ស្ពៃក្ដោប ឬឈ្មោះខាងវិទ្យាសាស្រ្ត Brassica oleracea L var. capitata L. ជាដំណាំបន្លែដែលដាំនៅក្នុងប្រទេសយើងបានល្អក្នុងអំឡុងរដូវរងា ឬតំបន់ត្រជាក់ ឬក្នុងអំឡុងខែវិច្ឆិកា ដល់ខែមករា។ ស្ពៃក្ដោបមានច្រើនប្រភេទណាស់ ដូចជា ស្ពៃក្ដោបពូជកូពេនហាក (ពណ៌ស ធំៗ) ស្ពៃក្ដោបពូជហ្គោលដេន ស្ពៃក្ដោបពណ៌ក្រហប ស្ពៃក្ដោបពណ៌ស្វាយ និងស្ពៃក្ដោបស្លឹករួញ ជាដើម។
ការដាក់ដាំ
– ការត្រៀមដី ៖ ភ្ជួរដាស់ដីជម្រៅប្រមាណជា 30 – 40 សង់ទីម៉ែត្រ រួចហាលដីទុកចោលពី 7 – 14 ថ្ងៃ ហើយរាស់បំបែកដីឱ្យបែកល្អិត រួចហើយបាចកំបោរស បន្ទាប់មកដាក់ជីលាមកគោ ឬជីធម្មជាតិផ្អាប់ក្នុងអត្រា 2,000 គីឡូលើផ្ទៃដីកន្លះហិកតា ដាក់ជី 15-15-15 ក្នុងអត្រា 30 គីឡូលើផ្ទៃដីកន្លះហិកតា ភ្ជួរត្រឡប់ដីឱ្យចូលគ្នាសព្វម្តងទៀត មុននឹងពង្រាបដីឱ្យស្មើវិញ រួចលើកជារងកម្ពស់ប្រមាណជា 30 សង់ទីម៉ែត្រ ទទឹង 1.20 ម៉ែត្រ និងបណ្ដោយតាមប្រវែងដី។
– វិធីដាំ ៖ ចាប់ផ្តើមពីការបណ្ដុះកូន ដោយក្រោយពីត្រៀមរងរួចហើយ ចូរព្រោះគ្រាប់ពូជស្ពៃក្ដោបឱ្យសព្វលើរង ឬអាចធ្វើជាចង្អូរជម្រៅប្រមាណជា 1 សង់ទីម៉ែត្រឆ្ងាយពីគ្នាក្នុងមួយជួរៗ 15 សង់ទីម៉ែត្រ រួចហើយរោយគ្រាប់ចូលទៅក្នុងចង្អូរ ហើយរោយលុបពីលើគ្រាប់ពូជដោយជីលាមកគោ ឬជីធម្មជាតិផ្អាប់ ឬក៏ដីម៉ដ្ឋកម្រាស់ប្រមាណ 0.5 – 1 សង់ទីម៉ែត្រ បន្ទាប់ពីនោះចូស្រោចទឹកឱ្យជោក ហើយគ្របពីលើដោយចំបើងស្ងួត ឬស្មៅស្ងួតក៏បាន។ ក្រោយពីកូនស្ពៃក្ដោបលាស់ចេញមកបាន 15 – 20 ថ្ងៃ ចូរជ្រើសរើសដកកូនស្ពៃក្ដោបណាដែលមិនសូវមាំទាំល្អចោល និងទុកចន្លោះពីមួយគុម្ពទៅមួយគុម្ព 10 សង់ទីម៉ែត្រ និងទុករហូតដល់មានអាយុគ្រប់ 25 – 30ថ្ងៃទើបដកយកទៅដាក់ដាំ។
ការដាំ ក្រោយពីត្រៀមរងទុកដាំតាមវិធីខាងលើហើយ ចូរចាប់ផ្តើមជីករន្ធដាក់ដាំចម្ងាយពីមួយទៅមួយ 50 – 70 សង់ទីម៉ែត្រនៅលើរង បន្ទាប់មកចូរយកកូនស្ពៃក្ដោបដែលមាំទាំល្អពីរងបណ្ដុះមកដាក់ដាំ។ ចំណុចសំខាន់ គឺខណៈពេលដក គួរឱ្យមានជាប់ដីខ្លះមកជាមួយ និងត្រូវប្រយ័ត្នកុំឱ្យដាច់ឫស ហើយប្រញាប់នាំយកទៅដាក់ដាំ ដោយត្រូវសង្កត់ដីជុំវិញគល់ឱ្យណែនភ្លាមៗ មុននឹងស្រោចទឹកឱ្យជោក។
