មហាសេដ្ឋី2រូបដែលមានភាពលេចធ្លោជាងគេក្នុងពិភពលោក កំពុងតែប្រឹងប្រែងដណ្ដើមទីផ្សារឱសថអនឡាញដែលមានតម្លៃរាប់ពាន់លានដុល្លារនៅក្នុងប្រទេសឥណ្ឌា។
“សង្គ្រាម” ដណ្ដើមទីផ្សារឱសថអនឡាញនៅលើទឹកដីឥណ្ឌា កំពុងតែទទួលបានចំណាប់អារម្មណ៍ជាងពេលណាៗទាំងអស់ នៅពេលដែលក្រុមហ៊ុន Amazon របស់កំពូលមហាសេដ្ឋី Jeff Bezos និងក្រុមហ៊ុន Reliance Industries របស់មហាសេដ្ឋី Mukesh Ambani ដែលជាអ្នកមានជាងគេបង្អស់នៅអាស៊ី ចាប់ផ្ដើមចូលលេង “ល្បែងពាណិជ្ជកម្ម”។
ក្នុងគ្រាដែល COVID-19 នៅតែបន្តធ្វើឱ្យពលរដ្ឋឥណ្ឌាប្រមាណជា1.3ពាន់លាននាក់ត្រូវនៅក្នុងផ្ទះ តម្រូវការនៃការទិញទំនិញតាមអនឡាញចាប់ផ្ដើមកើនឡើងខ្ពស់។ ពេល Amazon បានចាប់ផ្ដើមដំណើរការផ្ដល់សេវាកម្មលក់និងប្រគល់ទំនិញជាឱសថនៅក្នុងតំបន់មួយចំនួននៃប្រទេសឥណ្ឌាកាលពីពាក់កណ្ដាលខែសីហា Reliance Industries ដែលជាក្រុមហ៊ុនធំជាងគេបង្អស់របស់ប្រទេសឥណ្ឌាក៏បានបង្កើតសេវាកម្មដូចគ្នានេះដែរ។ ក្រុម “អ្នកលេង” ទាំងនេះ ថ្មីនេះបានបង្កឱ្យមានការភ្ញាក់ផ្អើលជាខ្លាំងនៅក្នុងទីផ្សារឱសថនៅប្រទេសឥណ្ឌា ក៏ដូចជានៅក្នុងពិភពលោក។
បច្ចុប្បន្ន Amazon មានលក់ថ្នាំពេទ្យទៅតាមវេជ្ជបញ្ជា និងថ្នាំដែលមិនចាំបាច់មានវេជ្ជបញ្ជា នៅក្នុងតំបន់មួយចំនួនរបស់ប្រទេសឥណ្ឌា ក្នុងនោះមានដូចជា ទីក្រុង Bengaluru នៅភាគខាងត្បូងប្រទេស ដែលត្រូវបានគេចាត់ទុកថាជា “ជ្រលងភ្នំ Silicon” របស់ឥណ្ឌា។ អតិថិជនគ្រាន់តែចូលទៅកាន់គេហទំព័ររបស់ក្រុមហ៊ុន រួចធ្វើការបញ្ជាទិញដោយមានភ្ជាប់ជាមួយរូបថតវេជ្ជបញ្ជា និងជ្រើសរើសកូដបញ្ចុះតម្លៃ (បើមាន) ហើយចុចយល់ព្រមជាការស្រេច។
ក្នុងគ្រានោះដែរ Reliance Industries របស់លោក Mukesh ដែលផ្ដោតទៅលើការបង្កើត “អាណាចក្រ” ឌីជីថលនៅលើថ្នាលបច្ចេកវិទ្យារបស់ក្រុមហ៊ុនដែលបាននិងកំពុងរកស៊ីក្នុងវិស័យជាច្រើន រាប់ចាប់ពីថាមពល លក់រាយ រហូតដល់វិស័យទូរគមនាគមន៍ បានប្រកាសកាលពីថ្ងៃទី18សីហាថា ក្រុមហ៊ុននេះសម្រេចចូលប្រលូកក្នុងវិស័យលក់ឱសថតាមអនឡាញនេះដែរ ដោយការទិញយកស្ថាប័នគ្រប់គ្រង Netmeds.com។ នេះគឺជាស្ថាប័នដែលទទួលបានការគាំពារដោយក្រុមហ៊ុនផលិត និងលក់រាយឱសថដែលមានអាយុកាល100ឆ្នាំ នោះគឺក្រុមហ៊ុន Dadha Pharma។
