ឪពុកម្ដាយមួយចំនួនអាចនឹងអៀនខ្មាស មិនហ៊ានសម្ដែងចេញជាមួយកូនថា យើងស្រឡាញ់គេ។ រឹតតែកូនខ្លះកាន់តែធំឡើង គម្លាតឆ្ងាយក៏កាន់តែកើនច្រើនឡើង រឹតតែដល់ពេលកូនមានមិត្តភ័ក្តិ មានសង្គមថ្មីៗដែលគេបានជួបផងនោះ អាចនឹងធ្វើឱ្យលោកអ្នកលែងបានទំនាក់ទំនងជាមួយកូនតាមដែលគួរធ្វើបាន។ អូខេ! នាំគ្នាមកផ្លាស់ប្តូរទម្លាប់និស្ស័យរបស់យើងវិញប្រសើរជាង បើសិនជាលោកអ្នកខ្មាស់អៀនក្នុងការនិយាយ អ៊ីចឹងយើងនាំគ្នាមកសាកល្បងធ្វើរឿងទាំងអស់នេះម្ដងវិញប្រសើរជាង ដើម្បីប្រាប់ទៅកូនថា លោកអ្នកស្រឡាញ់ និងកង្វល់បារម្ភពីគេខ្លាំងប៉ុនណា។
1 . មិនលេងទូរស័ព្ទពេលនៅជាមួយកូន
នៅពេលអ្នកត្រឡប់មកដល់ផ្ទះ ឬកូនចូលមកក្នុងផ្ទះក្រោយត្រឡប់មកពីសាលា អ្នកគួរផ្ដល់ភាពសំខាន់ចំពោះគេមុនចាប់អារម្មណ៍នឹងទូរស័ព្ទ។ និយាយសាកសួរសុខទុក្ខកូនជាមុន ក្មេងៗនឹងចូលចិត្តណាស់ ព្រោះគេចង់និយាយរឿងនេះរឿងនោះឱ្យអ្នកបានស្ដាប់ច្រើនណាស់។ រដ្ឋាភិបាលនៃប្រទេសស៊ុយអែដបានបង្ហើបឱ្យដឹងថា ក្មេងៗជាង 33% មិនពេញចិត្តដែលឪពុកម្ដាយញៀនទូរស័ព្ទជ្រុលពេក។
2 . បិទទូរទស្សន៍ និងឧបករណ៍ផ្សព្វផ្សាយផ្សេងៗ
ពេលព្រឹកគួរតែជាវេលាដែលអ្នកបានផ្ដល់ទៅឱ្យកូន ផ្ដល់កម្លាំងចិត្តដល់គេមុននឹងចេញទៅប្រឈមនឹងរឿងរ៉ាវក្នុងថ្ងៃនេះ។ សាកល្បងប្ដូរពីការមើល ឬស្ដាប់ព័ត៌មានផ្សេងៗមកនិយាយលេងជាមួយកូនម្ដងមើល ធានាថា អ្នកនឹងរឹតតែស្និទ្ធស្នាលជាមួយកូនខ្លាំងឡើងមិនខាន។
3 . ប្រើពេលវេលាមុនពេលគេងនៅជាមួយកូន
អំឡុងពេលដែលល្អមួយទៀតក៏គឺ “មុនគេង” រឹតតែជាក្មេងតូចផងនោះ ការបានស្ដាប់រឿងនិទានមុនគេង នឹងជួយសាងសម្ព័ន្ធភាពដល់ក្មេង និងឪពុកម្ដាយ និងខ្លាំងជាងនោះទៅទៀត វានៅបានជួយជំរុញ និងបង្កើនខួរក្បាលកុមារទៀតផង។
4 . សម្ដែងសេចក្ដីស្រឡាញ់
ក្មេងនឹងបានដឹងពីសេចក្តីស្រឡាញ់តាមរយៈការប៉ះពាល់។ បើអ្នកមានអារម្មណ៍ថា អ្នកដូចជាឃ្លាតឆ្ងាយពីកូនពេកហើយនោះ ក៏អាចនឹងកាន់ស្មា ប៉ះខ្លួនកូនស្រាលៗ តែបើកូននៅតូចវិញ ចូរថើប និងឱបគេជានិច្ច។ ការប៉ះពាល់នឹងជួយកាត់បន្ថយអាការច្រងេងច្រងាង និងការបដិសេធសង្គមរបស់កូនបាន កូនរបស់អ្នកនឹងចូលចិត្តចូលទៅរកអ្នកដទៃ និងមានសេចក្ដីសុខជាមួយការមានបដិសម្ព័ន្ធជាមួយមនុស្សជុំវិញខ្លួន។
5 . ឱ្យពេលវេលាដល់កូន
លេងកីឡា ធ្វើម្ហូបអាហារ អានសៀវភៅ និយាយជាមួយកូន ចូរឱ្យពេលវេលាដល់គេ ធ្វើឱ្យដូចអ្នកជាមិត្តភ័ក្តិរបស់គេម្នាក់ដែរ។
6 . ដាក់ទោសដោយក្ដីស្រឡាញ់
នៅមានឪពុកម្ដាយជាច្រើននាក់ដែលជឿថា ការដាក់ទោសដោយវិធីហិង្សា នឹងធ្វើឱ្យកូនរាងចាល និងមិនធ្វើខុសទៀត តែអ្នកដឹងទេថា វាប្រែក្លាយជាការបង្រៀនឱ្យកូនយល់ដឹងថា អំពើហិង្សាហ្នឹងអាចកែបញ្ហាការមិនយល់ពីគ្នាបាន ដែលវាជាគ្រោះថ្នាក់ខ្លាំងណាស់ចំពោះកូននាពេលអនាគតខាងមុខ។ ដូច្នេះហើយចូរដាក់ទោសកូនយ៉ាងមានហេតុ និងផល និងឱ្យគេបានរៀនយល់ដឹងពីកំហុសឆ្គងទាំងនោះ។
7 . សរសេរសំណេរកំប្លែងៗ ឬផ្ដល់កម្លាំងចិត្តដល់គេ
សម័យនេះឪពុកម្ដាយអាចនឹងត្រូវផ្ញើសំណេរផ្សេងៗតាមទូរស័ព្ទទៅឱ្យកូនបានហើយ ដូច្នេះចូរកុំផ្ញើតែរឿងការងារ រហូតដល់ភ្លេចការលេងសើចបន្តិចបន្តួចខ្លីៗឱ្យសោះ។ សាកល្បងផ្ញើរសំណេរឆ្លើយតប ឬពាក្យលើកទឹកចិត្តខ្លីៗបែបកំប្លែងៗឱ្យកូនម្ដងមើល៍។
(នៅមានត)