ខែទី 4
លក្ខណៈរបស់កូនតូច
មកដល់ខែទី 4 នេះ កូនជិតនឹងឆ្លងផុតឈ្មោះថា ទារក មែនទែនហើយ ព្រោះកូនតូចចាប់ផ្តើមលែងនៅស្ងៀមដូចមុនទៀតហើយ កូនកំពុងសប្បាយជាមួយការក្រឡាប់ខ្លួនដែលជាការហ្វឹកហាត់សាច់ដុំខ្នងឱ្យរឹងប៉ឹង ត្រៀមជាស្រេចក្នុងការនឹងចេះអង្គុយនៅក្នុងខែបន្តទៀត។ តាមរយៈពីពេលមុនដែលដល់ពេលផ្ងូតទឹកឱ្យកូនពេលណា អ្នកម្តាយនឹងញាប់ដៃញាប់ជើងប្រញាប់ងូតទឹកឱ្យកូនឱ្យហើយព្រោះតែសំឡេងស្រែកយំរបស់កូន តែមកដល់ខែនេះ ដល់ពេលផ្ងូតទឹកម្តងៗ អ្នកម្តាយតែងតែបានឮសំឡេងសើចសប្បាយវិញម្ដង ព្រោះកូនតូចចូលចិត្តលេងទះទឹកយ៉ាងសប្បាយរីករាយ និងក្មេងខ្លះថែមទាំងស្រែកយំទៀតផងនៅពេលត្រូវម្តាយលើកពីទឹកឡើង។ អ្នកម្តាយនឹងសង្កេតឃើញថា នៅលើខ្នើយកើយរបស់កូននឹងមានសរសៃសក់តូចៗរបស់កូនដាច់ជ្រុះនៅលើនោះ(បើមិនបានកោរសក់កំណើតចេញ) ព្រោះក្នុងអំឡុងពេលនេះ ជាអំឡុងពេលដែលសក់ថ្មីត្រូវដុះឡើង ដែលទាំងពណ៌ និងលក្ខណៈរបស់សរសៃសក់ដែលដុះឡើងថ្មីនេះនឹងមានលក្ខណៈជាពិសេសដោយឡែករបស់ក្មេងតែម្តង។
អាការដែលអាចកើតឡើង
– ទម្ងន់ខ្លួនមិនកើនឡើង
កាលពី 3 ខែកន្លងមក ពេលថ្លឹងទម្ងន់ខ្លួនកូនម្តងៗ អ្នកម្តាយតែងញញឹមពព្រាយគ្រប់ពេល ព្រោះទម្ងន់ខ្លួនកូនកើនឡើងល្អខ្លាំងណាស់ តែមកដល់ចុងខែទី 4 នេះ អ្នកម្តាយមួយចំនួនអាចកើតក្ដីវិតក្កកង្វល់ថា កូនមានកើតអីទេដឹង ហេតុអីបានជាទម្ងន់កើនឡើងតែបន្តិចដូច្នេះ?។ សម្រាប់បញ្ហានេះ អ្នកម្តាយត្រូវបែរទៅមើលថា កូនជាក្មេងពូកែបៅ ជាពិសេសក្មេងដែលបៅទឹកដោះម្ដាយ ចូរសង្កេតមើលថា បើកូននៅតែជុះ និងនោមធម្មតា លេងសប្បាយ និងគេងបានល្អជាងមុន ទោះជាទម្ងន់ខ្លួនកើនឡើងតែបន្តិចមែន តែកូននៅតែរឹងមាំនោះ អ្នកម្ដាយមិនបាច់បារម្ភ ឬភ័យព្រួយអ្វីឡើយ ព្រោះអ្នកម្ដាយអាចមើលនៅលើគំនូរក្រាហ្វិកបញ្ជាក់ពីទម្ងន់កូនថា តើស្ថិតក្នុងកម្រិតល្អដែរឬទេ? និងអ្នកម្តាយនៅមិនទាន់ចាំបាច់រកវីតាមីនមកញ៉ាំបំប៉នទេ។
– ស្រែកយំឡើងភ្លាមៗ
ការស្រែកយំចំពោះក្មេងតូចគឺជារឿងប្រក្រតី តែអាការស្រែកយំវ៉ាឡើងមួយចំនួនក៏អាចខុសប្រក្រតីបានដែរ ដូចជា ការស្រែកយំបែបខ្ទរខ្លាំងឡើងភ្លាមៗ និងរើបម្រះទៅមកយូរប្រហែលជា 5 នាទី រួចហើយក៏ស្ងាត់ទៅវិញពេលបានលេងរបស់លេង ឬក្រោយបៅទឹកដោះរួចប្រមាណជា 5 នាទីក៏ស្រែកយំឡើងទៀត ស្រែកយំបែបលើកជើងចំកោងឡើង ស្រែកយំបែបនេះ 2 – 3 ដងហើយក៏ក្អួតទឹកដោះចេញមក និងក្មេងខ្លះក្អួតទឹកដោះចេញមកហើយស្រែកយំទៀតនោះ អាការបែបនេះបញ្ជាក់ថា កូនអាចកើតអាការពោះវៀនព័ន្ធគ្នា ត្រូវប្រញាប់នាំទៅមន្ទីរពេទ្យជាបន្ទាន់ តែបើស្រែកយំ ក្អួត ហើយគេងលក់ មិនបានស្រែកយំជាដំណាក់ៗទេនោះ បញ្ជាក់ថា កូនមិនមានកើតជំងឺអ្វីប្លែកទេ។