នាពេលថ្មីនេះ អតីតតារាចម្រៀងស្រីកំពូលនៅទ្រនំថោន មាស សុខសោភា សម្រុកចេញបទចម្រៀងបន្ដបន្ទាប់នៅក្នុងផលិតកម្ម Camtrax ដែលគេដឹងថាជាផលិតកម្មបណ្តាញសង្គមផ្ទាល់ខ្លួនរបស់តារាចម្រៀងស្រីរាជិនីសំឡេងផ្អែមរូបនេះ ក្រោយពីបានសម្រេចដើរចេញពីទ្រនំចាស់ ដែលធ្លាប់ជ្រកកោនជាង ៩ ឆ្នាំមកនោះ។
បទចម្រៀងថ្មីបែបមនោសញ្ចេតនា លន្លង់លន្លោច ជាច្រើនបទមានការទទួលបានការគាំទ្រពីប្រិយមិត្តអ្នកស្តាប់យ៉ាងច្រើន បានចូលទៅចុច Like & Comment ដោយគ្រាន់តែបានបញ្ចូលក្នុងបណ្តាញសង្គមយូធូបដូចជា ស្រណោះដៃប្ដី ចាំជានិច្ច និងបទសុំទោសខ្លួនឯង ដែលទើបតែបញ្ចេញប៉ុន្មានម៉ោងមុននេះ។
យ៉ាងណាមិញ គេនៅឃើញមានបទចម្រៀងថ្មីបន្ទាប់ទៀត ដែលតារាល្បីឈ្មោះរូបនេះចាប់ដៃគូច្រៀងជាមួយតារាចម្រៀង Original Song ខាងលើមានចំណងជើងថា “ម្ដងទៀត”។ បទនេះ បើដំណឹងទទួលបាន គឺជាបទចម្រៀងបង្កប់ក្រោយបទ “សង្សារចាស់” របស់លោក ម៉ា ច័ន្ទបញ្ញា កាលពីប៉ុន្មានខែមុននោះឯង ហើយនេះជាគេជឿថាជាមូលហេតុចម្បងមួយដែលតារាចម្រៀងប្រុសវ័យក្មេងរូបនេះ មានវត្តមានក្នុងបទចម្រៀងថ្មីរបស់ មាស សុខសោភា គ្រានេះ។
ចំណុចគួរចាប់អារម្មណ៍ បង្ហាញពីភាពកាន់តែប្លែកនោះ គឺថាបទរបស់ សោភា នេះមានតួអង្គស្រីមួយរូប មានមុខមាត់ស្អាត និងស្រដៀងគ្នាទៅហ្នឹងអតីតគូស្នេហ៍របស់លោក ម៉ា ច័ន្ទបញ្ញា បូករួមទាំងតួអង្គស្រីម្នាក់ទៀត ដែលបាន និងកំពុងអង្រួនចិត្តយុវវ័យ គឺ កញ្ញា លីនដា។ លីនដា ត្រូវបានអ្នកគាំទ្ររបស់នាង បានស្គាល់ក្នុងបទចម្រៀង “Demon” ក្នុងAlbum SKULL របស់ Vannda ដែលទើបតែនឹងចេញផ្សាយក្នុងពេលថ្មីៗនេះ។ តាមការបញ្ជាក់ពីប្រភពបានឲ្យដឹងថា បទ”ម្ដងទៀត” ធ្លាប់ចេញផ្សាយយ៉ាងខ្លី ជាសំឡេងមនុស្សប្រុស ភ្ជាប់នៅខាងក្រោយបទ “សង្សារចាស់” នាពេលកន្លងមក។ បទនេះ គ្រោងនឹងចេញបំបែកភាពស្ងប់ស្ងាត់របស់ មាស សុខសោភា ក្នុងពេលឆាប់ៗនេះ។ នេះបើព័ត៌មានដែលមាននៅលើ Poster ចម្រៀងដ៏គួរចាប់អារម្មណ៍៕