Isha Ambani ដែលជាអគ្គនាយកក្រុមហ៊ុន Reliance Retail Ventures និងជាកូនស្រីរបស់មហាសេដ្ឋី Mukesh Ambani បានអះអាងថា The Netmeds នឹងពង្រីកសកម្មភាពទៅក្នុងពាណិជ្ជកម្មអនឡាញសម្រាប់ក្រុមហ៊ុនមេ Reliance Industries។
នៅចំពោះមុខគូប្រជែងនានាដែលមានអំណាចខ្លាំងក្លា បណ្ដាក្រុមហ៊ុនតូចៗដូចជា PharmEasy និង Medlife ជាដើម ត្រូវបង្ខំចិត្តស្វែងរកវិធីច្របាច់បញ្ចូលគ្នា។ ក្រុមហ៊ុនលក់រាយលើអនឡាញផ្សេងមួយទៀតក៏បានចូលរួម “ល្បែងពាណិជ្ជកម្ម” នេះដែរ រួមមានទាំង MedPlusMart និងបណ្ដាញមន្ទីរពេទ្យផងដែរ។
ទីផ្សារលក់រាយឱសថតាមអនឡាញរបស់ប្រទេសឥណ្ឌា ត្រូវបានព្យាករថានឹងកើនឡើងខ្ពស់ជាងមុន7ដង និងមានតម្លៃប្រមាណជា3.6ពាន់លានដុល្លារក្នុងឆ្នាំ2022 បើធៀបនឹង500លានដុល្លារកាលពីឆ្នាំ2018។ នេះបើតាម Frost & Sullivan។
វត្តមានរបស់ Amazon នៅក្នុងវិស័យលក់រាយឱសថតាមអនឡាញ គឺជាការប្រមាន និងជាការដាស់ស្មារតីរបស់ក្រុមហ៊ុនឱសថផ្សេងៗនាបច្ចុប្បន្ន។
ចំណែកសមាគមមួយដែលតំណាងឱ្យឱសថស្ថានលក់រាយ និងបោះដុំចំនួន850,000កន្លងនៅក្នុងប្រទេសឥណ្ឌាវិញ បានអះអាងថា ការពង្រីក “ទឹកដី” របស់ Amazon ទៅក្នុងវិស័យលក់ឱសថអនឡាញគឺជារឿងខុសច្បាប់ ព្រោះថា ក្រុមហ៊ុននេះមិនមានអាជ្ញាប័ណ្ណអាជីវកម្មលើឱសថនៅក្នុងប្រទេសនេះ។ សមាគមនេះក៏បានផ្ញើលិខិតតវ៉ាមួយទៅកាន់ Jeff Bezos ដែលជា CEO របស់ Amazon ផងដែរ ដើម្បីជំទាស់លើបញ្ហានេះ។
ខណៈនោះ មហាសេដ្ឋី Ambani របស់ប្រទេសឥណ្ឌា កំពុងតែស្វែងរកវិធីពង្រីកលទ្ធភាពរបស់ Reliance Industries ដើម្បីផ្គត់ផ្គង់ទីផ្សារអនឡាញរបស់ប្រទេសជាតិ រួមទាំងវិស័យលក់រាយឱសថផងដែរ។ សាខាឌីជីថល Jio Platform របស់ក្រុមហ៊ុន Reliance Industries កាលពីខែមិថុនាក៏ទទួលបានខ្ទង់វិនិយោគទំហំទឹកប្រាក់ 4.5ពាន់លានដុល្លារពី Google ដែលក្រុមហ៊ុននេះក៏ជាអ្នកវិនិយោគថ្មីបំផុតរបស់ Reliance Industries បន្ទាប់ពី Facebook, Intel និង Qualcomm៕
ប្រភព៖ SCMP