ពេលនេះកូនរបស់អ្នកអាយុប៉ុន្មានហើយ? ធំល្មមនឹងចេះសម្អាតផ្ទះ ឬប្រមែប្រមូលរបស់លេងរបស់ខ្លួនឯងឱ្យមានរបៀបរៀបរយហើយឬនៅ?។ ជាប្រក្រតី យើងនឹងត្រូវបង្ហាត់បង្រៀនកូនឱ្យចេះប្រមូលទុកដាក់របស់លេង ឬរបស់ផស់ខ្លួនឯងនៅពេលដែលគេមានអាយុប្រមាណ 18 ខែឡើងទៅ ព្រោះក្មេងក្នុងវ័យនេះងាយស្ដាប់បង្គាប់ និងយល់ពីពាក្យបញ្ជាបានហើយ។ បើយើងឆាប់ចាប់ផ្ដើមបង្រៀនកូន កូននឹងស៊ាំធ្លាប់នឹងការប្រមូលទុកដាក់របស់របរ តែបើចាប់ផ្ដើមបង្ហាត់បង្រៀនកូនពេលគេធំហើយ វានឹងក្លាយជាបញ្ជាដែលកូនមិនចង់ធ្វើតាម នៅពេលនោះតើអ្នកចង់ដឹងទេថា ពេលអ្នកបញ្ជាឱ្យកូនបោសសម្អាត ឬប្រមូលទុកដាក់របស់លេង តើអ្នកនឹងបានជួបនឹងទង្វើ ឬចម្លើយបែបណាខ្លះ?
1 . ការតវ៉ា ៈ “កូនសុំប្រមូលរបស់លេង ក្រោយពេលញ៉ាំបាយល្ងាចហើយបានទេ? ពេលនេះកូនហត់ខ្លាំងណាស់” នេះគឺការតវ៉ា ហើយចុងក្រោយ គឺអត់ប្រមូលទុក។
2 . រង់ចាំមួយភ្លែតសិន ៈ “ចាំឱ្យកូនធ្វើត្រង់នេះឱ្យរួចសិន ចាំឱ្យកូនបាត់ហត់បន្តិចសិន ចាំបន្តិចកូននឹងត្រឡប់ទៅលេងទៀតហើយ”។
3 . ធ្វើព្រងើយ ៈ អត់ប្រមូល អត់ធ្វើ អត់បដិសេធ ធ្វើកិច្ចការងារផ្សេងតទៀតយ៉ាងព្រងើយ ទីបំផុតអ្នកម្តាយធុញរំខាន ខ្ជឹលចាំ ក៏ប្រមូលទុកដាក់ខ្លួនឯងទៅ។
4 . បន្តិចទៀតប្រមូល ៈ ទីបំផុតក៏អត់ប្រមូលទុក ងងុយគេង ឡើងទៅបន្ទប់គេងបាត់ហើយចា៎ស។
5 . កំពុងតែលេង ៈ បើកូនកំពុងតែលេងរបស់លេងច្រើនមុខ កុំអាលឱ្យកូនប្រមូលទុកដាក់អី ព្រោះកូនច្បាស់ជាមិនព្រមប្រមូទុកដាក់របស់លេងទាំងនោះជាដាច់ខាត ព្រោះគេនឹងមានអារម្មណ៍ថា កំពុងត្រូវបង្អាក់ការលេងសប្បាយរបស់គេ។
6 . អត់! ៈ (ភាគច្រើនជាក្មេងដែលមានអាយុប្រមាណជា 2 ឆ្នាំដែលចូលចិត្តនិយាយពាក្យនេះ) អ្នកម្ដាយនឹងជួបចម្លើយបដិសេធភ្លាមតែម្ដង តែនេះគឺជាវិវឌ្ឍនាការរបស់ក្មេងក្នុងវ័យនេះ។
7 . សុំលេងឱ្យអស់ចិត្តសិន ហើយនឹងប្រមូលទុក ៈ សន្យាថា នឹងប្រមូលទុកដាក់ឱ្យស្អាតបាតក្រោយលេងរួច ឬប្រើការរួច តែចុងក្រោយក៏មិនបានធ្វើ…។
8 . ច្រើនតែសុំដូរដោះដោយអ្វីម្យ៉ាង ៈ ដូចជា បើប្រមូលរបស់លេងទុក សុំដូរជាមួយអៃស្រ្គីម ឬបានអង្គុយមើលរឿងតុក្កតា។ បើជារឿងទាំងអស់ហ្នឹង អ្នកម្ដាយក៏គួរតែឱ្យបាន។ អាចរាប់បានថា ជាលក្ខខណ្ឌដូរដោះ ដែលកូននឹងបានរៀនយល់ដឹងថា គ្មានអ្វីមួយដែលនឹងបានមកដោយស្រួលទេ។
បើអ្នកម្ដាយចង់ឱ្យកូនចេះប្រមូលរៀបចំទុកដាក់របស់លេង ឬរបស់ប្រើប្រាស់ផ្សេងៗរបស់ខ្លួនឯងឱ្យមានរបៀប មានភាពទទួលខុសត្រូវ មិនចាំបាច់ប្រាប់នោះ អ្នកម្ដាយត្រូវបង្ហាត់បង្រៀនឱ្យកូនចេះធ្វើតាំងពីនៅតូចៗ ព្រោះពេលនៅតូច កូននឹងមិនតវ៉ា ឬតតាំងឡើយ តែដល់ធំឡើងបន្តិច សឹមចាប់ផ្ដើមដាក់លក្ខខណ្ឌជាមួយរឿងនេះ ដូចជាមានរង្វាន់ឱ្យជាដើម ដើម្បីកូននឹងបានស៊ាំធ្លាប់ ហើយនឹងធ្វើដោយខ្លួនឯងដោយមិនបាច់ត្រូវប្រាប់តទៅទៀតឡើយ៕