ក្រុមប្រឹក្សាភិវឌ្ឍ បានប្រកាសអនុញ្ញាតគម្រោងសុំវិនិយោគរបស់ក្រុមហ៊ុនចំនួន 3 បន្ថែមទៀតក្នុងទំហំទឹកប្រាក់ប្រមាណ 46.2លានដុល្លារអាមេរិក និងទាញយកកម្លាំងពលកម្មរាប់ពាន់នាក់។
ក្រុមប្រឹក្សាអភិវឌ្ឍបានបញ្ជាក់ថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
- SHENGXING ZHONGGUO PHNOM PENH PACKAGING CO., LTD. គម្រោងបង្កើតរោងចក្រផលិតសំបកកំប៉ុង និងគម្របកំប៉ុង (អាលុយមីញ៉ូម និងដែក) គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃទទឹង និងភូមិដំណាក់ត្របែក ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង មានទុនវិនិយោគប្រមាណ36.5លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន 112នាក់។
- BAOXINGLONG INTERNATIONAL IMPORT AND EXPORT CO., LTD. គម្រោងបង្កើតរោងចក្រកែច្នៃសារាយសមុទ្រ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ6.3លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន 188នាក់។
- គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ម៉ាស់ ស្រោមដៃ កាបូប ថង់យួរដៃ និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះបាយរបស់ក្រុមហ៊ុន NEWTOSHI HOMEWEAR CO., LTD. គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញ “វិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ” ជូនដល់ក្រុមហ៊ុនខាងលើដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានទុនវិនិយោគប្រមាណ 3.4លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន 949នាក់៕