ក្នុងពិធីអាពាហ៍ពិពាហ៍ម្តងៗ មានរឿងមួយដែលយើងមើលឃើញជាប្រចាំរហូតក្លាយជាទម្លាប់ ឬប្រពៃណីទៅហើយនោះគឺ ការឱ្យកូនក្រមុំបោះបាច់ផ្កាក្នុងថ្ងៃរៀបការ។ ចា៎ស មនុស្សជាច្រើនប្រហែលជានឹកឆ្ងល់ហើយមែនទេថា ហេតុអីចាំបាច់ត្រូវតែបោះបាច់ផ្កានោះទៅឱ្យគេដណ្តើម? មិនបាច់បោះមិនបានទេឬ? និងហេតុអីពេលកូនក្រមុំបោះមក ស្រីក្រមុំៗទាំងឡាយត្រូវតែដណ្តើមយកមកធ្វើជារបស់ខ្លួនឱ្យបានធ្វើអី?។ ចម្លើយមានដូចខាងក្រោមនេះ។
ការពិតទៅ ការបោះបាច់ផ្កាក្នុងថ្ងៃអាពាហ៍ពិពាហ៍នេះ គឺជាទំនៀមទម្លាប់ប្រពៃណីការរៀបការរបស់ជនជាតិលោកខាងលិចដែលមានមកតាំងពី 500 ឆ្នាំមកហើយ ដោយពីដំបូង កូនក្រមុំច្រើនតែគិតថា ខ្លួនប្រហែលជាលែងត្រូវការប្រើឈុតសម្លៀកបំពាក់កូនក្រមុំទៀតហើយ និងនាំគ្នាជឿថា ឈុតសម្លៀកបំពាក់កូនក្រមុំនេះគឺជាវត្ថុនាំជោគសំណាងសម្រាប់នារីដទៃ ដូច្នេះនូវពេលពិធីមង្គលការចប់សព្វគ្រប់ហើយនោះ កូនក្រមុំច្រើនតែប្រគល់ឈុតអាពាហ៍ពិពាហ៍នេះទៅឱ្យអ្នកដទៃ តែដោយសារមាននារីក្រមុំៗច្រើននាក់ និងឈុតមានតែមួយសម្រាប់ ទើបក្លាយជាការនាំគ្នាហែកឈុតកូនក្រមុំនោះម្នាក់មួយបន្ទះយកទៅទុកធ្វើជាវត្ថុនាំគូព្រេង ជោគសំណាង និងអនុស្សាវរីយ៍។
លុះពេលវេលាកន្លងទៅ ឈុតអាពាហ៍ពិពាហ៍របស់កូនក្រមុំមានតម្លៃកាន់តែថ្លៃឡើង និងចាប់ផ្តើមមានប្រពៃណីក្នុងការថែរក្សាឈុតអាពាហ៍ពិពាហ៍ទុកផងនោះ ទើបមានការផ្លាស់ប្តូរមកជាការបោះបាច់ផ្កាជំនួសវិញម្តង ព្រោះថា ផ្កាគឺជានិមិត្តរូបនៃភាពរីកលូតលាស់ និងដោយសារផ្កាស្រស់នឹងត្រូវស្រពោនរុះរោយផងនោះ ទើបកូនក្រមុំមិននិយមរក្សាទុក (តែគូអាពាហ៍ពិពាហ៍ខ្លះមិននិយមបោះបាច់ផ្កាឱ្យគេដណ្តើមទេ តែនឹងដើរចែកផ្កាជូនស្រ្តីក្រមុំៗម្នាក់1ទងៗជំនួសវិញ)។
សម្រាប់ចម្ងល់ដែលថា ហេតុអីពេលកូនក្រមុំប្រុងបោះបាច់ផ្កា ត្រូវតែមាននារីក្រមុំៗមករង់ចាំទទួលយកនោះ ក៏ព្រោះតែវាជាជំនឿដែលគេនាំគ្នាជឿថា បើស្រីក្រមុំណាម្នាក់ទទួលបានបាច់ផ្កាពីកូនក្រមុំ ស្រីក្រមុំនោះនឹងបានរៀបការបន្ទាប់ពីនោះទៅ ហ្នឹងឯង!។
សម្រាប់ផ្កាស្រស់កូនក្រមុំក្នុងថ្ងៃមង្គលការដែលគេនិយមប្រើគឺ ផ្កាកុលាបពណ៌ក្រហម តែក៏អាស្រ័យលើចំណង់ចំណូលចិត្តផ្ទាល់ខ្លួនរបស់កូនក្រមុំដែរ និងខាងក្រោមនេះគឺ អត្ថន័យរបស់ផ្កាដែលប្រើក្នុងថ្ងៃមង្គលការៈ
– បាច់ផ្កាកុលាប មានន័យពី សេចក្តីស្នេហាដ៏រ៉ូមែនទិក ភាពស្រស់ស្អាត មន្តស្នេហ៍ដ៏ទាក់ទាញ និងស្នេហាស្មោះរវាងកូនកំលោះ និងកូនក្រមុំ។
– បាច់ផ្កាលីលលី អហ្វ ឌឹ វ៉ាលលេយ៍ ( Lilly of the valley ) មានន័យពី ភាពទន់ភ្លន់ផ្អែមផ្ហែម សេចក្តីសុខរបស់កូនក្រមុំ និងដំណើរផ្លូវដែលនឹងនាំឆ្ពោះទៅជួបនឹងសេចក្តីសុខ ប្រៀបដូចនៅលើស្ថានសូគ៌។
– បាច់ផ្កាខាលឡា លីលលី ( Kalla lilly ) មានន័យពីភាពមានមន្តស្នេហ៍ ភាពស្រស់ស្អាតសង្ហា ភាពទំនើបខ្ពង់ខ្ពស់របស់កូនក្រមុំ ដែលនឹងលេចធ្លោដិតជាប់នៅក្នុងដួងចិត្តរបស់កូនកំលោះរហូតទៅ។
– បាច់ផ្កាធីវលីប ( Tulip ) មានន័យពី ភាពស្រស់ថ្លា សេចក្តីសុខ សេចក្តីសមបំណង ជាតំណាងរបស់សេចក្តីស្នេហាដែលពេញប្រៀបរវាងគូអាពាហ៍ពិពាហ៍ និងជំនួសឱ្យសេចក្តីសុខដែលស្រស់ថ្មីរបស់សេចក្តីស្នេហារហូតទៅ៕