1/ ជំងឺផ្តាសាយប្រចាំរដូវកាល
គឺជាជំងឺផ្តាសាយដែលតែងតែឡើងជារឿយៗ និងគ្រប់ទីកន្លែងដោយសារមេរោគវីរុស(Virus) និងអាចចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមខ្យល់អាកាសតាមរយៈប្រព័ន្ធដកដង្ហើម ជាជំងឺផ្តាសាយដែលអាចបាត់ទៅវិញក្នុងរយៈពេល1 សប្តាហ៍។ អាការដែលសង្កេតដឹងច្បាស់បំផុតភាគច្រើនគឺ ឈឺក្បាល ឈឺតាមសាច់ដុំ គ្រុនក្តៅ ក្អក ឈឺក តឹងច្រមុះ ហៀរសំបោរ តែបើកើតលើកុមារ ស្ត្រីមានគភ៌ និងមនុស្សចាស់វិញមេរោគផ្សេងទៀតនឹងអាចជ្រៀតចូលមកក្នុងរាងកាយយ៉ាងងាយខ្លាំងណាស់ ហេតុនេះហើយទើបមនុស្សក្នុងក្រុមនេះ ចាំបាច់ត្រូវតែពិនិត្យតាមដាន និងមើលថែទាំពីគ្រូពេទ្យឱ្យបានដិតដល់បំផុត ដើម្បីបង្ការកុំឱ្យអ្នកជំងឺកើតជំងឺផ្សេងៗទៀត។ ឯវិធីការពារវិញ គឺមិនត្រូវនៅជិតអ្នកដែលមានអាការរោគនេះឡើយ ហើយត្រូវតែឧស្សាហ៍មើលថែសុខភាពរបស់ខ្លួនឱ្យបានល្អជាប់ជានិច្ច។
2/ គ្រុនផ្តាសាយ H1N1 (គ្រុនផ្តាសាយធំ 2009)
គ្រុនផ្តាសាយធំ H1N1 គឺជាអម្បូររបស់ជំងឺគ្រុនផ្តាសាយជ្រូក ដែលធ្លាប់បានឆ្លងរីករាលដាលយ៉ាងសាហាវក្នុងអំឡុងឆ្នាំ2009 រហូតត្រូវគេដាក់ឈ្មោះឱ្យជំងឺគ្រុនផ្តាសាយប្រភេទនេះមួយទៀតថា “គ្រុនផ្តាសាយធំ 2009”។ ជំងឺនេះមានអាការជារួមមិនខុសប្លែកពីជំងឺផ្តាសាយជ្រូកប៉ុន្មានទេ តែបើអ្នកជំងឺទាំងឡាយណាដែលមានអាយុច្រើនជាង65ឆ្នាំឡើងទៅ អាការអាចនឹងធ្ងន់ធ្ងរជាងអ្នកជំងឺដែលមានអាយុតិច។ ជំងឺគ្រុនផ្តាសាយធំប្រភេទនេះ អាចចម្លងបានរហ័សដូចជា ជំងឺគ្រុនផ្តាសាយប្រចាំរដូវកាលដែរ គ្រាន់តែបច្ចុប្បន្ននេះ ជំងឺគ្រុនផ្តាសាយ H1N1 បានធ្លាក់ចុះឥទ្ធិពលរបស់ខ្លួនមកនៅត្រឹមតែជាកម្រិតគ្រុនផ្តាសាយប្រចាំរដូវកាល និងមានវ៉ាក់សាំងចាក់សម្រាប់ការពារជំងឺផ្តាសាយអម្បូរនេះតែប៉ុណ្ណោះ។
3/ ផ្តាសាយបក្សី (Avian Flu)
