វិស័យធនាគារជាផ្នែកយ៉ាងសំខាន់មួយសម្រាប់ប្រទេសកម្ពុជា ដោយជារៀងរាល់ឆ្នាំបានបង្កើតផលចំណេញជាវិជ្ជមានជាច្រើនសម្រាប់សេដ្ឋកិច្ចកម្ពុជា។ ហេតុនេះហើយទើបធនធានមនុស្សនៅក្នុងវិស័យដ៏សំខាន់មួយនេះកំពុងក្លាយជាផ្នែកដែលចាំបាច់ត្រូវយកចិត្តទុកដាក់ដើម្បីអភិវឌ្ឍឱ្យកាន់តែប្រសើរឡើង។
ថ្មីៗនេះ ដើម្បីជំរុញឱ្យមានការអភិវឌ្ឍធនធានមនុស្សកាន់តែខ្លាំង ធនាគារជាតិនៃគម្ពុជា បានបង្កើតវគ្គសិក្សាតាមរយៈ Online ដោយវគ្គសិក្សានេះមានឈ្មោះថា NBC-FSI Connect។ វគ្គសិក្សា NBC-FSI Connect ជាវគ្គសិក្សាដែលតម្រូវឱ្យសិក្ខាកាមទាំងអស់រៀនពីចម្ងាយតាមរយៈប្រព័ន្ធអនឡាញ ក្នុងគោលបំណងធ្វើឯកទេសកម្មផ្នែកត្រួតពិនិត្យធនាគារ ដើម្បីឆ្លើយតបទៅតាមការប្រែប្រួលនៃនិម្មាបនកម្មហិរញ្ញវត្ថុនិងនិយាមអន្តរជាតិ និងសម័យកាលរីកចម្រើនៃប្រព័ន្ធធនាគារនាពេលបច្ចុប្បន្ន។
វគ្គសិក្សាដ៏មានសារៈសំខាន់នេះត្រូវបានបែងចែកជា 3កម្រិត គឺកម្រិតបឋម កម្រិតមធ្យម និងកម្រិតខ្ពស់ ដែលមានរយៈពេលសិក្សាជាង3ឆ្នាំ។ បើតាមធនាគារជាតិនៃកម្ពុជាបានបញ្ជាក់ថា នៅឆ្នាំ2020 នេះធនគារជាតិនៃកម្ពុជា បានទិញសិទ្ធសិក្សាវគ្គនេះសម្រាប់បណ្តុះបណ្តាលបុគ្គលិកប្រមាណជាង 300នាក់ ដែលនឹងដាក់ឱ្យប្រឡងតាមអនឡាញជាបន្តបន្ទាប់៕