បណ្តាញគ្រឹះស្ថានអប់រំវេសឡាញនឹងបើកទ្វារទទួលសិស្សចូលរៀនឡើងវិញនៅដើមខែកញ្ញាខាងមុខនេះ ដោយ អនុវត្តតាមគោលការណ៍ប្រតិបត្តិស្តងដារសុវត្ថិភាពរបស់ក្រសួងអប់រំ យុវជន និងកីឡា បន្ទាប់ពីការដាក់ អនុវត្តវិស្សកាលតូចមុនកាលកំណត់ និងដាក់ឱ្យបន្តវិស្សកាល ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺCovid-19 ចាប់តាំងពីពាក់កណ្តាលខែមីនា។ នេះជាការលើកឡើងរបស់ឧកញ៉ា ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប ក្នុងពិធីណែនាំពីសាលារៀនវ៉េស្ទឡាញន៍ សាខាចំការសំរោង ខេត្តបាត់ដំបង។
ឧកញ៉ា ប៉ិច បូឡែន បានមានប្រសាសន៍ថា បណ្តាញគ្រឹះស្ថានអប់រំរបស់វេសឡាញបានត្រៀមលក្ខណៈរួចជា ស្រេច ដើម្បីបើកដំណើរសាលារៀនឡើងវិញដោយអនុវត្តតាមគោលការណ៍ និងសេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ជាពិសេសវិធានការបង្ការទប់ស្កាត់ជំងឺCovid-19 របស់ក្រសួងសុខាភិបាល។ ឧកញ៉ាមាន ប្រសាសន៍បន្ថែមទៀតថា សិស្សកម្មវិធីមត្តេយ្យ ចំណេះទូទៅខ្មែរថ្នាក់ទី1 ដល់ទី12 និងកម្មវិធីភាសាអង់គ្លេស នឹងចូលរៀនដើមខែកញ្ញា ដោយរក្សាគម្លាតសុវត្ថិភាព និងចំនួនសិស្សតាមការណែនាំរបស់ក្រសួងសុខាភិបាល និងក្រសួងអប់រំ ដោយសិស្ស ត្រូវពាក់ម៉ាស់ ឬរបាំងមុខរួមទាំងមានវិធានការពារជាច្រើនផ្សេងទៀត។ សិស្សត្រូវសិក្សានៅថ្នាក់រៀន2 ឬ3ថ្ងៃ តាមកម្រិត ហើយសិស្សក៏ត្រូវសិក្សាតាម ប្រព័ន្ធអនឡាញ និងពីចម្ងាយ ក្រោមការជួយគាំទ្ររបស់អ្នកអាណាព្យាបាល និង គ្រូបង្រៀនផងដែរ។
បណ្តាញគ្រឹះស្ថានអប់រំវេសឡាញ ត្រូវបានបង្កើតឡើងនៅឆ្នាំ2008 រួមមាន សាលារៀនវ៉េស្ទឡាញន៍ 9សាខា សាលារៀនណត្សឡាញន៍1សាខា សាលាអន្តរជាតិ អេបផលទ្រី 1សាខា សាលាអន្តរជាតិ ហ្វរ៉េសហ៊ាល 1សាខា សាលាភាសាអង់គ្លេស លីឌឺលែន 1សាខា និងវិទ្យាស្ថានអភិវឌ្ឍវិស័យអប់រំ 1សាខា។ នៅខែកញ្ញា ឆ្នាំ2020 ខាងមុខនេះ សាលារៀនវ៉េស្ទឡាញន៍ សាខាទី11 ខេត្តបាត់ដំបងនឹងចាប់ផ្តើមដំណើរការ។ រហូតមក ដល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនមានសិស្ស សរុបជាង13,000នាក់ និងបុគ្គលិកមានជាង1,300នាក់។
ម្ចាស់គ្រឹះស្ថានអប់រំខាងលើបានបន្ថែមទៀតថា ក្នុងអំឡុងពេលទប់ស្កាត់ជំងឺCovid-19 សិស្សគ្រប់កម្មវិធីបាន សិក្សាតាមប្រព័ន្ធអនឡាញ និងពីចម្ងាយ ហើយសាលារៀនបានផលិតវីដេអូមេរៀនដាក់បញ្ចូលកម្មវិធីទូរទស្សន៍ អប់រំអនឡាញ (WEG Education TV) និងកម្មវិធីយូធូប (WEG Education Youtube Channel) ព្រមទាំងបាន សហការជាមួយក្រុមហ៊ុនបច្ចេកវិទ្យាអប់រំ ដើម្បីបង្កើតវេទិកាអប់រំ (App) ផ្សេងៗ សម្រាប់ជំនួយដល់ការសិក្សា របស់សិស្ស ប្រព័ន្ធទំនាក់ទំនងជាមួយអ្នកអាណាព្យាបាល ប្រព័ន្ធគ្រប់គ្រងសាលារៀន ប្រព័ន្ធបង់ប្រាក់(App) តាមធានាគារដៃគូ ដើម្បីកាត់បន្ថយពេលវេលារងចាំរបស់អ្នកអាណាព្យាបាល នៅពេលខាងមុខ។
សម្រាប់បវេនសកាលឆ្នាំសិក្សាខាងមុខនេះ សាលារៀននឹងផ្តល់ជូនអាហារូបករណ៍រហូតដល់40% និងធានារ៉ាប់រងគ្រោះថ្នាក់ ព្រមទាំងការពារការសិក្សារបស់សិស្សានុសិស្សរហូតដល់5ឆ្នាំ៕