ពាក្យថា “បងស្រឡាញ់អូន ឬអូនស្រឡាញ់បង” ជាពាក្យសម្ដីងាយៗដែលគូស្នេហ៍គួរនិយាយប្រាប់គ្នាឱ្យបានរៀងរាល់ថ្ងៃ ព្រោះវានឹងសាងនូវអារម្មណ៍ល្អៗចំពោះគ្នាទៅវិញទៅមក តែត្រឹមតែពាក្យ 3 ម៉ាត់នេះ អាចនឹងមិនទាន់គ្រប់គ្រាន់ក្នុងការធ្វើឱ្យជីវិតជះពន្លឺនៃសេចក្តីសុខសុភមង្គលរហូតពេញមួយជីវិតអាពាហ៍ពិពាហ៍បានឡើយ ដូច្នេះហើយទើបអ្នកជំនាញការរឿងជីវិតនិងសុភមង្គលបានណែនាំថា គូស្វាមី-ភរិយាគួរពោលពាក្យសម្ដីសំខាន់ៗ 10 ប្រយោគខាងក្រោមនេះជាមួយគ្នាឱ្យបានរត់មាត់ បើនិយាយបានរាល់ថ្ងៃផងរឹតតែល្អទៅទៀត។
1 . “បង(អូន)សំណាងល្អណាស់ដែលបានរៀបការជាមួយអូន(បង)”
យើងគ្រប់គ្នាចង់បានការអះអាង និងចូលចិត្តពាក្យសរសើរពីគូស្នេហ៍ ហើយនឹងរឹតតែរំភើបចិត្តរហូតស្ទើរតែហោះទៅទៀតបើសិនជាស្វាមី ឬភរិយារបស់យើងម្នាក់ៗមានអារម្មណ៍ថា ការសម្រេចចិត្តប្រើជីវិតតទៅមុខទៀតទាំងអស់រស់នៅជាមួយនឹងយើង គឺជាការសម្រេចចិត្តដែលត្រឹមត្រូវបំផុតនោះ។
2 . “ឱ្យបង(អូន)ជួយអីខ្លះទេ?
គូស្នេហ៍ដែលរៀបការហើយកន្លះសតវត្សរ៍ ឬច្រើនជាងនោះ គេនឹងមិនព្យាយាមធ្វើខ្លួនជា “អ្នកប្រយុទ្ធជិះសេះស” ដែលចូលមកជ្រៀតជ្រែក ប្រាប់ឱ្យគូស្នេហ៍ធ្វើបែបនេះបែបនោះដើម្បីកែបញ្ហា ឬធ្វើខ្លួនដូចថា គឺខ្ញុំនេះឯងដែលអាចកែខៃបញ្ហាគ្រប់បែបយ៉ាងបានទាំងអស់នោះទេ ព្រោះអ្វីដែលគូជីវិតរបស់អ្នកចង់បានពិតប្រាកដនោះគឺ នៅចាំស្ដាប់គេយ៉ាងយល់ចិត្ត ដោយអ្នកគ្រាន់តែនិយាយថា “បង(អូន)នឹងក្បែរអូន(បង)ជានិច្ច” ឬ “មានអ្ីចង់ឱ្យបង(អូន)ជួយ ក៏ប្រាប់មកណា៎” វានឹងមានប្រសិទ្ធភាពខ្លាំងជាងទៅនិយាយថា “នែ ត្រូវធ្វើអ៊ីចេះណា៎!”
3 . “បង(អូន)ត្រូវការអូន(បង)”
ប្រាប់ឱ្យគូជីវិតដឹងថា អ្នកត្រូវការរូបគេខ្លាំងប៉ុនណាលើគ្រប់ៗផ្នែក រួមទាំងរឿងលើគ្រែផងដែរ រួចហើយភ្លើងប្រាថ្នារបស់អ្នកទាំងពីរនឹងឆេះព្រឹបឡើងម្ដងទៀត…។
4 . “អូន(បង)គិតយ៉ាងណាដែរ?”
ប្រយោគងាយៗ តែមានថាមពលខ្លាំងក្លាយ៉ាងមិនគួរឱ្យជឿ ជាពិសេសពេលពិភាក្សាគ្នាយ៉ាងក្ដៅគគុក សម្ដីនេះនឹងកាត់បន្ថយភាពខ្លាំងក្លាបាន ព្រោះវាជាការបបួលឱ្យស្វាមី ឬភរិយាសម្ដែងគំនិតយោបល់ និងប្រាប់ឱ្យគេដឹងថា អ្នកនៅតែផ្តល់ភាពសំខាន់ចំពោះគំនិតរបស់គេយ៉ាងខ្លាំងជានិច្ច។
5 . “បើសិនគ្មានបង(អូន) អូន(បង)មិនដឹងទៅជាយ៉ាងណាទេ?”
