ភ្នំពេញៈ ផ្សារទំនើបសូរិយាបានបញ្ចប់ការជួសជុលរួចរាល់ហើយ និងត្រៀមបើកសម្ពោធជាផ្លូវការនៅចុងឆ្នាំនេះ។
លោក ហាប់ រិទ្ធី នាយកគ្រប់គ្រងទូទៅនៃផ្សារទំនើបសូរិយាបានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី10 ខែសីហានេះថា ការជួសជុលផ្សារទំនើបដែលចំណាយប្រាក់អស់ជាង 5លានដុល្លារនេះ បានបញ្ចប់ជាស្ថាពរហើយ និងគ្រោងបើកសម្ពោធនៅចុងឆ្នាំនេះ ប្រសិនបើគ្មានអ្វីប្រែប្រួលទេនោះ។ ការជួសជុលនេះ បានធ្វើឲ្យផ្សារទំនើបដំបូងគេនៅរាជធានីភ្នំពេញនេះមានភាពទាក់ទាញនូវភោជនីយដ្ឋាន និងផលិតផលថ្មីៗដែលមានភាពល្បីល្បាញជាច្រើនដើម្បីលក់នៅក្នុងផ្សារទំនើបនេះ។
បន្ទាប់ពីជួសជុលរួចផ្សារទំនើបនេះក៏បានរៀបចំប្រព័ន្ធលក់ថ្មី និងដាក់តម្លៃទំនិញជាក់លាក់ ដោយមិនឱ្យកាត់តម្លៃតាមការនឹកឃើញរបស់អាជីវករទៀតទេ ពោលគឺផ្សារនេះនឹងរៀបចំជាស្តង់ដារអន្តរជាតិមួយ។
លោក ហាប់ រិទ្ធី បានបន្តថា “រហូតមកទល់ពេលនេះយើងមិនទាន់ទទួលបានព័ត៌មានថា ផ្សារទំនើបនេះនឹងទាក់ទាញអតិថិជនច្រើនជាងមុន ឬអត់នោះទេ ប៉ុន្តែយើងរំពឹងថា វានឹងទាក់ទាញអតិថិជនច្រើនជាងមុន។
លោក ឆារស៍ វ៉ាន់ តំណាងអ្នកវិនិយោគគម្រោងនេះបានមានប្រសាសន៍ថា ផ្សារទំនើបនេះបាន និងកំពុងរៀបចំប្រព័ន្ធនៃការលក់ ការរចនា និងការរៀបចំទំនិញតាមស្តង់ដារអន្តរជាតិដើម្បីទាក់ទាញអតិថិជនក្នុងស្រុកផង និងទាក់ទាញភ្ញៀវទេសចរបរទេសផង ព្រោះតំបន់នេះជាតំបន់ដែលមានភ្ញៀវទេសចរបរទេសចេញចូលច្រើន។
លោកបន្តថា “ការជួសជុលនេះមិនមានការកែប្រែលើទម្រង់អគាររបស់ផ្សារនោះទេ ប៉ុន្តែជាការកែប្លង់មួយចំនួននៅខាងក្នុងផ្សារ និងរៀបចំប្រព័ន្ធលក់ឡើងវិញ ពិសេសមានការដាក់លក់ផលិតផលគ្រឿងអនុស្សាវរីយ៍ថ្មីៗ ដើម្បីធ្វើឲ្យផ្សារនេះកាន់តែមានទំនិញសម្បូរបែប និងទាក់ទាញភ្ញៀវជាតិ-អន្តរជាតិ”៕