មនុស្សជាច្រើនប្រហែលជាអាចនៅចាំបានពីជំងឺផ្តាសាយបក្សីនេះ ព្រោះវាក៏ធ្លាប់រីករាលដាលចូលមកក្នុងប្រទេសកម្ពុជាយើងមួយរយៈដែរ ហើយថែមទាំងបង្កជាសេចក្ដីភ័យខ្លាច និងក្ដីកង្វល់ដល់ប្រជាជនកម្ពុជាយើងយ៉ាងខ្លាំងទៀតផង។ ការពិត ជំងឺនេះមិនមែនមានប្រភពចេញពីសត្វមាន់នោះទេ ដើមហេតុនៃជំងឺនេះពិតប្រាកដ គឺកើតចេញមកពីសត្វបក្សីគ្រប់ប្រភេទ ហើយប្រភេទជំងឺដែលកាចសាហាវ និងមានគ្រោះថ្នាក់បំផុត ដែលធ្លាប់ឆ្លងរីករាលដាលចូលមកក្នុងប្រទេសកម្ពុជាយើង និងប្រទេសជិតខាងនោះ គឺ H5N1។
នៅពេលដែលវីរុសប្រភេទនេះចូលទៅក្នុងរាងកាយនរណាម្នាក់ហើយ បុគ្គលនោះនឹងមានអាការគ្រុនក្តៅ ក្អក និងពិបាកក្នុងការដកដង្ហើម ដែលអាចបណ្ដាលឱ្យអត្រានៃការបាត់បង់ជីវិតខ្ពស់ដល់ទៅ60% បើទោះបីជា បច្ចុប្បន្ននេះលែងមានរបាយការណ៍នៃការចម្លើងជំងឺគ្រុនផ្តាសាយបក្សីនេះក៏ដោយ ក៏អង្គការសុខភាពពិភពលោកនៅតែតាមដានយ៉ាងយកចិត្តទុកដាក់បំផុត ព្រោះខ្លាចជំងឺដ៏សាហាវនេះវិវឌ្ឍទៅជាជំងឺថ្មីដែលកាន់តែអាក្រក់ ជាពិសេសគឺចំពោះបណ្តាប្រទេសអាស៊ីខាងកើតតែម្ដង។ វិធីការពារជំងឺគ្រុនផ្តាសាយដ៏ងាយស្រួលបំផុតគឺ ចៀសវាងការប៉ះពាល់សត្វស្លាបគ្រប់ប្រភេទ(ពិសេសសត្វងាប់) មិនទទួលទានសាច់សត្វស្លាបដែលចម្អិនមិនបានឆ្អិនល្អ ហើយអ្វីដែលគួរចៀសវាងបំផុតនោះ គឺមិនត្រូវពិសាស៊ុតឆៅតែម្ដង។
4/ ផ្តាសាយជ្រូក (Variant Flu)
ក្រៅពីផ្តាសាយបក្សីហើយ ក៏នៅមានជំងឺគ្រុនផ្តាសាយមួយប្រភេទទៀតដែលមានគ្រោះថ្នាក់បំផុត កើតចេញមកពីសត្វដូចគ្នាដែរ នោះគឺជំងឺគ្រុនផ្តាសាយជ្រូក ដែលមានឈ្មោះហៅមួយទៀតថា H3N2V ដែលកើតពីវីរុសនៅក្នុងសត្វជ្រូក ដោយយើងតែងតែយល់ច្រឡំថា គ្រាន់តែជាជំងឺគ្រុនផ្តាសាយប្រចាំរដូវកាល(ផ្ដាសាយធម្មតា) ដោយសារតែវាមានអាការស្រដៀងគ្នាតែបើយើងពិនិត្យឱ្យដិតដល់នឹងឃើញថា វាមានសភាពធ្ងន់ធ្ងរខ្លាំងជាង។ តែទោះជាយ៉ាងនេះក្ដី ក៏ជំងឺគ្រុនផ្តាសាយជ្រូកនេះ នៅមានហានិភ័យទាបជាងគ្រុនផ្តាសាយបក្សីដែរ ព្រោះវាមិនអាចចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ងាយដូចគ្រុនផ្តាសាយបក្សីឡើយ ដោយឆ្លងតែក្នុងករណីដែលយើងទទួលទានសាច់ជ្រូកដែលមានមេរោគប្រភេទនេះស្រាប់ ដោយមិនបានចម្អិនឱ្យឆ្អិនល្អប៉ុណ្ណោះ។ រីឯវិធីការពារជំងឺនេះវិញ គឺត្រូវតែចម្អិនសាច់ជ្រូកឱ្យឆ្អិនល្អបំផុត និងជ្រើសរើសទិញតែសាច់ជ្រូកណាដែលល្អ មានអនាម័យមកទទួលទានប៉ុណ្ណោះ។