វិធីមើលថែទាំ
– ការស្រោចទឹក គួរស្រោចទឹកឱ្យបានជាប់លាប់ ក្នុងមួយថ្ងៃ 1 – 2 ដង ក្នុងរយៈដំបូងៗចូរស្រោចទឹកដោយការបាញ់ជាដំណក់តូចៗក្នុងអំឡុងពេលព្រឹក និងល្ងាចរៀងរាល់ថ្ងៃ រហូតដល់ស្លឹកស្ពៃចាប់ផ្តើមក្ដោប ទើបត្រូវបន្ថយបរិមាណការស្រោចទឹកដើម្បីការពារមិនឱ្យស្ពៃក្ដោបប្រេះ។
– ការដាក់ជី ក្រោយពីដាក់ដាំបាន 15 ថ្ងៃ គួរដាក់ជីធម្មជាតិផ្អាប់ 1 ក្ដាប់ដៃក្នុង 1 គុម្ព ស្រោចទឹកលាយជាមួយទឹកជីធម្មជាតិឱ្យជោគដើម្បីឱ្យស្លឹកល្អ។ បន្ទាប់ពីដាំបាន 40 ថ្ងៃ(មុនស្លឹកស្ពៃចាប់ផ្តើមក្ដោប) គួរបន្ថែមជី 13-13-21 និងគួរបាញ់ជីដែលមានសារធាតុបូរ៉ន់ម្ដងម្កាលផង។
– ការការពារ និងកម្ចាត់សត្រូវដំណាំ ពេលមានស្មៅ ឬរុក្ខជាតិផ្សេងទៀតដុះឡើង ត្រូវតែកម្ចាត់ចោល ព្រោះរុក្ខជាតិផ្សេងទៀតទាំងអស់នោះវានឹងដណ្ដើមទឹក និងជីវជាតិអាហារពីដំណាំស្ពៃ និងបើសង្កេតឃើញមានសត្វដង្កូវចោះស៊ីស្លឹក ចូរប្រើស្លឹកស្ដៅ ឬគ្រាប់ផ្លែស្ដៅបុកល្អិត 1 គីឡូក្រាម មើមម្ដេងចាស់ 1 គីឡូក្រាម គល់ស្លឹកគ្រៃ 1 គីឡូក្រាម ចិញ្ច្រាំទាំងអស់ចូលគ្នា និងបុកឱ្យល្អិត ត្រាំក្នុងទឹក 20 លិត្រ និងផ្អាប់ទុក 1 យប់។ បន្ទាប់ពីនោះក៏ត្រងយកតែទឹកល្បាយនោះមកលាយជាមួយទឹកធម្មតាក្នុងអត្រាស្មើគ្នា រួចយកទៅបាញ់លើដំណាំនៅពេលល្ងាច រៀងរាល់ 3 ថ្ងៃម្ដង រហូតដល់សត្រូវដំណាំទាំងនោះស្លាប់បាត់អស់ទៅវិញ។
ការប្រមូលផល
អាយុការប្រមូលផលរបស់ដំណាំស្ពៃក្ដោបនេះអាស្រ័យលើលក្ខណៈ និងពូជរបស់វានីមួយៗ ដូចជា ពូជស្រាលអាចប្រមូលផលបាននៅពេលអាយុប្រមាណ 50 – 60ថ្ងៃ ចំណែកពូជធ្ងន់វិញនឹងហុចផលឱ្យអាចប្រមូលបាននៅពេលដែលវាមានអាយុប្រមាណជា 120ថ្ងៃ និងកសិករអាចធ្វើការប្រមូលផលបានដោយការប្រើកាំបិតមុតកាត់ត្រង់គល់ខាងក្រោម ដែលនៅពេលនោះស្ពៃក្ដោបនឹងមានទម្ងន់ចាប់ពី 1/2 ទៅ 1គីឡូក្រាមឡើងក្នុងមួយគុម្ពៗ៕