៅហាត់ដើរនៅក្នុងបរិវេណខាងក្រៅផ្ទះខ្លះផង ដូចជាអាចនៅក្នុងសួនច្បារសាធារណៈដើម្បីឱ្យគេបានឃើញធម្មជាតិ និងអ្វីផ្សេងៗជុំវិញខ្លួន នឹងជួយបង្កើនភាពស្វាហាប់ក្នុងការដើរដល់កូនតូចបានទៀតច្រើន។ ក្នុងអំឡុងវ័យហាត់ដើរ ពេលខ្លះកូនតូចនឹងតាំងចិត្តដើរសឹងតែពេញមួយថ្ងៃ ហាក់ដូចជារឿងប្លែកថ្មីមួយអ៊ីចឹង៕