5/ ជំងឺអ៉ីបូឡា (Ebola)
ជាជំងឺដែលកំពុងតែបង្កការភ័យខ្លាចបំផុតសម្រាប់មនុស្សទូទាំងសកលលោកនាពេលបច្ចុប្បន្ននេះ ព្រោះអាចឱ្យអ្នកកើតស្លាប់ក្នុងរយៈពេលដ៏ខ្លី និងរហូតមកទល់នឹងបច្ចុប្បន្ននេះជំងឺនេះនៅមិនទាន់មានរិះរកវិធីព្យាបាល ការពារ ឬទប់ស្កាត់បាន100%នៅឡើយទេ។ ការឆ្លងរីករាលដាលថ្មីៗបំផុតនេះ គឺជាការចម្លងដ៏ធំបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ដោយចាប់ផ្តើមឆ្លងរីករាលដាលបំដូងនៅក្នុងបណ្តាប្រទេសអាហ្វ្រិកខាងលិច និងឆ្លងចូលទៅប្រទេសអាមេរិកលើកដំបូងក្នុងអំឡុងខែសីហា ឆ្នាំ2014 ដោយសារតែការបញ្ជូនភ្នាក់ងារសុខាភិបាលដែលមានឆ្លងមេរោគអ៉ីបូឡាត្រឡប់មកព្យាបាលនៅប្រទេសអាមេរិក។ ទោះជានៅពេលនេះសហរដ្ឋអាមេរិកអាចគ្រប់គ្រងការឆ្លងរីករាលដាលបានក៏ដោយ ក៏នៅក្នុងបណ្តាប្រទេសអាហ្វ្រិកខាងលិចមួយចំនួននៅតែមានអ្នកឈឺជំងឺនេះកើនឡើងជាបន្តបន្ទាប់ដដែល ដែលរហូតមកទល់នឹងពេលនេះ បានបណ្ដាលឱ្យមានអ្នកស្លាប់ច្រើនជាង5,000នាក់ទៅទៀត។
អាការរបស់ជំងឺអ៉ីបូឡានេះ នឹងចាប់ផ្តើមបង្ហាញឱ្យឃើញក្រោយពីឆ្លងមេរោគចូលមកក្នុងខ្លួនបាន2-21ថ្ងៃ នៅក្នុងរយៈដំបូងនឹងមានអាការគ្រុនក្តៅរងា ឈឺក្បាលយ៉ាងខ្លាំង ឈឺតាមសាច់ដុំ និងឈឺសន្លាក់ ឈឺក អស់កម្លាំងល្វើយ និងរាក បន្ទាប់ពីនោះអាការនឹងចាប់ផ្តើមធ្ងន់ធ្ងរខ្លាំងឡើងៗ ដូចជា ក្អួតចង្អោរ រាក មានឈាមចេញនៅក្នុងប្រព័ន្ធរំលាយអាហារ ធ្វើឱ្យបន្ទោបង់មកមានឈាម ភ្នែកឡើងក្រហម ឈឺដើមទ្រូង ចុកណែនម្តុំក្រពះ ទម្ងន់ខ្លួនធ្លាក់ចុះ មានឈាមចេញតាមច្រមុះ មាត់ ត្រចៀក ភ្នែកនិងទ្វារធំ អវយវៈភេទហើម ក្រៅពីនេះនៅមានអាការជ្រៀតជ្រែកផ្សេងៗទៀតដែលគ្រោះថ្នាក់ដូចជា ប្រព័ន្ធធ្វើការរបស់អវយវៈផ្សេងៗគាំង ធ្លាក់ឈាមធ្ងន់ធ្ងរ អារម្មណ៍វិលវល់ ប្រកាច់ និងបាត់ស្មារតីឆ្ពោះទៅរកសភាវខូម៉ា (Coma) ហើយបើទោះជាបានទទួលការព្យាបាលទាន់ពេលវេលាក៏ដោយ ក៏ត្រូវប្រើពេលវេលាជាច្រើនខែដែរ ទើបរាងកាយអាចវិលទៅរកភាពប្រក្រតីដូចដើមឡើងវិញ។
