ស្ពៃចង្កឹះ ៈ ជាបន្លៃដែលគេនិយមយកទៅធ្វើជាម្ហូបអាហារទាំងស្លឹក និងដើម មានប្រព័ន្ធចាក់ឫសរាក់ៗទៅក្នុងដី មានដើមឈរត្រង់ មួយគុម្ពៗមានទំហំអង្កត់ផ្ចិតប្រមាណជា 1.4 – 1.8 សង់ទីម៉ែត្រ កម្ពស់ប្រមាណជា 43 – 54 សង់ទីម៉ែត្រ មានស្លឹកជារាងបន្ទះមានពណ៌បៃតងចាស់មានលក្ខណៈរាបស្មើ និងដុះឡើងជាលក្ខណៈរីកឡើងទៅលើ។ អាយុនៃការប្រមូលផលគឺប្រមាណជា 35 – 45 ថ្ងៃបន្ទាប់ពីដាក់ដាំ។
ស្ពៃតឿ ៈ មានដើមកំណើតនៅក្នុងប្រទេសចិន ជប៉ុន អាស៊ីកណ្តាល ត្រូវបាននាំចូលមកដាំនៅក្នុងប្រទេសយើងជាយូរយាុយារណាស់មកហើយ។ ធាងស្លឹកមានពណ៌បៃតងខ្ចី លក្ខណៈសំប៉ែត ចំណែកគល់ធាងមានលក្ខណៈរីកធំ និងក្រាស់ ហើយស្រួច ចុងស្លឹកមូល មិនរួញ ស័ក្តិសមក្នុងការរីកលូតលាស់ធំធាត់ក្នុងសីតុណ្ហភាពចន្លោះពី 20 – 25 អង្សាC តែអាចទ្រាំទ្រនឹងសភាពសីតុណ្ហភាពខ្ពស់បានល្អជាងក្រុមបន្លែស៊ីមើម(ឆៃថាវ ការ៉ុត ជាដើម) ដូច្នេះហើយទើបយើងអាចដាំវាបានពេញមួយឆ្នាំ។
ការដាំ
- ការត្រៀមដី ៈ ភ្ជួរដាស់ដីជម្រៅប្រមាណជា 15 – 20 សង់ទីម៉ែត្រ រួចហាលចោល 7 ថ្ងៃ រួចហើយរាស់ ឬជ្រុំបំបែកដីឱ្យល្អិត ដាក់ជីលាមកគោ ឬជីធម្មជាតិក្នុងអត្រា 50 គីឡូក្រាមសម្រាប់ផ្ទៃដី 15 X 100 ម៉ែត្រមុននឹងធ្វើដីឱ្យរាបស្មើ រួចលើកជារងកម្ពស់ 20 សង់ទីម៉ែត្រ X ទទឹង 1 ម៉ែត្រ និងបណ្តោយតាមប្រវែងដី។
- វិធីដាំ ៈ នឹងប្រើវិធីព្រោះគ្រាប់ ដោយចាប់ផ្តើមពីការយកគ្រាប់ពូជ 1 ចំណែកលាយជាមួយដីខ្សាច់ម៉ដ្ឋ 3 ចំណែក បន្ទាប់ពីនោះគ្របពីលើរងដោយចំបើង រួចស្រោចទឹក ហើយព្រោះគ្រាប់ពូជលាយដីខ្សាច់នោះឱ្យសព្វលើរង បន្ទាប់មកស្រោចទឹកបន្ថែមឱ្យជោគ។ នៅពេលកូនស្ពៃលាស់ឡើងបានអាយុ 20 ថ្ងៃ ឬមានស្លឹក 4 – 5 សន្លឹកហើយ ចូរធ្វើការដកដាក់ដាំបំបែកដោយទុកចម្ងាយពីគ្នាពី20 – 30 សង់ទីម៉ែត្រ។
វិធីមើលថែទាំ
- ការស្រោចទឹក ៈ ស្ពៃចង្កឹះជាដំណាំដែលចូលចិត្តទឹកខ្លាំងណាស់ ដូច្នេះហើយទើបវារីកធំធាត់លូតលាស់បានល្អណាស់ គួរស្រោចទឹកមួយថ្ងៃ 1 – 2 ដង(ព្រឹក និងល្ងាច) ដោយការប្រើចំពួយទឹកផ្កាឈូកក្នុងការស្រោច។ ត្រូវតែកុំឱ្យខ្វះទឹក ព្រោះនឹងធ្វើឱ្យដំណាំស្ពៃឈប់លូតលាស់។
- ការដាក់ជី ៈ ដាក់ជី យូរៀ (46-0-0) ឬ25-7-7 ចំនួន 30 គីឡូក្រាមសម្រាប់ផ្ទៃដី 15 X 100 ម៉ែត្រ ដើម្បីពន្លឿនការលូតលាស់ធាង និងស្លឹក។ បន្ទាប់ពីដាក់ជីរួចគ្រប់ពេលត្រូវស្រោចទឹកឱ្យជោគភ្លាមៗ ដើម្បីកុំឱ្យជីនៅទើរលើស្លឹកព្រោះនឹងធ្វើឱ្យដំណាំខូចខាតបាន។
- ការការពារ និងកម្ចាត់សត្រូវដំណាំ ៈ បាញ់ការពារសត្វល្អិតសត្រូវដំណាំដោយទឹកថ្នាំឱសថបុរាណត្រាំដែលចម្រាញ់ចេញពីស្លឹកស្តៅ ស្បៃរឿង ប៉េងប៉ោះ ទន្រ្ទានខែត្រ ដោយយកទៅបាញ់នៅពេលព្រលប់ ឬពេលព្រលឹម ដើម្បីការពារសត្វដង្កូវស៊ីស្លឹក រួមទាំងអាចដាំដើមផ្កាស្បៃរឿង និងដើមប៉េងប៉ោះនៅចន្លោះៗរងក៏អាចជួយបណ្ដេញសត្វល្អិតបានផងដែរ។
វិធីប្រមូលផល
ដំណាំស្ពៃចង្កឹះ និងស្ពៃតឿនេះអាចប្រមូលផលបាននៅពេលដើមមានអាយុគ្រប់ 35 – 45 ថ្ងៃ ចូរប្រើកាំបិតមុតកាត់នៅត្រង់គល់គុម្ពស្ពៃណាដែលល្មមប្រមូលផល និងដោយសារតែបន្លែស្ពៃជារុក្ខជាតិដែលបៀមទឹក ដូច្នេះគួររក្សាទុកនៅក្នុងកន្លែងដែលមានសីតុណ្ហភាពទាប មានកម្រិតភាពសើមប្រមាណជា95 ភាគរយ នឹងអាចរក្សាទុកបានយូរដល់ទៅ 2 – 3 សប្ដាហ៍៕