នៅពេលដែលអ្នកកំពុងស្ថិតក្នុងស្ថានការណ៍សោកសៅ ឬកំពុងប្រឈមនឹងបញ្ហាសំខាន់ក្នុងជីវិត ហើយមានអារម្មណ៍ល្អឡើងវិញដែលមានគេ(នាង)នៅក្បែរ និងផ្ដល់កម្លាំងចិត្តដល់អ្នកជានិច្ចនោះ ចូរកុំភ្លេចអរគុណគេ(នាង)ដោយប្រយោគនេះ ដើម្បីឱ្យគេ(នាង)បានដឹងថា គេ(នាង)គឺជាកម្លាំងជំរុញដ៏អស្ចារ្យ ធ្វើឱ្យអ្នកមានសេចក្តីសុខ និងធ្វើឱ្យអ្នករំភើបចិត្តមែនទែន។
6 . “បងស្រស់សង្ហា / អូនពិតជាស្អាតមែន”
ទោះជាមនុស្សយើងមិនបានសេពគប់គ្នាលើមុខមាត់ ឬរូបរាងខាងក្រៅក៏ដោយ តែក៏មិនអាចបដិសេធបានដែរថា យើងខ្លួនឯងក៏មានអារម្មណ៍ល្អដែរពេលដែលគូជីវិតសរសើរពីរូបរាងមុខមាត់របស់យើង ដែលពាក្យសរសើរបន្តិចបន្តួចទាំងនេះ ដូចជា “បងចូលចិត្តពេលអូនស្លៀកឈុតហ្នឹងមែនទែន” ឬ “បងឯងស្លៀកឈុតហ្នឹងហើយ សង្ហាមែនទែន” ក៏ធ្វើឱ្យគូចីវិតរបស់យើងមានអារម្មណ៍រំភើបសឹងតែហោះបានដែរទោះជារៀបការគ្នាមកយូរឆ្នាំហើយក៏ដោយ។
7 . “សូមទោសណា៎”
តើអ្នកបាននិយាយពាក្យមួយប្រយោគនេះលើកចុងក្រោយជាមួយគូជីវិតនៅពេលណាដែរ? សម័យនេះយើងបានឮពាក្យថា សូំទោស កាន់តែតិចទៅហើយ ព្រោះមនុស្សយើងច្រើនតែព្យាយាមរក្សាចរិតលក្ខណៈខ្លួនឯងឱ្យមើលទៅឃើញល្អ និងមិនសូវជាព្រមទទួលស្គាល់ចំពោះអ្វីដែលខ្លួនឯងបានធ្វើខុសឆ្គងប៉ុន្មានឡើយ តែចូរចាំទុកថា…ក្នុងជីវិតអាពាហ៍ពិពាហ៍ដែលសុខដុមរលូនល្អ គូស្នេហ៍ត្រូវមិនវាយឬកដាក់គ្នានោះឡើយ ពេលធ្វើខុស ក៏ត្រូវសូមទោស និងទទួលស្គាល់ចំណុចខុសឆ្គងចំពោះគ្នាទៅវិញទៅមក ទើបអាចរស់នៅជាមួយគ្នាបានយូរអង្វែង។
8 . “និយាយឱ្យបង(អូន)ស្ដាប់ផងមើល៍”
បើគូស្នេហ៍បានទៅជួបរឿងរ៉ាវដ៏គួរឱ្យរំភើបញាប់ញ័រណាមួយ ឬទើបតែត្រឡប់មកពីដើរលេងកម្សាន្តនោះ ចូរសាកល្បងសុំឱ្យគេរៀបរាប់ឱ្យស្ដាប់បែបមិនបាច់និយាយកាត់ ឬលូកមាត់ម្ដងទៅមើល។ ចង់រឿងតូច រឿងធំ ឬរឿងណាមួយក៏ដោយ ចូរសម្ដែងឱ្យគេដឹងថា យើងកំពុងតែយកចិត្តទុកដាក់ស្ដាប់នូវអ្វីដែលគេរៀបរាប់ប្រាប់នោះ តែប៉ុណ្ណឹងគេក៏នឹងពេញចិត្តបាត់ទៅហើយ។
9 . “អូន(បង)ឯងនិយាយត្រូវហើយ បង(អូន)ខុសខ្លួនឯង”
នៅពេលបញ្ហាបានធូរស្រាលឡើងហើយ ប្រយោគនេះនឹងធ្វើឱ្យគេស្ដាប់ឮហើយមានអារម្មណ៍ល្អខ្លាំងបំផុត និងភ្លេចរឿងរ៉ាវដែលបានឈ្លោះគ្នាពីមុនមកសឹងតែទាំងអស់ ដូច្នេះចូរព្យាយាមនិយាយប្រយោគនេះឱ្យបានញឹកញាប់ ទោះជាក្នុងចិត្តរបស់អ្នកអាចគិតថា គេខុស ហើយយើងត្រូវក៏ដោយ!។
10 . “មិនអីទេ បង(អូន)អត់ទោសឱ្យ”
មនុស្សយើង នរណាៗក៏សុទ្ធតែធ្លាប់ធ្វើខុសដែរ អ្នកខ្លួនឯងក៏ដូចគ្នាដែរ! ដូច្នេះការដែលអ្នកអត់ទោសឱ្យគេ វាគឺជាវត្ថុកាដូអនុស្សាវរីយ៍ដ៏មានតម្លៃខ្លាំងបំផុត ទោះជាអ្នកនៅមិនទាន់ចង់លើកលែងទោសឱ្យគេចេញពីដួងចិត្តពិតៗក៏ដោយ តែចូរចាំទុកថា ការធ្វើខ្លួនយើងឱ្យស្រឡះផុតពីភាពឈឺចាប់ និងឈប់រំឭកពីរឿងរ៉ាវដ៏អាក្រក់នោះ វានឹងជួយឱ្យអ្នកលែងមានអារម្មណ៍តានតឹង និងជំរុញឱ្យសម្ព័ន្ធភាពគ្រួសាររលូនល្អឡើងវិញទៀតផង។ ដូច្នេះ រឿងអ្វិដែលអាចចុះចាញ់បាន ក៏ធ្វើចាញ់ៗទៅចុះណា៎ ឡារ៉ែនសូមផ្ដាំ…៕