6/ ជំងឺគ្រុនផ្តាសាយធំ
គ្រុនផ្តាសាយធំការពារយ៉ាងណា? សម្រាប់ប្រទេសយើង ឱកាសដែលអាចបណ្ដាលឱ្យកើតជំងឺគ្រុនផ្តាសាយធំ គឺមានខ្ពស់ណាស់ ដោយក្នុងមួយឆ្នាំៗមានអ្នកកើតជំងឺនេះមិនតិចនាក់ឡើយ ដូច្នេះខាងក្រោមនេះគឺជាវិធីបង្ការកុំឱ្យឆ្លងជំងឺនេះ ដែលអ្នកត្រូវតែអនុវត្តឱ្យបាន។
- ចាក់វ៉ាក់សាំងការពារជំងឺគ្រុនផ្តាសាយធំ
បច្ចុប្បន្ននេះ ជំងឺផ្តាសាយធំអាចការពារបានតាមរយៈការចាក់វ៉ាក់សាំង ដូច្នេះដើម្បីសុវត្ថិភាពអ្នក និងសមាជិកគ្រួសារអ្នក គួរតែទៅចាក់វ៉ាក់សាំងការពារជំងឺគ្រុនផ្តាសាយធំនេះយ៉ាងហោចណាស់ក៏មួយឆ្នាំម្ដងដងដែរ។ - លាងសម្អាតដៃឱ្យបានញឹកញាប់
ការលាងដៃញឹកញាប់នឹងជួយឱ្យលោកអ្នកគេចផុតពីមេរោគផ្សេងៗដែលជាហេតុបង្កឱ្យកើតជំងឺគ្រុនផ្តាសាយធំបាន។ ដូច្នេះគ្រប់ពេលដែលអ្នកបានប៉ះពាល់វត្ថុផ្សេងៗនៅតាមទីសាធារណៈ ជាពិសេសពេលចូលបន្ទប់ទឹក និងមុនពេលទទួលទានអាហារអ្នកត្រូវតែលាងសម្អាតដៃឱ្យបានស្អាត ហើយក្នុងករណីដែលអ្នកមិនទាន់បានលាងសម្អាតដៃនោះ សូមកុំយកដៃទៅប៉ះម្តុំៗភ្នែក ច្រមុះ និងមាត់ឱ្យសោះ។ - ចៀសវាងការចេញទៅទីសាធារណៈ
នៅពេលកើតជំងឺគ្រុនផ្តាសាយធំបើលោកអ្នកកើតជំងឺគ្រុនផ្តាសាយធំ រឿងដ៏ល្អបំផុតដែលត្រូវធ្វើដើម្បីការពារកុំឱ្យរីករាលដាលទៅអ្នកដទៃ គឺសម្រាកនៅក្នុងផ្ទះ ដោយក្នុងអំឡុង5-7ថ្ងៃដំបូង សូមកុំទៅទីសាធារណៈ ឫកន្លែងទាំងឡាយណាដែលមានមនុស្សច្រើនឱ្យសោះ ព្រោះអាចចម្លងទៅអ្នកដទៃបាន និងត្រូវសម្រាកឱ្យបានគ្រប់គ្រាន់ ទទួលទានទឹកឱ្យបានច្រើន ជាពិសេសសូមទទួលទានថ្នាំតាមវេជ្ជបញ្ជាឱ្យបានទៀងទាត់ផង។
មេរោគអាចជ្រៀតចូលមកក្នុងខ្លួនអ្នកបានគ្រប់ពេល ដូច្នេះបើអ្នកមិនចង់ឱ្យមេរោគទាំងអស់នោះចូលមកបំផ្លាញសុខភាពរបស់អ្នកនោះវិធីដែលល្អបំផុត អ្នកត្រូវតែឧស្សាហ៍មើលថែទាំសុខភាពរបស់អ្នកឱ្យបានល្អ ទទួលទានដំណេកឱ្យបានគ្រប់គ្រាន់ ទទួលទានអាហារទាំងឡាយណាដែលមានអត្ថប្រយោជន៍ចំពោះសុខភាព និងហាត់ប្រាណឱ្យទៀងទាត់ស្របតាមច្បាប់ក្បួន បើអ្នកអាចធ្វើបាននោះនឹងគ្មានមេរោគណាមួយអាចជ្រៀតចូលមកក្នុងខ្លួនរបស់អ្នកបានឡើយ៕