Skip to content

ខ្សែប្រយុទ្ធ Gray ចូលទៅ​ក្លិប Watford ក្នុងតម្លៃ​ខ្លួន​ជា​កំណត់ត្រា​របស់​ក្លិប

ខ្សែប្រយុទ្ធ Andre Gray បាន​ចូលរួម​ជាមួយនឹង​ក្លិប Watford ដោយ​ចេញពី​ក្លិប Burnley ដែល​ស្ថិតក្នុង​ក្របខ័ណ្ឌ Premier League ដូចគ្នា​ក្នុងតម្លៃ​ខ្លួន​ជា​កំណត់ត្រា​របស់​ក្លិប។ នេះ​បើ​យោងតាម​ការប្រកាស​រប​ស់​ក្លិប​ថ្មី​របស់គេ​កាលពី​ថ្ងៃ​ពុធ។

ខ្សែប្រយុទ្ធ​សញ្ជាតិ​អង់គ្លេស​វ័យ26ឆ្នាំ​រូបនេះ​បាន​ចុះហត្ថលេខា​លើ​កុងត្រា​រយៈពេល5ឆ្នាំ ហើយ​ក្លិប Watford បាន​ចំណាយ​ប្រាក់​ប្រមាណ​ជា18.5លាន​ផោន (ស្មើនឹង24លាន​ដុល្លារ​អាមេរិក)។ Watford បាន​ឲ្យ​ដឹង​ក្នុង​សេចក្តីប្រកាស​មួយ​នៅលើ​គេហទំព័រ​របស់​ពួកគេ​ថា៖ «ក្លិប Watford FC ពិតជា​រីករាយ​ណាស់​ក្នុង​ការប្រកាស​ពី​ការចុះហត្ថលេខា​ជាមួយនឹង​ខ្សែប្រយុទ្ធ Andre Gray សម្រាប់​តម្លៃ​ខ្លួន​ជា​កំណត់ត្រា​របស់​ក្លិប»។ ក្លិប Watford បានប្រកាស​ពី​ការផ្ទេរ​នេះ តាមរយៈ​ទំព័រ​គណនី​នៃ​បណ្តាញ​សង្គម Twitter របស់ខ្លួន។

Gray បានបង្ហាញ​ខ្លួន​ក្នុង​រូបភាព​វីដេអូ​ដែល​ត្រូវបាន​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​នោះ​ដោយបាន​និយាយថា៖ «សួស្តី ឈ្មោះ​របស់ខ្ញុំ​គឺ Andre Gray។ ខ្ញុំ​ពិតជា​រីករាយ​ណាស់​ក្នុងការ​បាន​ចូលរួម​ជាមួយនឹង Watford និង​ពិតជា​ស្រេកឃ្លាន​ក្នុងការ​ចាប់ផ្តើម​ប្រកួត​ខ្លាំងណាស់»។ Gray បាន​ចូលរួម​ជាមួយនឹង​ក្លិប Burnley ដោយ​ចេញពី​ក្លិប Brentford ក្នុងតម្លៃ​ខ្លួន9លាន​ផោន កាលពី​ឆ្នាំ2015 និង​បាន​ស៊ុត​បាល់​បញ្ចូល​ទី33គ្រាប់​ក្នុង​រយៈពេល2រដូវ​កាល​នៅឯ​កីឡដ្ឋាន Turf Moor ក្នុងនោះ​រាប់បញ្ចូល​ទាំង​ការរកបាន9គ្រាប់​ក្នុង​ក្របខ័ណ្ឌ Premier League កាលពី​រដូវ​កាល​មុន​ផងដែរ។ ខ្សែប្រយុទ្ធ​រូបនេះ បាន​ស៊ុត​បាល់​បញ្ចូល​ទី​សរុប​ដល់​ទៅ 23គ្រាប់​ក្នុង​រដូវ​កាល​ឆ្នាំ2015-2016 ដែល​នៅពេលនោះ​ក្លិប Burnley បាន​ឡើង​ចេញពី​ក្របខ័ណ្ឌ Championship ទៅកាន់​ក្របខ័ណ្ឌ Premier League។ ស្របពេល​ជាមួយគ្នានេះ កាលពី​ថ្ងៃ​អង្គារ ក្លិប Watford បាន​បំពេញ​ការចុះហត្ថលេខា​ជាមួយនឹង​ខ្សែប្រយុទ្ធ​អន្តរជាតិ​ប្រេ​ស៊ី​ល Richarlison ពី​ក្លិប Fluminense ក្នុងតម្លៃ​ខ្លួន13លាន​ផោន៕

ប្រភពពី៖ Sky Sport

Leave a Reply

Your email address will not be published. Required fields are marked *